IMF ជំ​រុញឱ្យ​អាម៉េរិក​និង​ចិន​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​មួយ​

555
ចែករម្លែក

​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​នៅក្នុង​របាយការណ៍​បុគ្គលិក​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​មិថុនា​ថា សហរដ្ឋ​អាម៉េរិក​និង​ចិន​គួរតែ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​របស់ខ្លួន​ជាមួយ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​មួយ ដែល​ជំរុញ​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​។​

​របាយការណ៍​បានឱ្យដឹងថា “​វា​មាន​សារៈសំខាន់​ជាពិសេស​ថា​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​និង​ចិន ដែល​តំណាងឱ្យ​ការគំរាមកំហែង​ដល់​ទស្សនវិស័យ​សកល​លោក​និង​បង្កើត​ផល​អវិជ្ជមាន​យ៉ាងខ្លាំង​ដល់​ប្រទេស​ផ្សេងទៀត ត្រូវតែ​ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស​តាមរយៈ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​មួយ ដែល​ពង្រឹង​ដល់​ប្រព័ន្ធ​អន្តរជាតិ​”​។​

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ ត្រូវបាន​រំពឹងថា​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​នៅក្នុង​កិច្ចប្រជុំ​កំពូល G20 នាពេលខាងមុខ​នៅក្នុង​ប្រទេស​ជប៉ុន​នៅ​សប្តាហ៍​នេះ​ដើម្បី​ព្យាយាម​ដោះស្រាយ​ជម្លោះ​ពន្ធគយ​ដែល​កំពុង​បន្ត​របស់​ពួកគេ​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក​លោក​វិល​បួ រ៉ូ​ស បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា លោក​ត្រាំ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ដំឡើង​ពន្ធ​លើ​ការនាំ​ចូល​របស់​ចិន​បន្ថែមទៀត​ដែលមាន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ ប្រសិនបើ​អាម៉េរិក​និង​ចិន​មិនអាច​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណាមួយ​ទេនោះ​។ លោក​រ៉ូ​ស​ក៏បាន​និយាយ​សម្រាល​អំពី​លទ្ធភាព​ឈានដល់​កិច្ចព្រមព្រៀង​មួយ​នៅឯ​ជំនួប​កំពូល G20 ផងដែរ​។​

​សហរដ្ឋ​អាម៉េរិក​និង​ចិន​បាន​ព្យាយាម​ជម្នះ​លើ​ការខ្វែងគំនិត​ដែល​បានកើត​ឡើង បន្ទាប់ពី​ការសម្រេច​របស់លោក​ត្រាំ​កាលពី​ខែមិថុនា​ឆ្នាំមុន​ដើម្បី​ដំឡើង​ពន្ធ​ចំនួន ២៥ ភាគរយ​លើ​ទំនិញ​នាំចូល​របស់​ចិន​ដែលមាន​តម្លៃ ៥០ ពាន់​លាន​ដុល្លារ​ក្នុង​គោលបំណង​ដោះស្រាយ​ឱនភាព​ពាណិជ្ជកម្ម​។ ចាប់តាំងពី​ពេលនោះ​មក ភាគី​ទាំង​ពីរបាន​ដំឡើង​ពន្ធ​ដាក់គ្នា​ទៅវិញទៅមក​ជាច្រើន​ជុំ​។​

​កាលពី​ខែឧសភា សហរដ្ឋ​អាម៉េរិក​បាន​បង្កើន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន នៅពេលដែល​អាម៉េរិក​រួមបញ្ចូល​ទំនិញ​ផ្សេងទៀត​របស់​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​នៅក្នុង​ប្រភេទ​ពន្ធ ២៥ ភាគរយ​។ ចិន​បាន​សន្យា​សងសឹក​វិញ ដោយ​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​របស់​អាម៉េរិក​ត​ម្លៃ ៦០ ពាន់​លាន​ដុល្លារ​ក្នុង​ខែមិថុនា​៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ