នាយករដ្ឋមន្ត្រី​វៀតណាម​រិះគន់​សម្តី​របស់​សមភា​គី​សិង្ហ​បុរី​អំពី​ខ្មែរ​ក្រហម​នៅ​ជំនួប​កំពូល​អាស៊ាន​

966
ចែករម្លែក

​នាយករដ្ឋមន្ត្រី​វៀតណាម លោក​ង្វៀន សួន ហ្វ៊ុក បាន​និយាយថា​លោក លី សៀន​ឡុង មិន​ត្រឹមត្រូវ​ទេ​នៅ​ពេល​ហៅ​ការ​ចូល​ពាក់ព័ន្ធ​របស់​វៀតណាម​ក្នុងការ​វាយ​បណ្តេញ​ពួក​​ខ្មែរក្រហម​ថា​ជា​«​ការឈ្លានពាន​»​។​

​សម្តី​នេះ​បាន​ធ្វើអោយ​ទាំង​វៀតណាម​និង​កម្ពុជា​មិន​សប្បាយចិត្ត នេះ​ជា​អ្វី​ដែល​លោក​ហ្វ៊ុក​បាន​ប្រាប់​សមភាគី​សិង្ហ​បុរី​ក្នុងអំឡុង​កិច្ចពិភាក្សា​មួយ​នៅក្រៅ​ជំនួប​កំពូល​អាស៊ាន​​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​សៅរ៍​។​

​ហ្វ៊ុក បាន​និយាយថា​ប្រវត្តិសាស្ត្រ​បាន​បង្ហាញថា សម្តី​របស់​លោក​លី​អំពី​តួនាទី​របស់​វៀតណាម​ក្នុងការ​វាយ​ប្រយុទ្ធ​នឹង​ខ្មែរក្រហម​ក្នុងអំឡុង​ឆ្នាំ​១៩៧៩-១៩៨០ មិន​ត្រឹមត្រូវ​។​លោក​​បាន​និយាយថា បុរេនិច្ឆ័យ​ដូច្នេះ​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​វៀតណាម​និង​កម្ពុជា ជាពិសេស​ក្រុម​គ្រួសារ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​រាប់ពាន់នាក់ ដែល​បាន​បូជ្ញា​ជីវិតជួយ​ប្រ​​ជា​ជនកម្ពុជា​បញ្ចប់​របប​ប្រល័យពូជសាសន៍​និង​ស្ថាបនា​ប្រទេស​នេះ​ឡើង​វិញ​។​

នាយករដ្ឋមន្ត្រី​វៀតណាម លោក​ង្វៀន សួន ហ្វ៊ុក និង​សម​ភាគី​សិង្ហ​បុរី លី សៀន​ឡុង ពិភាក្សា​នៅ​ក្រៅ​ជំនួប​កំពូល​អាស៊ាន​លើ​ក​ទី​៣៤​នៅ​ក្រុង​បាងកក កាលពី​ថ្ងៃ​២២​មិថុនា

​សេចក្តីថ្លែងការណ៍​ដ៏​ប្រទូសរ៉ាយ​របស់​លី ត្រូវបាន​ធ្វើឡើង​តាម​ទំព័រ​ហ្វេ​ស​ប៊ុកមួយ​កាលពី​ថ្ងៃ​៣១​ឧសភា នៅ​ពេល​លោក​បាន​សម្តែង​ស​មានទុក្ខ​ចំពោះ​មរណភាព​របស់​អតីត​​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​ក្រុម​ទីប្រឹក្សា​ព្រះមហាក្សត្រ​ថៃ លោក​ឧត្តមសេនីយ៍ ព្រេ​ម ទីន​ស៊ូ​ឡា​ណុន ។​លោក​ថា​លោក​ព្រម​បាន​បំរើការ​ជា​នាយករដ្ឋមន្ត្រី​ចំ​ពេល​សមាជិក​អាស៊ាន​៥​រួម​គ្នា​ប្រឆាំង​ការឈ្លានពាន​របស់​វៀត​ណា​ម​និង​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចូល​ជំនួស​ខ្មែរក្រហម​។​

​តែ​បើ​តាម​ក្រសួង​ការបរទេស​វៀតណាម លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​ប្រាប់​លោក​ហ្វ៊ុ​កថា លោក​មិន​មាន​បំណង​ធ្វើ​អោយ​វៀតណាម​មិន​សប្បាយ​ចិត្ត​ទេ​។​លោក​ថា​បំណង​នៃ​​ការ​រំលឹក​វគ្គ​ប្រវត្តិសាស្ត្រ​ឥណ្ឌូ​ន​ចិន​ដ៏​ឈឺចាប់​នេះ​ដើម្បី​រំលឹក​ដល់​ប្រជាជន​ថា សន្តិភាព​និង​វិបុលភាព​នៅក្នុង​អាស៊ាន​មិន​បាន​មក​ដោយ​គ្មាន​ការខិតខំ​នោះ​ទេ និង​ប្រទេស​នានា​​ក្នុង​សមាគម​នេះ​ត្រូវ​តែ​រក្សា​ឯកភាព សាមគ្គីភាព និង​ពង្រឹង​ទំនាក់ទំនង​។​

​មេដឹកនាំ​ទាំង​ពីរ​បាន​និយាយថា កិច្ចពិភាក្សា​នេះ​បាន​ជួយ​អោយ​ភាគី​ទាំង​២​កាន់តែ​យល់​គ្នា​ប្រសើរឡើង និង​បាន​យល់ព្រម​បន្ត​សហការ​គ្នា​ដើម្បី​ពង្រឹង​និង​អភិវឌ្ឍ​ទំនាក់ទំនង​​ទ្វេភាគី​វៀតណាម​-​សិង្ហ​បុរី​លើ​គ្រប់​វិស័យ នៅពេល​វៀតណាម​នឹង​ទទួល​ឋានៈ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២០៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម