ពួក​មហាសេដ្ឋី​អាម៉េរិក​ប្រាប់​ឱ្យ​រដ្ឋាភិបាល​យកពន្ធ​ឱ្យ​ច្រើន​ពី​ពួកគេ​

756
ចែករម្លែក

“​យកពន្ធ​យើង​ឱ្យ​ច្រើន​ទៅ​!” គឺជា​សារលិខិត​មួយ​កាលពី​ថ្ងៃ​ចន្ទ​ពី​ពួក​មហាសេដ្ឋី​អាម៉េរិក​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ប្រហែល ២០ នាក់ ដែល​បាន​ជំ​រុញឱ្យ​បេក្ខជន​ប្រធានាធិបតី​គាំទ្រ​ការទារពន្ធ​ខ្ពស់​លើ​អ្នកមាន​បំផុត​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​និង​អាទិភាព​ផ្សេងទៀត​។​

​ក្រុម​មហាសេដ្ឋី​ដែល​រួមមាន​លោក ច​ច សូ​រ៉ូ​ស សហ​ស្ថាបនិក Facebook លោក​គ្រី​ស យូ​ច កូនចៅ​ស្នង​ត្រកូល​របស់​ក្រុមហ៊ុន Walt Disney និង​ម្ចាស់​បណ្តាញ​សណ្ឋាគារ Hyatt ផងដែរ​នោះ បាន​និយាយថា “​អាម៉េរិក​មាន​ទំនួល​ខុសត្រូវ​ខាង​សីលធម៌ ក្រមសីលធម៌ និង សេដ្ឋកិច្ច​ដើម្បី​យកពន្ធ​លើ​ទ្រព្យសម្បត្តិ​របស់​ពួកយើង​ឱ្យ​ច្រើន​។ ពន្ធ​លើ​ទ្រព្យសម្បត្តិ​អាចជួយ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ កែលម្អ​សេដ្ឋកិច្ច កែលម្អ​លទ្ធផល​សុខភាព បង្កើត​ឱកាស​ស្មើភាព​គ្នា និង ពង្រឹង​សេរីភាព​ប្រជាធិបតេយ្យ​របស់​យើង​។ ការយកពន្ធ​លើ​ទ្រព្យសម្បត្តិ​គឺជា​ផលប្រយោជន៍​របស់​សាធារណរដ្ឋ​យើង​”​។​

​ពួក​អ្នកចុះហត្ថលេខា​បានចង្អុលបង្ហាញ​ថា មហាសេដ្ឋី​វ៉ារិន បា​ហ្វ​ហ្វិ​ត បាន​និយាយថា​គាត់​ត្រូវបាន​គេ​គិត​ពន្ធ​ក្នុង​អត្រា​ទាប​ជាង​លេខាធិការ​របស់គាត់​ទៀត​។​

​សារលិខិត​នោះ​គឺ​ទទួលបាន​ការគាំទ្រ​ក្នុងចំណោម​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ​ដែល​អំពាវនាវ​ឱ្យ​បង្កើន​ពន្ធ​លើ​ពួក​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ក្នុងនោះ​មាន លោក ភី​ត ប៊ូ​ធី​ជេ​ក និង​លោក បេ​តូ អូ​រ៉ូ​កេ​។​

​ប៉ុន្តែ​លិខិត​នោះបាន​កត់សម្គាល់​ពី​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​បក្ស​ទាំងពីរ​សម្រាប់​ការយកពន្ធ​ច្រើន​លើ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ដោយ​និយាយថា “​គំនិត​មួយចំនួន​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​អាម៉េរិក​ដើម្បី​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​បេក្ខជន​តិចតួច​ប៉ុណ្ណោះ​”​។​

​សារលិខិត​នេះ​បាន​លើកសរសើរ​សំណើ​របស់​ព្រឹទ្ធសមាជិក​ឈ្មោះ អេ​លីហ្សា​បេ​ត វ៉ារិន ដែល​នឹង​ដំឡើង​ពន្ធ​លើ​អ្នក​ដែលមាន​ប្រាក់ចំណូល​ជាង ៥០ លាន​ដុល្លារ ដែលជា​វិធានការ​មួយ​ត្រូវគេ​រំពឹងថា​នឹង​ប៉ះពាល់​ដល់​គ្រួសារ​អ្នកមាន​បំផុត​ចំនួន ៧៥.០០០ គ្រួសារ​។​

​សារលិខិត​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​មនុស្ស ១៨ នាក់​តំណាងឱ្យ ១១ គ្រួសារ​រួមទាំង​ជនអនាមិក​ម្នាក់​ផងដែរ​។ មនុស្ស​ជាច្រើន​នៅក្នុង​ក្រុម​នេះ​ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​លើ​បញ្ហាសំខាន់ៗ​ដូចជា​ការប្រែប្រួល​អាកាសធាតុ​និង​គម្លាត​ទ្រព្យសម្បត្តិ​កាន់តែ​ធំ​ឡើង​៕ ដោយ៖ កញ្ញាដាលីស

មហាសេដ្ឋី ច​ច សូ​រ៉ូ​ស

ទីតាំងផ្សាយពាណិជ្ជកម្ម