កូរ៉េខាងត្បូង​នឹង​បញ្ជូន​អង្ករ​៥០.០០០​តោន​ទៅ​ឱ្យ​កូរ៉េខាងជើង​

722
ចែករម្លែក

​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៩​មិថុនា​ថា​ខ្លួន​នឹង​ផ្តល់​អង្ករ​ចំនួន​៥០.០០០​តោន​ទៅ​ឱ្យ​កូរ៉េខាងជើង ដោយ​សង្ឃឹមថា​ជំនួយ​មនុស្សធម៌​នេះ​នឹង​ជួយ​បញ្ចុះបញ្ចូល​​កូរ៉េខាងជើង​ឱ្យ​ត្រឡប់​ទៅ​រក​កិច្ចចរចា​ឡើងវិញ​ស្តីពី​ការ​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​អន្តរ​កូរ៉េ​និង​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

​លោក Kim Yeon-chul រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េខាងត្បូង បាន​និយាយថា​អង្ករ​ជំនួយ​នេះ​នឹង​ត្រូវបាន​ប្រគល់ឱ្យ​តាមរយៈ​អង្គការ​ស្បៀងអាហារ​ពិភពលោក​(World Food Programme)​នៃ​អង្គការ​សហប្រជាជាតិ​នៅមុន​ខែកញ្ញា​ដើម្បី​ជួយ​ដល់​កូរ៉េខាងជើង​ក្នុង​កំឡុង​ខែ​ដែល​មាន​ការខ្វះខាត​ស្បៀង​ហារ​។​

​កាលពី​ខែ​មុន អង្គការសហប្រជាជាតិ បាន​រាយការណ៍​ថា ជិត​៤០​ភាគរយ​នៃ​ប្រជាជន​សរុប​នៃ​ប្រទេស​កូរ៉េខាងជើង​នេះ ត្រូវការ​ជំនួយ​ស្បៀង​ហារ​ជា​បន្ទាប់​បន្ទាប់ពី​ផលដំណាំ​របស់​​ប្រទេស​នេះ​មិន​ទទួលបាន​ផល​ល្អ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​ផលដំណាំ​នៅក្នុង​ខែ​នេះ ក៏​មិន​បាន​ផ្តល់​ផល​ល្អ​ផងដែរ ខណៈ​ដែល​ប្រទេស​នេះ​ទទួលរង​ភាព​រាំង​​ស្ងួត​ខ្លាំង​ក្នុង​រយៈពេល​៣៧​ឆ្នាំ​មកនេះ​។​

​ជំនួយ​អង្ករ​ដែល​មាន​តម្លៃ​សរុប​ជាង​១០០​លាន​ដុល្លារ​នេះ នឹង​ក្លាយជា​ជំនួយ​ស្បៀង​ហារ​ជា​លើក​ទី​មួយ​របស់​កូរ៉េខាងត្បូង​សម្រាប់​ផ្តល់ឱ្យ​កូរ៉េខាងជើង​ចាប់តាំងពី​ឆ្នាំ​២០១០​មក​។​

​ការប្រកាស​ផ្តល់ជំនួយ​នេះ បាន​កើតឡើង​មួយថ្ងៃ នៅ​មុនពេល ប្រធានា​ធីបតី​ចិន លោក​ស៊ី ជីន​ពីង បាន​ចាប់ផ្តើម​ធ្វើ​ទស្សនកិច្ច​២​ថ្ងៃ​នៅ​កូរ៉េខាងជើង​៕​ដោយ​៖​សុខា​/sn

​​ប្រជាជន ស្ទូងស្រូវ​នៅ​ ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៩

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ