ច្រកចេញចូល​តែមួយ​នឹង​ផ្តល់​ភាពងាយស្រួល​ចំពោះ​ពលរដ្ឋ​ក្នុងការ​ទទួល​សេវា​

596
ចែករម្លែក

ដោយ:បូកគោ/កំពត​ ៖ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​បានបញ្ជាក់​ថា​ ការបង្កើតឱ្យមាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ នឹង​បង្ក​ភាពងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការទទួល​សេវាសាធារណៈ​តាមរយៈ​កិច្ចខិតខំ​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​នៅ​ថ្នាក់ក្រោម​ជាតិ​។

ក្នុងឱកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ស្រុក​ទឹកឈូ កាលពី​ចុង​សប្តាហ៍​កន្លងទៅ លោ​កជឹង ផល្លា បាន​មានប្រសាសន៍ថា ​ការិយាល័យ​ច្រកចេញចូល​តែមួយ ក៏ដូចជា​ការិយាល័យ​ប្រជាពលរដ្ឋ​គ្រប់​ក្រុង​ស្រុក​នឹង​ផ្តល់​ភាពងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការទទួល​សេវាសាធារណៈ​។ ការបង្កើត​ការិយាល័យ​ទាំងពីរ​ឱ្យ​ដើរ​ទន្ទឹមគ្នានេះ​ក្នុង​បំណង​បង្កើន​កិច្ចខិតខំ​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​ការងារ​នៅ​ថ្នាក់ក្រោម​ជាតិ​ឱ្យ​កាន់តែ​ប្រសើរឡើង​។ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​បន្តថា ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ជាការ​អនុវត្ត​យន្តការ​ប្រមូលផ្ដុំ ការផ្ដល់សេវា​រដ្ឋបាល​លើ​វិស័យ​នានា​នៅ​កន្លែង​តែមួយ ​ដើម្បី​ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ កិច្ចការងារ​នេះ​មានការ​គាំទ្រ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រសួងមហាផ្ទៃ​ សម្រាប់​ដំណើរការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល ពិសេស​កំណែទម្រង់​នៃ​ការអនុវត្ត​តាមបែប​ប្រជាធិបតេយ្យ​ សំដៅ​ដល់​ការសម្រេចបាន​នូវ​គោលបំណង​រួម គឺ​លើកកម្ពស់​ការផ្ដល់សេវា ការអភិវឌ្ឍ​មូលដ្ឋាន ក៏ដូចជា​ការផ្ដល់​សិទ្ធិ​សម្រេច និង​ការទទួលខុសត្រូវ​កាន់​តែ​ច្បាស់លាស់​ចំពោះ​ក្រុមប្រឹក្សា និង​គណៈ​អភិបាលក្រុង​ស្រុក​ដែលជា​តំណាង​របស់​រាជរដ្ឋាភិបាល​។ នៅទីនេះ​នឹងមាន​ការផ្ដល់សេវា​ចំនួន​១៤ វិស័យ ដោយមាន​វិស័យ​ជំនាញ​១០​ត្រូវបានធ្វើ​ប្រតិភូកម្ម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ផ្ទាល់​ចំនួន​៤ ស្មើនឹង​២១១​ប្រភេទ​ដើម្បី​បម្រើ និង​ធានា​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ​ក្នុងការ​មក​ទទួល​៕​B/

   

ទីតាំងផ្សាយពាណិជ្ជកម្ម