រញ្ជួយ​ដី​វាយប្រហារ​ឥណ្ឌូនេស៊ី ជប៉ុន​និង​ចិន តែ​បង្ក​គ្រោះថ្នាក់​តិចតួច​

568
ចែករម្លែក

​រញ្ជួយ​ដី​ខ្លាំង​មួយ​បាន​វាយប្រហារ​សមុទ្រ​បាន់​ដា​របស់​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​មិថុនា តែ​អាជ្ញាធរ​និយាយថា​មិន​មាន​ការ​គំរាម​អំពី​រលក​យក្ស​ស៊ូ​ណា​មី​ទេ​។​

​ផ្នែក​អង្កេត​ភូមិសាស្ត្រ​អាម៉េរិក បាន​និយាយថា រញ្ជួយ​ដី​នេះ​មាន​កម្លាំង​៧,៣​រិ​ច្ឆ​ទ័រ​នៅ​ចម្ងាយ​២០៨​គីឡូម៉ែត្រ​ខាងក្រោម​បាតសមុទ្រ​។​រញ្ជួយ​អាច​អោយ​គេ​ដឹង​នៅ​ផ្នែក​ជាច្រើន​​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​និង​រដ្ឋធានី ឌី​លី របស់​ទីម័​រខាង​កើត តែ​មិន​មាន​របាយការណ៍​អំពី​ការស្លាប់ រងរបួស​ឬ​ខូចខាត​ទេ​។​

​រញ្ជួយ​ដី​នៅ​សមុទ្រ​បាន់​ដា នេះ​បាន​កើតឡើង​នៅ​ប៉ុន្មាន​នាទី​ក្រោយ​រញ្ជួយ​កំលាំង​៦,១​រិ​ច្ឆ​ទ័រ​វាយប្រហារ​តំបន់​មាន​មនុស្ស​រស់​នៅ​តិច នៅ​ខាងលិច​ទីប្រជុំជន​អា​បេពូ​រ៉ានៃ​ខេត្ត​​ប៉ា​ពួរ​។​

​ឥណ្ឌូនេស៊ី​ងាយ​រង​រញ្ជួយ​ដី​និង​ការផ្ទុះ​ភ្នំភ្លើង ដោយសារតែ​ទីតាំង​របស់​ប្រទេស​នេះ​ស្ថិតនៅ​តាម​កង​ភ្លើង​ប៉ាស៊ីហ្វិក​។​សូម​រំលឹក​ថា រញ្ជួយ​ដី​ខ្លាំង​មួយ​នៅ​មហាសមុទ្រ​ឥណ្ឌា​និង​​ស៊ូ​ណា​មី​នៅ​ឆ្នាំ​២០០៤​បាន​សម្លាប់​និង​ធ្វើអោយ​បាត់​ខ្លួន​មនុស្ស​ប្រមាណ​២៣០.០០០​នាក់​នៅក្នុង​ប្រទេស​មួយ​ចំនួន ភាគច្រើន​នៅ​ឥណ្ឌូនេស៊ី​។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះដែរ រញ្ជួយ​ដី​កម្លាំង​៥,៥​រិ​ច្ឆ​ទ័រមួយ​បាន​វាយប្រហា​រ​ជប៉ុន​ខាងកើត​ដោយ​ស្នូល​រញ្ជួយ​នៅ​ឯនាយ​ឆ្នេរ​នៃ​តំបន់​ឈី​បា តែ​មិន​មាន​ការចេញ​ការព្រមាន​អំពី​រលក​​ស៊ូ​ណា​មី​ទេ​។​

​រញ្ជួយ​ធរណី​នៅ​ឥណ្ឌូនេស៊ី​និង​ជប៉ុន​បាន​កើត​ឡើង​បន្ទាប់​ពី​រញ្ជួយ​កំលាំង​៥,៤​រិ​ច្ឆ​ទ័រមួយ​វាយប្រហា​រខេត្ត​ស៊ីឈ័ន​របស់​ចិនកាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បណ្តាលអោយ​របួស​មនុស្ស​១៩​នាក់​។​

​រញ្ជួយ​ដី​កម្លាំង​៦​រិ​ច្ឆ​ទ័រមួយ​ក៏បានវាយប្រហារ​ខេត្ត​ចិន​នេះ​កាលពី​ថ្ងៃ​១៧​មិថុនា​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៣​នាក់​៕ដោយ៖វាសនា

​ក្នុង​មួយអាទិត្យ ខេត្ត​ស៊ី​ឈ័ន​របស់​ចិន​រង​ការរញ្ជួយ​ដី​ខ្លាំង​ល្មម​ដល់​ទៅ​៣​ដងដោយ​បង្ក​ការខូចខាត​និង​សម្លាប់​មនុស្ស​១៣​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម