ករណី​ចាប់​ជំរឹត​ទារប្រាក់​នៅ​ភ្នំពេញ មក​ជាប់អន្ទាក់​នៅ​បន្ទាយមានជ័យ​

949
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ នគរបាល​ព្រហ្ម​ទ័​ណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​បំបែកសំណុំរឿង​ធំ​មួយ​ទៀតហើយ​ បន្ទាប់ពី​បាន​បំបែកសំណុំរឿង​ជន​ជាតិចិន​បង្ខាំង​ជនជាតិ​ចិន​ធ្វើ​ទារុណកម្ម​និង​ជំរិត​ទារប្រាក​នៅ​ប៉ោយប៉ែត។ នោះ​គឺ​ស្ទាក់​បង្ក្រាប​ករណី​ចាប់​ជំរឹត​ទារប្រាក់​នៅ​ភ្នំពេញ ហើយ​មក​ជាប់អន្ទាក់​នៅ​បន្ទាយមានជ័យ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្ម​ទ័​ណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ព្រឹក​ថ្ងៃទី​១៨ ​ខែមិថុនា ​ឆ្នាំ​២០១៩​ថា​: កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៩ ដោយ​បានទទួល​ព័ត៌មាន​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ថា​ មាន​ករណី​ចាប់ជំរិត​ទារប្រាក់​ពី​ភ្នំពេញ ហើយ​ជនល្មើស​អាចមក​ដល់​ខេត្តបន្ទាយមានជ័យ​នោះ នៅវេលា​ម៉ោង​១១​និង​៣០​នាទី​អា​ធ្រា​ត្រ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត និង​កំលាំង​អធិការដ្ឋាន​នគរ​បាល​ស្រុក​ក្រុង​ពាក់ព័ន្ធ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ និង​លោក​ចុះបង្ក្រាប​ករណី​ខាងលើ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សិទ្ធិ ឡោះ បន្តថា ក្នុងនោះ​កម្លាំង​បាន​ស្ទាក់​ចាប់បាន​ជនល្មើស និង​បក្ខពួក​០៣​នាក់​រួមមាន ១-​ឈ្មោះ ព្រាប វណ្ណា ​ភេទប្រុស អាយុ២៣​ឆ្នាំ​ ជា​អ្នកបើកបរ​រថយន្ត​។ ​២-ឈ្មោះ ព្រាប វ​ណ្ណះ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នក​ចាប់​ជំរឹត​។​ ៣-​ឈ្មោះ វ៉ាន់ ស្រេ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នកសមគំនិត ។​

សមត្ថិកិច្ចក៏​រឹបអូស​រថយន្ត​ម៉ា​ក​តូយ៉ូតា​ឡិច​ស៊ី​ស​៣០០​មួយគ្រឿង ពណ៌​កាំ​ម៉ៃ ស្លាក​លេខ ភ្នំពេញ 2AL-8004 ដែលជា​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​។​

លោក​បាន​បន្ថែមថា ការបង្ក្រាប​នោះ​ធ្វើឡើង​នៅ​សណ្ឋាគារ​ស៊ី​ធី​ប៉ោយប៉ែត (City PoiPet Hotel) សង្កា​ត​/​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​

ករណីនេះ​សមត្ថកិច្ច​បាន​នាំយក​ជនល្មើស​ និង​វត្ថុតាង​មក​សាកសួរ នៅ​ស្នងការដ្ឋាន។ ​ឯ​ព៍ត៍​មាន​ពិស្តារ​នឹង​បន្ត​ផ្សាយ​ជូន​នៅពេល​បន្ទាប់ ខ​ណៈបានប្រគល់​ជូន​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ទទួល​ចាត់​ការបន្ត៕B/