​១២​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​និយម​នៅ​មី​យ៉ាន់​ម៉ា​

1007
ចែករម្លែក

​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៥​ខែសីហា​ថា ប៉ូលិស​យ៉ាងតិចណាស់​ចំនួន​៥​នាក់​និង​ក្រុម​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា​អ៊ីស្លាម​និយម​ចំនួន​៧​នាក់ ត្រូវបាន​សម្លាប់​នៅពេល​យប់ នៅ​រដ្ឋ​រ៉ា​ឃី​ន (Rakhine)
​បន្ទាប់ពី​ក្រុម​ជន​សកម្មប្រយុទ្ធ​បានធ្វើការ​វាយប្រហារ​ជាច្រើនលើក​លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចំនួន​២៤​របស់​ប៉ូលិស​និង​បាន​ព្យាយាម​វាយ​សម្រុកចូល​បន្ទាយ​ក​ង​ទ័ព​មួយកន្លែង​។​

​ការវាយប្រហារ​ទាំងនេះ បានធ្វើ​ឱ្យមាន​ជម្លោះ​កើនឡើង​ខ្លាំង​នៅ​រដ្ឋ​រ៉ា​ឃី​ន ចាប់តាំងពី​ខែតុលា​ឆ្នាំមុន នៅពេលដែល​ការវាយប្រហារ​ស្រដៀង​គ្នា ដែល​បានសម្លាប់​ប៉ូលិស​៩​នាក់​នោះ បាន​នាំឱ្យមាន​ការវាយប្រហារ​ត​តប​វិញ​ដ៏​ខ្លាំង​ដោយ​កងទ័ព ដែល​ត្រូវបាន​ចោទប្រកាន់ថា​កាប់សម្លាប់​មនុស្ស ចាប់រំលោភ និង​ដុតបំផ្លាញ​ផ្ទះ​។​

​គណៈកម្មាធិការ​ព័ត៌មាន​មី​យ៉ាន់​ម៉ា បាន​និយាយថា “​តាម​ព័ត៌មាន​ពីដំបូង គឺថា ប៉ូលិស​ចំនួន​៥​នាក់​ត្រូវបាន​សម្លាប់ ។ កាំភ្លើង​២​ដើម ត្រូវបាន​ដណ្តើមយក​ពី​ប៉ូលិស ហើយ​សាកសព​៧​នាក់​នៃ​ក្រុម​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា​អ៊ីស្លាម​និយម​ជ្រុល ត្រូវបាន​រកឃើញ​”​។​

​សេចក្តីថ្លែងការណ៍​រប​ស់​គណៈកម្មាធិការ​ព័ត៌មាន​មី​យ៉ាន់​ម៉ា​នេះ បាន​និយាយថា ក្រុម​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា​អ៊ីស្លាម​និយម​ជ្រុល​បាន​វាយប្រហារ​លើ​ស្ថានីយ​ប៉ូលិស​មួយ​នៅ​តំបន់​មួង​ដោ នៅ​រដ្ឋ​រ៉ា​ឃី​ន ភាគ​ខាងជើង និង បាន​វាយប្រហារ​លើ​ប៉ុស្តិ៍​ត្រូតពិនិត្យ​ជាច្រើន​ទៀត​របស់​ប៉ូលិស​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​៕ ដោយ៖ សុខា

​ប៉ូលិស​ព្រំដែន​មី​យ៉ាន់​ម៉ា ឈរ​យាម​នៅ​ភូមិ​ធី​ន​មេ នៅ​រដ្ឋ​រ៉ា​ឃី​ន កាលពី​ខែកក្កដា​ឆ្នាំ​២០១៧