​រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​សេចក្តីព្រាងច្បាប់​៤​ទៀត​

1066
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​២​នីតិកាល​ទី​៦​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​របៀបវារៈ​ចំនួន​៦​។

​ក្នុងចំណោម​របៀបវារៈ​ទាំង​៦​នោះ​មានការ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​។ សេចក្តីព្រាងច្បាប់​នេះ មាន​សារៈសំខាន់​ក្នុងការ ចាត់ចែង គ្រប់គ្រង ប្រើប្រាស់​ធនធាន​ប្រេងកាត​របស់​កម្ពុជា​មក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​។​

​តាម​សេចក្តីថ្លែងហេតុ​របស់​រា​ជ​រដ្ឋាភិបាល​បានឱ្យដឹងថា​រាជរដ្ឋាភិបាល​បាន​តាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត​តាំងពី​ឆ្នាំ​១៩៩៦​ដោយមាន​ការចូលរួម​គាំទ្រ​ពី​ស្ថាប័ន​អន្តរជាតិ​និង​ជាតិ​។​

ពិសេស​អ្នកជំនាញ​ច្បាប់​អន្តរជាតិ​និង​ជាតិ​ហើយ​បាន​ឆ្លងកាត់​ការពិនិត្យ​កែសម្រួល​ជាច្រើន​ដំណាក់កាល​ដើម្បីឱ្យ​សេចក្តីព្រាងច្បាប់​នេះ​មាន​ប្រសិទ្ធភាព​។​តម្លាភាព​និង​គណនេយ្យភាព​ទាក់ទាញ​និង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគទុន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្តរភាព​និង​ប្រសិទ្ធភាព​។​

​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​និង​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រទេសជាតិ​ស្របពេល​ដែល​ការ​ស្វែង​រុករក​និង​ការអភិវឌ្ឍ​ធនធាន​ប្រេងកាត​ទាំង​ដែន​គោក​និង​ដែនសមុទ្រ​កំពុង​ដំណើរ​ទៅមុខ​ដែល​ក្នុងនោះ​ប្លុក​ប្រេងកាត​មួយ​នៅ​ដែនសមុទ្រ​កំពុង​ឈានទៅរក​ការផលិត​ធនធាន​ប្រេងកាត​លើកទីមួយ ក្នុង​ប្រវត្តិសាស្ត្រ​របស់ កម្ពុជា​នាពេលខាងមុខ​នេះ​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត មាន​៩​ជំពូក និង​៧២​មាត្រា ត្រូវបាន​កែសម្រួល​បន្ថែម​ដោយ​បញ្ចូល​បរិបទ​ថ្មីៗ​មួយចំនួន​ផ្អែកលើ​បទពិសោធន៍​នៃ​បណ្តា​ប្រទេស​ផ្សេងៗ ដូចជា​ប្រទេស​ន័​រ​វ៉េ​ស អូស្ត្រាលី ជប៉ុន ឥណ្ឌូណេស៊ី ថៃ វៀតណាម ទី​ម័​រ​ខាងកើត ម៉ាឡេស៊ី និង​ប្រ៊ុយណេ​ជាដើម​។​បន្ទាប់ពី​បាន​ពិភាក្សា​តាម​នីតិវិធី​អង្គសភា​បានអនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​ទាំងមូល​ចំនួន​១០៨​សំឡេង​។​

​សូមជម្រាបថា​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សិក្សា​ស្រាវជ្រាវ​លើ​ធនធាន​ប្រេងកាត​តាំងពី​អំឡុង​ទសវត្សរ៍​ទី​៦០​មកម្ល៉េះ​។​ប៉ុន្តែ​ដោយសារ​ប្រទេសជាតិ​ឆ្លងកាត់​សង្គ្រាម​ជា​បន្តបន្ទាប់​ការរុករក​និង​សិក្សា​ស្រាវជ្រាវ​ពី​ធនធាន​ដ៏​មានតម្លៃ​នេះ​បាន​អាក់ខាន​ទៅវិញ​។​

​មកដល់​ឆ្នាំ​១៩៨៧​សកម្មភាព​ស្វែង​រុករក​ធនធាន​ប្រេងកាត​ត្រូវបាន​ចាប់ផ្តើម​ឡើងវិញ​ហើយ​ចាប់​តាំងពីដើម​ទសវត្សរ៍​ទី​៩០​សកម្មភាព​ស្វែង​រុករក​ធនធាន​ប្រេងកាត​ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់​ដោយ​ក្រុមហ៊ុន​អន្តរជាតិ​នានា​​។

ក្នុងនោះ​ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន​បានប្រកាស​រកឃើញ​ធនធាន​ប្រេង​មាន​លក្ខណៈ​ពាណិជ្ជកម្ម​នៅក្នុង​ប្លុក​អេ​ដែនសមុទ្រ​កម្ពុជា​នៅ​ឆ្នាំ​២០១០​។​បច្ចុប្បន្ន​ប្លុក​ប្រេងកាត​នេះ​គ្រប់គ្រង​នឹង​ឈានដល់​ការធ្វើ​ផលិតកម្ម​ដោយ​ក្រុមហ៊ុន​គ្រី​ស​អេ​នី​ជី នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ដឹក​ជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា​ជា​អ្នកអាន​របាយ ការណ៍​ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ជូន​អង្គសភា​។​លោក​ស៊ុយ​សែម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង ថាមពល និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។​

​លោក​ស៊ុយ​សែម​រដ្ឋមន្ដ្រីក្រសួង​រ៉ែ​និង​ថាមពល​ធ្លាប់បាន​លើកឡើងថា​កម្ពុ​ជាមាន​ប្លុក​ប្រេងកាត​ដែល​អាច​បូម​បាន​ចំនួន​២៥​កន្លែង​នៅក្នុង​ដែនសមុទ្រ​និង​ដែន​គោក​ខណៈ​មានការ​អះអាងថា​ដំណក់​ប្រេង​ដំបូង​អាច​ទាញយក​មកប្រើប្រាស់​នៅ​ចុងឆ្នាំ​២០១៩​នេះ​។​

​ចំពោះ​របៀបវារៈ​ផ្សេងទៀត​គឺ​អង្គសភា​បានប្រកាស​ទទួលស្គាល់​សុពលភាព​នៃ​អាណត្តិ​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦​របស់លោក​សុខ​ផេង​ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្តព្រៃវែង​ជំនួស​លោក​ពៅ​សាមី​ដែល​ទទួលមរណភាព​។​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ស្តីពី​ការជំរុញ​និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។​

​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត​ស្តីពី​ការជំរុញ​និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តីពី ការជំរុញ និង​ការការពារ​ទៅវិញទៅមក នៃ​វិនិយោគ​។​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឬ​ស្សី និង​ផ្តៅ​៕S/

​ចំណងជើង​រូបថត​៖​រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​សេចក្តីព្រាងច្បាប់​៤​ទៀត​ទាក់ទង​នឹង​វិនិយោគទុន និង​បរិស្ថាន​(​រូប