ម៉ូតូ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​បាន​ចែកជូន​ដល់​នគរបាល​ការពារ​ព្រំដែន​

687
ចែករម្លែក

ដោយ​បាយ័ន​/​ពោធិសាត់ៈ ម៉ូតូ​ថ្មី​សន្លាង​ចំនួន​៥​គ្រឿង ដែលជា​អំណោយ​របស់​នាយ​ឧ​ត្ត​ម​សេនី​យ៏ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនី​យ៏ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​មេបញ្ជាការ​នគរបាល​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ ដឹកនាំ​យកទៅ​ចែក​ដោយផ្ទាល់ នៅ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២​។​

​ពិធី​ប្រគល់​ម៉ូតូ​ចំនួន​៥​គ្រឿង​នេះ​ធ្វើឡើង​នៅ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​៨២៥​ឈរ​ជៀង​នៅ​ចំណុច​ថ្មដា ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិសាត់ នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​ក្នុងឱកាស​ជួប​ប្រាស្រ័យ​ដោយផ្ទាល់​នោះ​នាយ​ឧ​ត្ត​ម​សេនី​យ៏​ខេង​សុមេធ​តំណាង​នាយ​ឧ​ត្ត​ម​សេនី​យ៏​នេ​ត​សាវឿន​បាន​នាំមក​នៅ​បណ្តាំ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​សម្តេច​ក្រឡាហោម​សខេង​និង​នាយ​ឧ​ត្ត​ម​សេនី​យ៏​នេ​ត​សាវឿន​ជូន​ដល់​កងកម្លាំង តាម​ប៉ុស្តិ៍​វរៈ​ទាំងអស់​។​

​នាយ​ឧ​ត្ត​ម​សេនី​យ៏ ខេង សុមេធ បាន​កោតសរសើរ​ដោយស្មោះ​ចំពោះ​នគរបាល​ការពារ​ព្រំដែន​ថា បងប្អូន​រួម​អាវុធ​ពិ​ជាវរ​យុទ្ធជន​ដ៏​ខ្លាំងក្លា មិនអាច​កាត់ថ្លៃ​បានឡើយ ចំពោះ​វរ​ភាព​អង់អាច ក្លាហាន ហើយ​លះបង់​អាយុជីវិត​ការពារ​បន្ទាត់​ព្រំដែន​ដើម្បី​ធ្វើអោយ​ប្រទេស​មាន​សុខសន្តិភាព​ប្រជាជន​រស់នៅ​ដោយ​សុខសាន្ត​។​

នាយ​ឧ​ត្ត​ម​សេនី​យ៏ ខេង​សុមេធ​បាន​បន្តថា​តំបន់​ថ្មដា​ជា​តំបន់​មួយ​ដាច់ស្រយាល​ពី​ទី​រួម​ខេត្តពោធិសាត់ ប្រមាណ​ជិត​២០០​គីឡូម៉ែត្រ ជាប់​ព្រំដែន​ខេត្ត​ត្រាត ប្រទេស​ថៃ ប៉ុន្តែ​មាន​ផ្លូវជាតិ​មកដល់​តំបន់​នេះ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​រីកដុះដាល​ដោយមាន​ការអភិវឌ្ឍ​ន៏​ច្រើន​អ៊ិត​គណនា​ថែម​ទៀតផង​។​

​ក្នុងឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនី​យ៏ ខេង​សុមេធ បានផ្តល់​អនុសា​ស​ន៏​អោយកម្លាំង​ទាំងអស់ ត្រូវ​ទប់ស្កាត់​ឱ្យបាន​នៅ​បទល្មើស​ផ្សេងៗ​ដែល​ស្ថិតនៅក្នុង​តំបន់​ខ្លួន​ប្រតិបត្តិការ​ជាពិសេស​កម្លាំង​ទាំងអស់​ត្រូវការពារ​ឱ្យបាន​ចំពោះ​ជាតិ​សាសនា​ព្រះមហាក្សត្រ​ជាពិសេស​ការពារ​អោយបាន​នៅ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​។​

ជាមួយគ្នា​នោះ​នាយ​ឧ​ត្ត​ម​សេនី​យ៏​ខេង​សុមេធ​ក៏បានផ្តល់​អណ្តូងស្នប់​ចំនួន​៣​គ្រឿង​ដល់​វរៈ​និង​បានប្រគល់​ម៉ូតូ​ចំនួន​៥​គ្រឿង ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២​លាន​រៀល​ដល់​វរៈ​និង​មន្ត្រី​ក្នុង​វរៈ​ទាំងអស់ ក៏​ទទួលបាន​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ស្មើៗ​គ្នា​ផងដែរ​៕S/

​រូបភាពៈ នាយ​ឧ​ត្ត​ម​សេនី​យ៏ ខេង សុមេធ នាំយក​ម៉ូតូ​របស់​អគ្គស្នងការ​នគរបាលជាតិ ជូន​ដល់​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៥៕​បាយ័ន​