កូរ៉េខាងជើង​រិះគន់​លោក​ផ​ម​ផេ​វ ជា​ឧបសគ្គ​ចំពោះ​ការចរចា​នុយក្លេអ៊ែរ​

703
ចែករម្លែក

​កូរ៉េខាងជើង​បាន​ថ្កោលទោស​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេ​វ​ថា​ជា​ឧបសក្គ​ចំពោះ​ការចរចា​នុយក្លេអ៊ែរ​នៅ​ថ្ងៃ​ពុធ​ទី​២៦​មិថុនា​នេះ ពោលគឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុនពេល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​សេ​អ៊ូ​ល ខណៈ​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ជាប់គាំង​។​

​ដំណើរការ​ចរចា​នេះ​ត្រូវបាន​ផ្អាក​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​រវាង​លោក​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​នៅ​ទីក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ​បាន​បរាជ័យ បន្ទាប់ពី​ពួកគេ​ខកខាន​ក្នុងការ​ព្រមព្រៀង​លើ​អ្វីដែល​កូរ៉េខាងជើង​សុខចិត្ត​លះបង់​ចោល​ដើម្បី​ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។​

​ភាគី​ទាំងពីរ​មានការ​ទាក់ទង​គ្នា​តិចតួច​ណាស់ ហើយ​លោក​ត្រាំ​គ្រោង​នឹង​ហោះ​ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូ​ន ជេ​អ៊ី​ន​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​រិះគន់​អ្នកការទូត​ជាន់ខ្ពស់​របស់លោក​ត្រាំ​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ហៅ​ការអត្ថាធិប្បាយ​នាពេល​ថ្មីៗ​នេះ​ដោយ​លោក​ផ​ម​ផេ​វ​ថា​ជាការ​បង្ហាញឱ្យឃើញ​ពី “​ទង្វើ​អមិត្ត​បំផុត​” ប្រឆាំងនឹង​ក្រុង​ព្យុងយ៉ាង​។​

​អ្នកការទូត​ជាន់ខ្ពស់​អាម៉េរិក​រូបនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​សប្តាហ៍​នេះ​ថា ការបន្ត​កិច្ចចរចា​ថ្នាក់​ការងារ​ជាមួយ​កូរ៉េខាងជើង​បានក្លាយ​ជា “​លទ្ធភាព​អាចទៅរួច​ពិតប្រាកដ​” ដោយ​បន្ថែមថា “៨០​ភាគរយ​នៃ​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​ត្រូវបាន​ដាក់ទណ្ឌកម្ម​”​។​

​លោក​ផ​ម​ផេ​វ​ភ្លាមៗ​បានកែតម្រូវ​ខ្លួនឯង​ដោយនិយាយ​ថា​លោក​និយាយ​ច្រឡំ ហើយ​តួលេខ​នេះ​គឺ​អនុវត្ត​ទៅលើ​ផលប៉ះពាល់​នៃ​ការដាក់ទណ្ឌកម្ម​របស់​អាម៉េរិក​លើ​អ៊ីរ៉ង់​ទេ ប៉ុន្តែ​សម្តី​នេះ​ត្រូវបាន​ចាត់ទុកថា “​ឥត​ប្រុងប្រយ័ត្ន​” ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) ថា “​ប្រសិនបើ​ការដាក់ទណ្ឌកម្ម​របស់​អាម៉េរិក​កំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​យើង ៨០ ភាគរយ​ដូចដែល​លោក​ផ​ម​ផេ​វ​បានលើកឡើង នោះ​សំណួរ​គឺ​តើ​គោលដៅ​របស់​អាម៉េរិក​គឺ​ត្រូវ​បង្កើន​ដល់ ១០០ ភាគរយ​ឬ​យ៉ាងណា​”​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា ការអត្ថាធិប្បាយ​និង​សកម្មភាព​របស់​អ្នកធ្វើ​គោលនយោបាយ​អាម៉េរិក​កំពុង​រារាំង​ដល់​កិច្ចប្រឹងប្រែង​ថ្នាក់​កំពូល​ដើម្បី​ធ្វើឱ្យ​រស់​ឡើងវិញ​នូវ​វិស័យ​ការទូត​ដែល​ជាប់គាំង ដូច្នេះ​ខ្លួន​ពិតជា​លំបាក​ក្នុងការ​ទន្ទឹងរង់ចាំ “​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ណាស់​”​។​

​កាលពី​ថ្ងៃអាទិត្យ KCNA បាន​រាយការណ៍​ថា​លោក​គីម​បានទទួល​សារលិខិត​ផ្ទាល់​ខ្លូន “​ដែល​ខ្លឹមសារ​ល្អ​ប្រពៃ​” ពី​ប្រធានាធិបតី​អាម៉េរិក គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​លោក​ត្រាំ​និយាយថា លោក​ទទួលបាន​សារលិខិត​ដ៏​ល្អ​មួយ​ពី​មេដឹកនាំ​កូរ៉េខាងជើង​។​

​លោក​ផ​ម​ផេ​វ​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​បួន​ដង​កាលពី​ឆ្នាំមុន​ក្នុងនាម​ជា​ប្រេសិត​កំពូល​របស់លោក​ត្រាំ​ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​ពីរលើក​របស់លោក​ត្រាំ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​។​

​ប៉ុន្តែ​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​នៅ​ហាណូយ​មក កូរ៉េខាងជើង​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​បាន​ប្រព្រឹត្ត​ទង្វើ “​មិនគួរ​ឱ្យ​ជឿ​ទុកចិត្តបាន​” និង​ទាមទារ​ឱ្យ​ដក​មន្ត្រី​កំពូល​អាម៉េរិក​ជាច្រើនរូប​។​

​កាលពី​ខែ​មុន កូរ៉េខាងជើង​បាន​រិះគន់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​លោ​កច​ន បូល​តុ​ន ដោយ​ហៅ​គាត់​ថា “​ជន​ងប់ងុល​នឹង​សង្គ្រាម​” និង “​ជន​ល្មោភ​សង្គ្រាម​”​។​

​ទោះយ៉ាងណា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ទប់​មិន​និយាយ​ប្រមាថ​លោក​ត្រាំ ដែល​បានបង្ហាញ​ពី​ទំនុកចិត្ត​លើ​ទំនាក់ទំនង​របស់លោក​ជាមួយ​លោក​គីម និង​ថែមទាំង​បាន​អះអាងថា​ពួកគេ​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គ្នា​ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

លោក​ផ​ម​ផេ​វ​បាន​ទៅ​ទីក្រុង​ព្យុងយ៉ាង​បួន​ដង​កាលពី​ឆ្នាំមុន

ទីតាំងផ្សាយពាណិជ្ជកម្ម