បក្សប្រឆាំង​ឈ្នះ​តំណែង​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល ជាការ​វាយ​សំពង​មួយ​លើ​លោក​ប្រធានាធិបតី​តួ​ក​គី អឺ​ដូ​ហ្គា​ន​

700
ចែករម្លែក

បេក្ខជន​គណបក្សប្រឆាំង​សម្រាប់​តំណែង​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល​បាន​អបអរ​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​កាលពី​ថ្ងៃ​អាទិត្យ​ទី​២៣​មិថុនា​នៅក្នុង​ការបោះឆ្នោត​ដែល​មានការ​ឃ្លាំង​មើល​យ៉ាង​យកចិត្តទុកដាក់ ដែល​បានបញ្ចប់​ភាព​តានតឹង​ផ្នែក​នយោបាយ​អស់​ជាច្រើន​សប្តាហ៍ និង បានបញ្ចប់​ឥទ្ធិពល​ជា​យូរ​មកហើយ​របស់​គណ​បក្ស​របស់លោក​ប្រធានាធិបតី​រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គា​ន ដែលមាន​នៅលើ​ទីក្រុង​ធំ​បំផុត​របស់​តួ​ក​គី​មួយ​នេះ​។​

​លោក អេ​គ្រី​ម អ៊ី​ម៉ា​ម៉ូក​ឡូ (Ekrem Imamoglu) អាយុ ៤៩ ឆ្នាំ​បាន​និយាយ​ទៅកាន់​មនុស្ស​រាប់ពាន់នាក់​ដែល​ប្រមូលផ្តុំ​ដើម្បី​កត់សម្គាល់​ជ័យជម្នះ​របស់គាត់​បន្ទា​ប់​ពី​លទ្ធផល​មិន​ផ្លូវការ​បានបង្ហាញ​ថា​គាត់​បានឈ្នះ​សំឡេង​ភាគច្រើន​នៃ​ការបោះឆ្នោត​យ៉ាង​ដូច្នេះ​ថា “​សូម​អរគុណ អ៊ី​ស្តង់​ប៊ុល​”​។​

​បេក្ខជន​របស់​គណបក្ស​កាន់អំណាច​ដែលជា​អតីត​នាយករដ្ឋមន្ត្រី​តួ​ក​គី​លោក​បាយ​ណា​លី យី​ល​ឌី​រី​ម (Binali Yildirim) បានទទួល​ស្គាល់​បរាជ័យ​ក្រោយពី​ការវិល​ត្រឡប់មកវិញ​របស់គាត់​បានបង្ហាញ​ថា​លោក​បាន​ចាញ់​លោក​អ៊ី​ម៉ា​ម៉ូក​ឡូ​ពី ៤៥ ទៅ ៥៤ ភាគរយ​។ លោក​អ៊ី​ម៉ា​ម៉ូក​ឡូ​បាន​បង្កើន​ការ​នាំមុខ​របស់គាត់​ពី​ការបោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង​កាលពី​ខែមីនា​ដោយ​ការ​សំឡេងឆ្នោត​រាប់ម៉ឺន​។​

​លោក​អឺ​ដូ​ហ្គា​ន​អបអរសាទរ​លោក​អ៊ី​ម៉ា​ម៉ូក​ឡូ​នៅក្នុង​សារ Twitter មួយ​។ ក្រុមអ្នកវិភាគ​បាន​កត់សម្គាល់ថា លោក​ប្រធានាធិបតី​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​អន្តរជាតិ​ជាច្រើន អាច​នឹង​រឹតត្បិត​អំណាច​របស់លោក​អភិបាលក្រុង​ឬ​បង្ក្រាប​អំណាច​របស់លោក​អ៊ី​ម៉ា​ម៉ូក​ឡូ​តាម​មធ្យោបាយ​ផ្សេង​ជាច្រើន​ទៀត​។​

​លោក​អ៊ី​ម៉ា​ម៉ូក​ឡូ​បានទទួល​ជ័យជម្នះ​តិចតួច​ពី​ការបោះឆ្នោត​អភិបាលក្រុង​កាលពី​ថ្ងៃ ៣១ មីនា​ប៉ុន្តែ​គណបក្ស​យុត្តិធម៌​និង​អភិវឌ្ឍន៍​របស់លោក​ប្រធានាធិបតី​អឺ​ដូ​ហ្គា​ន​គឺ​បក្ស AKP បាន​ជំទាស់​នឹង​ការ​ឈ្នះឆ្នោត​នោះ​ដោយ​សម្អាង​លើ​ភាពមិនប្រក្រតី​ជាច្រើន​។ លោក​អ៊ី​ម៉ា​ម៉ូក​ឡូ​បាន​ចំណាយពេល ១៨ ថ្ងៃ​នៅក្នុង​ការិយាល័យ មុនពេល​ក្រុមប្រឹក្សា​បោះឆ្នោត​របស់​តួ​ក​គី​លុបចោល​លទ្ធផល​បន្ទាប់ពី​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​រាប់​សប្តាហ៍​។​

​ការបោះឆ្នោត​ដែល​ទុកជា​មោ​ឃៈ​នេះ​បានលើកឡើង​នូវ​ក្តីកង្វល់​ទាំង​ក្នុង​និង​ក្រៅប្រទេស​អំពី​ស្ថានភាព​ប្រជាធិបតេយ្យ​របស់​តួ​ក​គី​និង​ថា​តើ​គណបក្ស​របស់លោក​អឺ​ដូ​ហ្គា​ន​នឹង​អាច​ទទួលយក​បរាជ័យ​ការបោះឆ្នោត​បាន​ឬ​អត់​។ គណបក្ស AKP បាន​គ្រប់គ្រង​តួ​ក​គី​តាំងពី​ឆ្នាំ ២០០២​។​

​លោក​អ៊ី​ម៉ា​ម៉ូក​ឡូ​បាន​ស្រែកប្រាប់​អ្នកគាំទ្រ​ថា “​អ្នក​រាល់គ្នា​បាន​ការពារ​កេរ្តិ៍ឈ្មោះ​លទ្ធិប្រជាធិបតេយ្យ​របស់​តួ​ក​គី​ជាមួយ​ពិភពលោក​ទាំងមូល​កំពុង​មើល​មក​យើង​”​។

​ពួក​អ្នកគាំទ្រ​ដ៏​ច្រើន​សម្បើម​បាន​ស្រែក​ពាក្យស្លោក​ថា “​អភិបាលក្រុង​ជាថ្មី​ម្តងទៀត​! អភិបាលក្រុង​ជាថ្មី​ម្តងទៀត​!”​។ អ្នកខ្លះ​ទៀត​តោង​ឡាន ចុច​ស៊ី​ផ្លេ​រ និង​គ្រវីទង់ជាតិ​ក្រហម​សរ​បស់​តួ​ក​គី​៕ ដោយ៖ កញ្ញាដាលីស

លោក អេ​គ្រី​ម អ៊ី​ម៉ា​ម៉ូក​ឡូ ឈ្នះ​តំណែង​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល
លោក អេ​គ្រី​ម អ៊ី​ម៉ា​ម៉ូក​ឡូ ឈ្នះ​តំណែង​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល

ទីតាំងផ្សាយពាណិជ្ជកម្ម