​ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ច័ន្ទ​ទី​២៤​ខែមិថុនា​

1366
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​យោង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បានឱ្យដឹងថា​ព្រឹទ្ធសភា​កម្ពុជា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន​នា​ថ្ងៃ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​នៅ​វិមាន​ព្រឹទ្ធសភា​។​របៀបវារៈ​ដែល​នឹងត្រូវ​លើក​យកមក​ពិភាក្សា​រួមមាន​៖

១=​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៩​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត​ទៅក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា​នីតិកាល​ទី​៤​។​២=​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ស្តីពី​ការជំរុញ​និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​ទៅក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​

៣=​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត​ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​ទៅក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​

៤=​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី​ស្តីពី​ការជំរុញ​និង​ការការពារ​ទៅវិញទៅមក​នៃ​ការវិនិយោគ​។​

៥=​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី​និង​ផ្តៅ​ទៅក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា​នីតិកាល​ទី​៤​និង​៦​កំណត់​របៀបវារៈ​និង​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​

សូមជម្រាបថា​៖​សេចក្តីព្រាងច្បាប់​ទាំង​៥​ខាងលើ​បាន​ត្រូវ​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ​៕S/