លោក​បណ្ឌិត គុណ ញឹម ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៨

784
ចែករម្លែក

ដោយ​: ស៊ា​ថាំង​
​ភ្នំពេញ​:
អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹងថា លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៨ ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទី​វៀងចន្ទន៍ ប្រទេស​ឡាវ ដែលមាន​ការចូលរួម​ពី​គណៈប្រតិភូ​គយ នៃ​ប្រទេស​អាស៊ាន និង​មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន​។​

​លោកស្រី Thipphakone Chanthavongsa អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ឡាវ អ្នកដឹកនាំ​កិច្ចប្រជុំ​នេះ បាន​ថ្លែងថា ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​កាលពី​ឆ្នាំ​២០១៨ បានប្រែក្លាយ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ជាទី​ផ្សារ និង​មណ្ឌល​ផលិតកម្ម​តែមួយ ដែល​បាន​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​កាត់បន្ថយ​ហ​និ​ភ័យ​ពី​តំបន់​ខាងក្រៅ ហើយ​កិច្ចប្រជុំ​នេះ គឺជា​វេទិការ​មួយ​សម្រាប់​តាមដាន​វឌ្ឍនភាព នៃ​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​នានា ក្រោម​ការទទួលខុសត្រូវ​រ បស់​រដ្ឋបាល​គយ​អាស៊ាន ក្នុង​គោលបំណង បង្កើន​តម្លាភាព និង​ភាព​អាច​ទាយ​ទុកជាមុន​បាន​នៃ​ការអនុវត្ត​នីតិវិធី​គយ និង​សំដៅ​បង្កើន​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​កាត់បន្ថយ​តម្លៃ ធុរកិច្ច​ក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។​

​ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៨​នេះ បានសម្រេច​លើ​ការងារ​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ១)​កត់សម្គាល់​ការចូល​ជា​ធរមាន​ពិធីសារ​ទី​៧ និង​ជម្រុញ​ដល់​ប្រទេស​សមាជិក​អាស៊ាន​ព​ន្លឿ​ន​ការផ្តល់​សច្ចាប័ន​លើ​ពិធីសារ​ទី​២ នៃ​ក្របខណ្ឌ​កិច្ចព្រមព្រៀង​ស្តីពី​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ ២)​បង្កើត​អនុ​ក្រុមការងារ​សិក្សា​ពី​ការកសាង​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការទទួលស្គាល់​កម្មវិធី​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​មានការ​អនុញ្ញាត​ទៅវិញទៅមក ៣)​លើកទឹកចិត្ត​ដល់​រដ្ឋបាល​គយ​ប្រទេស​អាស៊ាន​ទាំងអស់ ឲ្យ​បន្ត​សហការ​ជាមួយ​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការកសាង​តារាង​ពន្ធគយ​អាស៊ាន ២០២២, ៤)​ស្វាគមន៍​ចំពោះ​វ​ឌ្ឍ​ភាពល្អ នៃ​ការជំរុញ​ការអនុវត្ត​ច្បាប់​ដោយ​រដ្ឋបាល​គយ​ប្រទេស​អាស៊ាន និង​បាន​គួសបញ្ជាក់​នូវ​សារៈសំខាន់ នៃ​កិច្ចសហប្រតិបត្តិការ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ថ្មីៗ ៥)​ឯកភាព​ឲ្យ​ក្រុមការងារ​គយ​អាស៊ាន ចាប់ផ្តើម​រៀបចំ​កសាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន​គយ​ឆ្នាំ​២០២១-២០២៥, ៦)​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព​ការកសាង​ប្រព័ន្ធ​បញ្ជរ​តែមួយ​អាស៊ាន និង​បាន​ជំរុញ​គ្រប់​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ឲ្យ​អនុវត្ត​ការផ្លាស់ប្តូរ​វិញ្ញ​បន​ប​ត្រ​ប្រភព​ទំនិញ​ក្នុង​ទម្រង់​អេ​ឡិ​ក​ត្រូ​និក ឲ្យ​បានសម្រេច​ត្រឹម​ដំណាច់ឆ្នាំ​២០១៩​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​លោក​បណ្ឌិត គុណ ញឹម បានលើកឡើង​អំពី​ក្រុមការងារ​គយ​អាស៊ាន ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម និង​លើក​ជា​សកម្មភាព​ការងារ ដើម្បី​ឆ្លើយតប​នឹង​លើ​បញ្ហា​ប្រឈម​ថ្មីៗ ដូចជា​ការកើនឡើង​អំពើ​រត់ពន្ធ​គ្រឿងញៀន​និង​សត្វព្រៃ​ខុសច្បាប់ ការរត់ពន្ធ​កាកសំណល់​ផ្លា​ស្ទិ​ក​ពី​បណ្តា​ប្រទេស​អ​ភី​វឌ្ឍន៍​មក​ក្នុង​អាស៊ាន និង​ការ​គម្រាមកំហែង​ភេរវកម្ម​ថ្មីៗ​នៅក្នុង​តំបន់​ជាដើម ។ ជាមួយគ្នានេះដែរ នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋបាល​គយ​ជប៉ុន​លោក​បណ្ឌិត គុណ ញឹម បាន​ថ្លែងអំណរគុណ​ប្រទេស​ជប៉ុន​ដែល​បាន​ផ្ថ​ល់​ជំនួយ​បច្ចេកទេស​លើ​ការកសាង​សមត្ថភាព​មន្ត្រី​គយ​ទាំង​ក្នុង​ក្របខណ្ឌ​អាស៊ាន និង​ទ្វេភាគី ព្រមទាំង​បានស្នើ​ដល់​រដ្ឋបាល​គយ​នៃ​ប្រទេស​ជប៉ុន​ឲ្យ​បន្ត​ផ្តល់ជំនួយ​បច្ចេកទេស​បន្ថែមទៀតរ​ដល់​រដ្ឋបាល​គយ​នៃ​ប្រទេស​សមាជិក​អាស៊ាន ។​

​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៨ ក៏បាន​ប្រជុំ​ពិគ្រោះ​យោបល់​ដោយឡែក​ពីគ្នា​ជាមួយ គណៈប្រតិភូ រដ្ឋបាល គយ​អូស្ត្រាលី​, ចិន​, ជប៉ុន កូរ៉េ និង​អង្គការ​គយ​ពិភពលោក ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធ នឺង ការងារ​គយ និង បាន ពិគ្រោះ យោបល់ ជាមួយ​តំណាង​វិស័យ​ឯកជន​សំខាន់ៗ​ចំនួន​ពីរ​រួមមាន ១)​ក្រុមប្រឹក្សា ធុរកិច្ច អាស៊ាន​-​អឺរ៉ុប និង​២) ក្រុមប្រឹក្សា ធុរកិច្ច អាស៊ាន​-​អាមេរិក ក្នុង គោលបំណង ពង្រឹង ទំនាក់ទំនង និង កិច្ច សហការ​រវាង​រដ្ឋបាល​គយ​និង​វិស័យ​ឯកជន ដើម្បី លើក កម្ពស់ កិច្ច សម្រួល ពាណិជ្ជកម្ម​។​

​ក្នុង​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៨​នេះ គណៈប្រតិភូ​គយ​កម្ពុជា​បាន ប្រជុំ ទ្វេភាគី​ជាមួយ​អង្គការ គយ ពិភពលោក​ដឹកនាំ​ដោយ​លោក​អគ្គលេខាធិការរង Ricardo TREVINO ដើម្បី បន្ត ពង្រឹង កិច្ច សហប្រតិបត្តិ ការ​គយ​រវាង អគរ និង​អង្គការ​គយ​ពិភពលោក​, និង ក្រុមប្រឹក្សា​ធុរកិច្ច អាស៊ាន​-​អឺរ៉ុប ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​វឌ្ឍនភាព​ថ្មីៗ​នៃ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​សំដៅ​គាំទ្រ និង​លើកស្ទួយ​វិស័យ​ឯកជន ព្រមទាំង​ជម្រាប​ជួន​វិស័យ​ឯកជន​អំពី​លទ្ធផល​នៃ​ការ​អនុ​វ​ត្ក​ម្ម​វិធី​កែទម្រង់​និង​ទំនើបកម្ម​គយ​ផងដែរ​៕ ល​