​ព្រឹក​នេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ នៅ​បាងកក​

883
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​តប​តាម​ការអញ្ជើញ​របស់លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ​និង​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន ​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​នេះ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន លើក​ទី ៣៤ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​បាងកក​។​

អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួមមាន​៖​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​, លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​អប់រំ​យុវជន​និង​កីឡា​ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ​ធ្វើឡើង​ក្រោម​មូលបទ​«​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​»​។​កិច្ចប្រជុំ​នេះ​នឹង​ផ្តោត​ការយកចិត្តទុកដាក់​ដ​ល់ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​និង​ពង្រឹង​កុងសង់ស៊ីស​ក្នុងចំណោម​សមាជិក​អាស៊ាន​ដើម្បី​ដោះស្រាយ​ការ​ប្រឈម​សកល​ថ្មីៗ​។​កិច្ចប្រជុំកំពូល​នេះ​ក៏​នឹង​រិះរក​មធ្យោបាយ​នានា ក្នុងការ​ធ្វើ​ឲ្យ​អាស៊ាន​ឈានទៅ​កាន់​កម្រិត​ខ្ពស់​ថែមទៀត​ប្រកបដោយ​ចីរភាព​និង​មាន​ការតភ្ជាប់​ដោយរលូន​។​

​ក្រៅ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​និង​កម្មវិធី​មួយចំនួន​ដូចខាងក្រោម​៖​កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ានជាមួយ​តំណាង​អន្តរ​សភា​អាស៊ាន​,​កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន​ជាមួយ​ក្រុមប្រឹក្សា​ផ្តល់យោបល់​ធុរកិច្ច​អាស៊ាន និងកិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន ជាមួយ​តំណាង​យុវជន​អាស៊ាន​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​, មានការ​រំពឹងទុក​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​ នឹង​ឆ្លុះបញ្ចាំង​ពីកិច្ចប្រឹងប្រែង​របស់​អា​ស៊ាន​ក្នុង​ការជំរុញ​ដំណើរ​ការកសាង​សហគមន៍​និង​លើកកម្ពស់​ភាពជា​ដៃគូ​របស់​អាស៊ាន​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយចីរភាព​នៅក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាពយូរអង្វែង តំបន់​ ដើម្បី​ជា​ផលប្រយោជន៍ដល់​ប្រជាជន​អាស៊ាន​៕​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ