កសិករ​ក្នុង​ក្រុងកែប ​ចាប់យក​របរ​ដាំ​អំពៅ ​ព្រោះ​បាន​ប្រាក់ ចំណូល​ច្រើន​

962
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ ដោយសារ​ទទួល​ប្រាក់ចំណូល​ច្រើន​ទ្វេដង​បើ​ប្រៀបធៀប​នឹង​ការដាំ​បន្លែ​ឬ​ធ្វើ​ស្រូវ​ប្រចាំឆ្នាំ​ បាន​ជំរុញ​ដល់​កសិករ​ភាគច្រើន​ស្ថិតក្នុង​សង្កាត់​អូរ​ក្រសារ ​ក្រុងកែប​ កែប្រែ​ដី​របស់ខ្លួន​មក​ប្រកបមុខរបរ​ដាំ​អំពៅ​ទឹកឃ្មុំ​វិញ​ដើម្បីឱ្យ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរឡើង​។​

​លោក​ខាន់​ វន ​កសិករ​រស់នៅ​ភូមិ​ដំណាក់​ចំបក់​ សង្កាត់​អូរ​ក្រសារ​ក្រុងកែប​ខេត្ត​កែប​ បានឱ្យដឹងថា​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​លោក​បាន​ជ្រើស​យក​ការដាំ​អំពៅ​ជំនួស​ឱ្យ​របរ​ធ្វើស្រែ​ដែល​ធ្លាប់​ប្រតិបត្តិ​តាម​ដូនតា​ជាច្រើន​តំណ​រៀងមក​។​ជាធម្មតា​អំពៅ​មាន​ច្រើន​ប្រភេទ​ តែ​លោក​ដាំ​តែ​អំពៅ​ទឹកឃ្មុំ​ប៉ុណ្ណោះ​។​ព្រោះ​មាន​ភាពល្អប្រសើរ​ច្រើនយ៉ាង ដូចជា​ងាយស្រួល​កៀប​យក​ទឹក សម្បក​ស្តើង ពិសេស​រសជាតិ​ផ្អែម​ជាងគេ​។

​ពាក់ព័ន្ធ​ការដាំដុះ​អំពៅ​ទឹកឃ្មុំ​ កសិករ​ដដែល​នេះ​បាន​រៀបរាប់​បន្តថា​ នៅ​ខែប្រាំង​មានការ​លំបាក​ខ្លះ​ដែរ​ដោយ​ត្រូវ​បូមទឹក​ស្រោច​ក្នុង​មួយ​សប្តាហ៍​ម្តង​ ហើយ​ដាក់​ជី​បី​ដង​ពី​ចាប់ផ្តើម​ដាំ​រហូត​បាន​កាប់​។​អំពៅ​ទឹកឃ្មុំ​នឹង​ផ្តល់​ផល​ក្នុង​រវាង​ពី​ប្រាំបី​ខែ​ទៅ​១០​ខែ​។​បើ​ត្រឹម​អាយុ​ប្រាំពីរ​ខែ​ក៏​អាច​កាប់​បានដែរ​។​ប៉ុន្តែ​នៅ​ខ្ចី​ ហើយ​មិនទាន់​ផ្អែម​ល្អ​ដល់​កម្រិត​។​

​កសិករ​ខាន់​វន​បានបញ្ជាក់​ថា​ អំពៅ​ទឹកឃ្មុំ​ដែល​ដាំ​បាន​គឺមាន​ឈ្មួញ​ចុះមក​ទិញ​ដល់​ចម្ការ​ដោយ​ម៉ៅ​តាម​ទំហំ​ចម្ការ​តូច​ឬ​ធំ​។​ដើម្បី​រក្សា​តម្លៃ​ឱ្យនៅ​នឹង​ឬ​កើនឡើង​គឺ​តម្រូវឱ្យ​ម្ចាស់​យកចិត្តទុកដាក់​ថែទាំ​យ៉ាង​ដិតដល់​បំផុត​គិត​តាំងពី​ការ​កាត់​ស្មៅ​ដាក់​ជីកា​ត់​ជម្រុះ​ស្លឹក​ចាស់​ ការ​ស្រោច​ទឹក​ពេល​ខែ​មិនមាន​ភ្លៀង​ធ្លាក់​ជាដើម​។

​ចំណែក​អ្នកស្រី​ឆាន់ ម៉ាប់ កសិករ​រស់នៅ​ក្នុងភូមិ​ជាមួយគ្នានេះដែរ​បាន​រៀបរាប់ថា​អ្នកស្រី​បាន និង​កំពុង​ដាំ​អំពៅ​ទឹកឃ្មុំ​លើដី​ទំហំ​មួយ​ហិកតា​កន្លះ​ដោយ​ទទួល​ប្រាក់ចំណូល​ពី​៦.០០០​ដុល្លារ​ទៅ​៧.០០០​ដុល្លារ​ក្នុង​មួយ​រដូវៗ​។​កាលពី​អ្នកស្រី​នៅ​ធ្វើ​ស្រូវ​និង​ដាំ​ដំណាំ​បន្លែ​ផ្សេងៗ​ប្រាក់កម្រៃ​សម្រាប់​គ្រួសារ​បានត្រឹមតែ​ទប់ទល់​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​។​

ក្រោយពី​ឈប់​ដាំ​បន្លែ​ ហើយ​ចាប់យក​ដំណាំ​អំពៅ​ទឹកឃ្មុំ​នេះ​វិញ​ធ្វើឱ្យ​គ្រួសារ​អ្នកស្រី​បាន​ចម្រុងចម្រើន​ជីវភាព​ធូរធារ​ជាង​មុន​។​បើ​ប្រៀបធៀប​នឹង​ការធ្វើ​ស្រែ ​របរ​ដាំ​អំពៅ​បានទទួល​ប្រាក់ចំណូល​កើនឡើង​មួយ​គុណ​នឹង​បួន​ឯណោះ​។

​លោក​គួ​យ​ ចេង​គង់​ ចៅសង្កាត់​អូរ​ក្រ​សារបាន​បញ្ជាក់ថា ​ក្រោយ​ទទួលបាន​ផ្លូវ​ល្អ​និង​ការស្តារ​ប្រឡាយ​មួយ​ខ្សែ​ភ្ជាប់​ទឹក​ពី​ទំនប់​ប្រទាក់ក្រឡា​របស់​ក្រុមការងារ​លោក​ចម​ប្រសិទ្ធ​ កាលពី​ប្រាំពីរ​ឆ្នាំមុន​ក​សិ​ករ​សង្កាត់​អូរ​ក្រសារ​ពិសេស​អ្នកភូមិ​ដំណាក់​ចំបក់​ភាគច្រើន​បាន​ប្តូរ​ពី​ការធ្វើ​ស្រូវ​មក​ដាំ​អំពៅ​វិញ​។​តាម​ការពិនិត្យ​ជាក់ស្តែង​ប្រជាពលរដ្ឋ​បាន​ប្រែ​មុខមាត់​ថ្មី​គឺ​ជីវភាព​ធូរធារ​ជាង​មុខ​ស្ទើរ​ស្មាន​មិន​ដល់​៕S/​Ha