លើក​នេះ សារឿន ចាន់ សន្លប់​ទឹក​ទី​១ ដោយសារ​កែង ខ្លា​ចាស់​ថៃ រ៉េ ដា​

817
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា សារឿន ចាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ដែល​ប្រកាស​សងសឹក ជាមួយ​អ្នក​ប្រដាល់ វ័យ​ចំណាស់​ថៃ រ៉េ ដា (Re Da) នោះ បែរជា​ត្រូវ​អ្នក​ប្រដាល់​ថៃ រូបនេះ ប្រើពេល​ដ៏​ខ្លី​បំផុត ដើម្បី​បញ្ចប់​សកម្មភាព អ្នក​ប្រដាល់​កម្ពុជា ។​

​ជំនួប​សងសឹក​នេះ បានធ្វើ​ឡើងលើ​សង្វៀន TV5 នា​យប់​ថ្ងៃទី​១៥ មិថុនា ។ តាមពិត មួយជីវិត​របស់ សារឿន ចាន់ ពុំ​ធ្លាប់​ឈ្នះ អ្នក​ប្រដាល់​ថៃ រូបនេះ​ឡើយ គ្រាន់តែ​ការប្រកួត កន្លងមក សារឿន ចាន់​ចាញ់ ដោយ​ពិន្ទុ ពិសេស​ការប្រកួត ភាគច្រើន គេ​ចាញ់​នៅក្នុង​ទឹក​ទី​៣ ឬ ទឹក​ទី​៤ ។​

សកម្មភាព​លើស​ង្វៀន TV5

​ការប្រកួត​លើក​នេះ សារឿន ចាន់ ប្ដូរ​យុទ្ធសាស្ត្រ​វ៉ៃ តាម​ការ​ផ្ដល់យោបល់ របស់​គ្រូ និង​អ្នក​ឲ្យ​ទឹក​របស់គេ ។ ជាមួយនឹង​ការប្ដូរ​យុទ្ធសាស្ដ្រ​វ៉ៃ​នេះ រ៉េ ដា ក៏​ប្ដូរ​របៀប​វ៉ៃ​ដែរ ដោយ​គេ​ចាប់ផ្ដើម បញ្ចេញ​កែង និង ជង្គង់ តាំងពីដើម​ទឹក​ទី​១ ទៅ​តែម្ដង ។ ទីបំផុត កែង​របស់ រ៉េ ដា បានធ្វើ​ឲ្យ សារឿន ចាន់ ដួលសន្លប់ មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​១ តែម្ដង ។ ការដួលសន្លប់​នេះ ធ្វើ​ឲ្យ​គេ​មើលឃើញ​ជាទូទៅ​ថា សារឿន ចាន់ លែង​សក្តិសម ជា​គូប្រកួត​របស់ រ៉េ ដា​ទៀតហើយ​។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ បានធ្វើ​ឲ្យ​មន្ត្រី​ផ្គូរ​ផ្គង និង​អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់ របស់ TV5 ខកចិត្ត​យ៉ាងខ្លាំង ដោយ​គូ​ពិសេសៗ សុទ្ធតែ​សន្លប់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១ ។​

សកម្មភាព​លើស​ង្វៀន TV5

​ខាំ កូន​ខ្លា របស់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក គេ​ប្រើពេល​មិន​ដល់​មួយ​ទឹក​ផង​នោះ បាន​ផ្ដួល​អ្នក​ប្រដាល់ ឡុង សុខ​លីម ឲ្យ​សន្លប់ ក្រោក​លែងរួច ។ ពួកគេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មែន តែ​គ្រូបង្វឹក​របស់​ពួកគេ សុទ្ធតែ​អះអាងថា ខ្លាំង ធានា​វ៉ៃ បាន ៥ ទឹក តែ​ទីបំផុត សូម្បីតែ​ទឹក​ទី​១ ឆ្លង​មិន​ទាំង​ផុត​ផង​នោះ ។​

​ធី​ម ទាន់ មកពី​ក្លិប​ខេត្ត​រតនគីរី បាន​ប្រើ​កណ្ដាប់ដៃ ផ្ដួល​អ្នក​ប្រដាល់ ពុទ្ធ សែន​សូ​យ ក្លិប​ពុទ្ធ​សេរី​វង្ស ឲ្យ​ដួលសន្លប់ មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​១​ដែរ ។ លីន ចន្ទី ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ បាន​ទាត់​អ្នក​ប្រដាល់​ជើង​ខ្លាំង ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ឲ្យ​ដួល​មិនអាច​ក្រោកឈរ​ប្រកួត​បាន តទៅទៀត នៅ​ទឹក​ទី​១ ដូចគ្នា​៕v