មេដឹកនាំ​អាស៊ាន​គាំទ្រ​កិច្ចខិតខំ​ដើម្បី​សំរេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ឆ្នាំ​២០១៩

813
ចែករម្លែក

​បណ្តា​មេដឹកនាំ​អាស៊ាន​បង្ហាញ​ការគាំទ្រ​ដល់​កិច្ច​ខិតខំ​ដើម្បី​ច​ញ្ចប់​ការចរចា​និង​សំរេច​អោយបាន​កិច្ចព្រមព្រៀង​«​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ពិស្តារ​ប្រចាំ​តំបន់​(RCEP)​នៅ​​ឆ្នាំ​២០១៩ ,​នេះ​បើ​តាម​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន​អូ​ចា​បាន​ប្រាប់​សន្និសីទកាសែត​មួយ​នៅ​ចុងបញ្ចប់​នៃ​ជំនួប​កំពូល​អាស៊ាន​លើក​ទី​៣៤​នៅ​ក្រុង​បាងកក​កាល​​ពី​ថ្ងៃអាទិត្យ​ទី​២៣​មិថុនា​។​

​លោក​បាន​និយាយថា «​ការសំរេច​បាន​ដូចនេះ​វា​នឹង​ជួយ​អាស៊ាន​ដោះស្រាយ​ការប្រែប្រួល​និង​ភាពមិនប្រាកដប្រជា​ដែល​នឹង​កើត​ឡើង​នៅក្នុង​តំបន់ ជាពិសេស​ជម្នះ​ផល​បាន​​មក​ពី​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ដៃគូ​សំខាន់ៗ​របស់​អាស៊ាន​»​។​

​ការចរចា​អំពី​កិច្ចព្រមព្រៀង​RCEP​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០១២ ដើម្បី​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​មួយ​ផ្តុំ​ដោយ​ប្រជាពលរដ្ឋ​ប្រមាណ​៤៥​ភាគរយ​នៃ​ពិភពលោក​និង​ជាង​ពាក់​​កណ្តាល​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​។​

នាយករដ្ឋមន្ត្រី​ថៃ ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​ក្នុងអំឡុង​ជំនួប​កំពូល​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​២៣​មិថុនា​

​ហេត្ថ​លេខី​របស់​RCEP​ចំនួន​១៦ រួមមាន​សមាជិក​អាស៊ាន​១០​ប្រទេស​បូក​រួម​ប្រទេស​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ចំនួន​៦ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី​និង​នូវែ​លសេ​ឡង់​។​

​អាស៊ាន​ក៏​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ទាំង​៦​ខាងលើ​។​

​នាយករដ្ឋមន្ត្រី​ថៃ​បានបញ្ជាក់​ថា​«​បើ​យើង​អាច​សំរេច​វា​បាន យើង​នឹង​មាន​អំណាច​តថ្លៃ​និង​មូលដ្ឋាន​មួយ​សំរាប់​ការចរចា​ពីព្រោះ​នៅ​ពេល​បូល​បញ្ចូល​គ្នា យើង​ជា​ប្រជាជន​៦៥០​លាន​នាក់ ជា​ប្លុក​តំបន់​ធំ​បំផុត​មួយ​នៅក្នុង​លោក​»​។​

​លោក​ក៏​បាន​ពណ៌នា​RCEP​ថា​ជា​ឧបករណ៍​មួយ​សំរាប់​ជំរុញ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​របស់​តំបន់​។​

​ក្នុង​សេចក្តីថ្លែងការណ៍​នៃ​ជំនួប​កំពូល​ចេញ​កាលពី​ថ្ងៃអាទិត្យ ក្រុម​មេដឹកនាំ​អាស៊ាន​បាន​និយាយថា​ពួក​លោក​«​សូម​បញ្ជាក់​អះអាង​ឡើងវិញ​អំពី​ការប្តេជ្ញា​ចិត្ត​យ៉ាង​រឹងមាំ​ដើម្បី​​សំរេច​អោយបាន​កិច្ចព្រមព្រៀង​RCEP​នៅក្នុង​ឆ្នាំ​២០១៩​ដើម្បី​ធ្វើអោយ​ពាណិជ្ជកម្ម​អន្តរជាតិ​រឹងប៉ឹង​ឡើងវិញ​និង​ដើម្បី​រក្សា​ភាព​ជឿជាក់​និង​អព្យាក្រិតភាព​របស់​អា​ស៊ាន​។​

​មេដឹកនាំ​អាស៊ាន​អំពាវនាវ​អោយ​រដ្ឋមន្ត្រី​និង​មន្ត្រី​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​RCEP​ខិតខំ​ទ្វេដង​ដើម្បី​សំរេច​គោលដៅ​នេះ​និង​ក៏​អំពាវនាវ​ដៃគូ​ពាក់ព័ន្ធ​ផ្តល់​អាទិភាព​លើ​ការចរចា​RCEP ហើយ​ធ្វើការ​ជាមួយ​អាស៊ាន​ដើម្បី​សំរេច​អោយបាន​RCEP​នៅ​ឆ្នាំ​នេះ​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម