សហរដ្ឋ​អាម៉េរិក​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការបន្ត​ការចរចា​ជាមួយ​កូរ៉េ​ខាងជើង​

589
ចែករម្លែក

​លោក ម៉ៃ ផ​ម​ផេវ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​មិថុនា​ថា សហរដ្ឋអាមេរិក​បាន​ត្រៀម​ខ្លួន​សម្រាប់​បន្ត​ការចរចារ​ឡើងវិញ​ជាមួយ​កូរ៉េ​​ខាងជើង​នៅ​ពេល​ដែល​កូរ៉េ​ខាងជើង​បាន​បង្ហាញ​សញ្ញា​ថា​ខ្លួន​ចង់​ពិភាក្សា​អំពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។​

​លោក ម៉ៃ ផ​ម​ផេវ បាន​និយាយថា​លោក​សង្ឃឹម​ថា​លិខិត​មួយ ដែល​បញ្ជូន​ដោយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់​ត្រាំ កាលពី​ពេល​ថ្មីៗ​នេះ​ទៅឱ្យ​លោក​គីម ជុង​អ៊ុន មេ​ដឹក​​នាំ​កូរ៉េខាងជើង​នោះ «​នឹង​ផ្តល់​មូលដ្ឋាន​គ្រឹះ​ដ៏​ល្អ​សម្រាប់​យើង​ក្នុង​ការចាប់ផ្តើម​បន្ត​ជំនួប​ពិភាក្សា​ដ៏​សំខាន់​ទាំងនោះ​ជាមួយ​កូរ៉េ​ខាងជើង​ដើម្បី​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​​នៅ​ឧបទ្វីប​កូរ៉េ​»​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃអាទិត្យ​បាន​ពណ៌នា​លិខិត​របស់​លោក​ដូណាល់​ត្រាំ ទៅឱ្យ លោក គីម ជុង អ៊ុន ថា​ជា​” ល្អប្រសើរ​ខ្លាំង ” ហើយ​បាន​រាយការណ៍​​ថា លោក គីម ជុង អ៊ុន បាន​និយាយថា​លោក​នឹង​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​ខ្លឹមសារ​នោះ​។

​ខ្លឹមសារ​ជា​អ្វី​យ៉ាងណា​ដែល​នៅក្នុង​លិខិត​នោះ មិន​ត្រូវ​បាន​បញ្ចេញ​ឱ្យដឹង​ដោយ​ក្រុម​មន្ត្រី អាម៉េរិក​ឬ​ក្រុមមន្ត្រី​កូរ៉េខាងជើង​នោះទេ ។

​លោកស្រី​សា​រ៉ា ស៊ែ​ន​ឌ័​រ លេខា​ព័ត៌មាន​សេត​វិមាន បាន​និយាយថា មេដឹកនាំ​២​នេះ បាន​ទទួល​ការ​ឆ្លើយឆ្លង​ជា​បន្តបន្ទាប់​៕ដោយ៖សុខា/sn

​រូបភាព​ពី​រដ្ឋាភិបាល​កូរ៉េខាងជើង កាលពី​ថ្ងៃអាទិត្យ​បង្ហាញ លោក គីម ជុង អ៊ុន អាន​លិខិត​ដែល​បញ្ជូន មកពី លោក ដូ​ណា​ល់ ត្រាំ

ទីតាំងផ្សាយពាណិជ្ជកម្ម