អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​សម្ដែង​ការសោកស្ដាយ ចំពោះ​ឧបទ្ទវហេតុរ​លំបាក់​អគារ​កំពុង​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ​

813
ចែករម្លែក

ដោយ​: លីន​ណា​
​ភ្នំពេញ​:
អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៩​នេះ បាន​សេចក្តីថ្លែងការណ៍​សម្ដែង​នូវ​សេចក្ដីសោកស្ដាយ ចំពោះ​ឧបទ្ទវ​ហេតុដែល​បានកើត​ឡើង នៅ​ចុង​សប្ដាហ៍​កន្លងមក ដោយសារតែ​ការ​រលំ​បាក់​អគារ​កំពុង​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ ដែល​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជីវិត និង​រងរបួស​មួយចំនួនទៀត​។ អង្គភាព​អ្នកនាំពាក្យ បាន​យល់​អំពី​ស្ថានភាព​លំបាក​របស់​ក្រុមគ្រួសារ​នៃ​សព និង​អ្នករងរបួស ក៏ប៉ុន្ដែ​រាជរដ្ឋាភិបាល បាននិងកំពុង​ធ្វើ​កិច្ចការ​នេះ និង​វិធានការ​ផ្សេងៗ​ទៀត ដើម្បី​រួមចំណែក​ដោះស្រាយ​ទុក្ខលំបាក​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ បណ្ដាល​ពី​ឧបទ្ទវ​ហេតុនេះ​។ អង្គភាព​អ្នកនាំពាក្យ សូម​ចូលរួម​រំលែក​ទុក្ខ និង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជូន​ចំពោះ​គ្រួសារ​សព និង​គ្រួសារ​ជនរងគ្រោះ​។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក ឡើង​ថា សោកនាដកម្ម​នេះ “​គឺជា​រឿង​ឈឺចាប់​របស់​ជាតិ​យើង​” ហើយ​បាន​ចាត់វិធានការ​ភ្លាមៗ ជាមួយនឹង​វត្តមាន​ជាក់ស្ដែង​ផ្ទាល់​នៅនឹងកន្លែង​កើតហេតុ ដែល​សរ​បញ្ជាក់​ឱ្យឃើញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់ អំពី​ការ​រួមសុខ​រួមទុក្ខ​របស់ សម្ដេច​តេ​ជោ ជាមួយ ប្រជាពលរដ្ឋ​គ្រប់ពេលវេលា និង​កាលៈទេសៈ ដោយ​មិន​គេច​ចេញពី​បញ្ហា​ណាមួយ​នោះឡើយ ។

​អង្គភាព​អ្នកនាំពាក្យ សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់ គ្រប់​បណ្ដា​ស្ថាប័ន និង​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​សប្បុរសជន ជាតិ និង​អន្ដរជាតិ​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម និង​ទាន់ពេលវេលា រួមវិភាគទាន​ទាំង​កម្លាំងកាយ សម្ភារៈ និង​ថវិកា ឆ្លើយ តប​ទៅនឹង​កិច្ចសង្គ្រោះ​បន្ទាន់​ដល់​ជនរងគ្រោះ​ទាំងអស់​។ ទង្វើ​នេះ​ជាការ​បង្ហា្ញឱ្យឃើញ​ជាក់ស្ដែង​នូវ​ការឯកភាព សាមគ្គីភាព ក៏ដូចជា​ឧ​ត្ត​ម​គតិ​ជាតិ ក្រោម​ការដឹកនាំ​ប្រកបដោយ​ថាមពល និង​ប្រសិទ្ធភាព ក្នុង​កិច្ច​កសាង​ការពារជាតិ​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី​។​

​អង្គភាព​អ្នកនាំពាក្យ គោរព​ជម្រាបជូន​សាធារណ​ជនជាតិ និង​អន្ដរជាតិ មេត្តា​ជ្រាបថា ការដួលរលំ​អគារ​កំ​ពុង​សាងសង់ នៅ​ក្រុងព្រះសីហនុ គឺ​ស្ថិតនៅក្នុង​ឧបទ្ទវហេតុ​បច្ចេកទេស​នៃ​សំណង់​សុទ្ធសាធ មិន​ប៉ះពាល់​ដល់​បរិយាកាស​នៃ​ការវិនិយោគ​ផ្នែក​ឧស្សាហកម្ម​សំណង់ និង​អចលនទ្រព្យ​នោះទេ​។ សូម​សាធារណជន​ទាំងអស់ អធ្យាស្រ័យ ជៀសវាង​នូវ​ការសន្និដ្ឋាន ឬ​វាយតម្លៃ​ណាមួយ​ចំពោះ​ឧបទ្ទវ​ហេតុនេះ ដោយ​រង់ចាំ​លទ្ធផល​ស្រាវជ្រាវ​ផ្លូវការ​របស់​គណៈកម្មកា​រ​ជាតិ​។

​រាជរដ្ឋាភិបាល​កម្ពុជា សូម​ស្វាគមន៍​ជានិច្ច នូវ​រាល់​ការបណ្ដាក់ទុន និង​វិនិយោគ​គ្រប់​វិស័យ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម