ផលដំណាំ​៦​ហិកតា រង​ការ​ជន់​លិច​ច្រើន​ថ្ងៃ ដោយសារ​បុរស​ម្នាក់ចាក់ដី​ធ្វើ​ទំនប់​ក្នុង​អូរ​ធម្មជាតិ​

708
ចែករម្លែក
ផលដំណាំ​៦​ហិកតា រង​ការ​ជន់​លិច​ច្រើន​ថ្ងៃ ដោយសារ​បុរស​ម្នាក់ចាក់ដី​ធ្វើ​ទំនប់​ក្នុង​អូរ​ធម្មជាតិ​

ដោយៈ​សាត​ចាន់​បុត្រ​-មណ្ឌលគិរីៈ ប្រជាពលរដ្ឋ​២២​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ត្រ​ពាំង​ផ្អេ​រ ឃុំ​ស្រែ​ខ្ទុ​ម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ​ខេត្តមណ្ឌលគិរី មានការ​កើតទុក្ខ​មិន​សុខចិត្ត និង​បាន​ផ្ដិតមេដៃ​ដាក់ពាក្យ​បណ្ដឹងទៅកាន់​សាលាស្រុក​កែវ​សីមា កាលពី​ថ្ងៃទី​២១ ខែមិថុនា ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ ​ក្រោយពេល​ដែលមាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​លើក​ទំនប់​ទប់ទឹក បង្កឱ្យមាន​ការ​ជន់​លិច ផលដំណាំ​អស់​ជាច្រើន​ហិកតា​។​

​នៅក្នុង​ពាក្យបណ្ដឹង​ប្រជាពលរដ្ឋ​ថា មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ស៊ុន ស​ក្កិ​កាក់ ​ហៅ​ចិ អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ ក្នុង​មូលដ្ឋាន​ខាងលើ បាន​លើក​ទំនប់​ទប់ទឹក​អូរ​ធម្ម​ជាតិ កាលពី​ថ្ងៃទី​២០​ខែមិថុនា បង្កឲ្យផលដំណាំ ដែល​រួមមាន ស្វាយចន្ទី កៅស៊ូ ដូង​ ដំឡូង អំពៅ ស្វាយកែវ​រមៀត ចំនួន​៦​ហិកតា និង​ផ្លូវ​មួយ​ខ្សែ បាន​រង​នូវ​ការលិចលង់​ដោយសារ​ទឹក​។​

​នៅ​ថ្ងៃទី​២៤​ខែមិថុនា​នេះ អភិបាលស្រុក​កែវ​សីមា ​លោក នួន​សារ៉ន បានឱ្យ​រស្មី​កម្ពុជា​ដឹងថា ក្រោយ​ទទួលបាន​ពាក្យបណ្ដឹងពី​ប្រជាពលរដ្ឋ លោក​បាន​បញ្ជា​ដល់​លោក​មេឃុំ​ស្រែ​ខ្ទុ​ម ឲ្យ​ដឹកនាំ​ក្រុមការងារ ចុះទៅពិនិត្យ ទីតាំង​កើតហេតុ និង​បានធ្វើការ​សម្របសម្រួល​ប្រជាពលរដ្ឋ​ដោយ​សន្តិវិធី​។​

​លោក​ប៊ុត សំអែល មេឃុំ​ស្រែ​ខ្ទុ​ម បាន​បញ្ជាក់ថា ក្រុមប្រឹក្សាឃុំ​ស្រែ​ខ្ទុ​ម និង​មន្ត្រី​របស់​សាលាឃុំ បាន​ចុះទៅពិនិត្យមូលដ្ឋាន​ជន់​លិច និង​បាន​ឃើញថា ពិតជា​មានការ​ជន់​លិចផលដំណាំ​នៅក្នុង​ចម្ការជាង ៦​ហិកតា​ដូច​ក្នុង​ពាក្យបណ្តឹង​ពិតប្រាកដ​មែន ។​លោ​កថា​ឈ្មោះ​ស៊ុន ស​ក្កិ​កាក់​ហៅ​ចិ នឹងត្រូវ​កោះហៅ​សួរនាំនៅ​សាលាឃុំ ករណី​ទប់​ទឹកអូរ​ធម្មជាតិនៅ​ថ្ងៃទី​២៥ ខែមិថុនា​ស្អែក​នេះ​។​

​សូមជម្រាបថា នៅក្នុង​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ទាំង​២២​គ្រួសារ បានទាមទារ​ឲ្យអ្នក​ទប់​ទំនប់​ខាងលើ ធ្វើការ​កាយ​ដី​ទំនប់​ចេញ ដើម្បីឱ្យ​ទឹក​ហូរ ចេញពី​ចម្ការដូច​សព្វដង​ឡើងវិញ​។

​ទោះជា​យ៉ាងណា ករណីនេះ​ត្រូវបាន​អាជ្ញាធរ​អះអាងថា ពុំទាន់​មាន​ផលដំណាំនៅក្នុង​ចម្ការ​ដែល​ជន់​លិច​នោះរង​ការខូចខាត​នោះទេ​៕/​Ha

ផលដំណាំ​៦​ហិកតា រង​ការ​ជន់​លិច​ច្រើន​ថ្ងៃ ដោយសារ​បុរស​ម្នាក់ចាក់ដី​ធ្វើ​ទំនប់​ក្នុង​អូរ​ធម្មជាតិ​

ទីតាំងផ្សាយពាណិជ្ជកម្ម