លោក ហេង សុវណ្ណារ៉ា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាញ់រះ​ក្នុង​ចេតនា​សម្លាប់​មនុស្ស ,បញ្ជូនទៅ​តុលាការនៅ​ព្រឹក​នេះ​

780
ចែករម្លែក
លោក ហេង សុវណ្ណារ៉ា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៤ )

ដោយ​៖​ឆាយា​នាថ​:​ភ្នំពេញ​៖​អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង បញ្ជាក់ប្រាប់ថា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា នេះ នគរបាល​នឹង​បញ្ជូន​លោក ហេង សុវណ្ណារ៉ា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៤) ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ករណី​បាញ់រះ​ក្នុង​ចេតនា​សម្លាប់​មនុស្ស ព្រោះតែ​រឿង​គំនុំ ។

​ហេតុការណ៍​នៃ​ការបាញ់បោះ​សេរី​ក្នុង​អំពើ​ប៉ុនប៉ង​ឃាតកម្ម​នេះ គឺកើតឡើង​នៅ​ថ្ងៃ​២៤ ខែមិថុនា វេលា​ម៉ោង​២២៖៣៥​នាទី នៅ​ចំណុច​ក្នុង​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​ឈ្មោះ សុង សូ​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​បោក​អ៊ុតខោអាវ ស្នាក់នៅ​ផ្ទះជួល​លេខ​១០ ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ សម្ភារខូចខាត រួមមាន​ធ្លុះ​ការ៉ូ , ធ្លុះ​ទ្វារ​កញ្ចក់ , ធ្លុះ​ពិ​តាន និង ធ្លុះ​កញ្ចក់​បង្អួច​ឡៅតឿ ។ សម្ភារបន្សល់ទុក រួមមាន អាកា​ស្វ័យ​បត់​១​ដើម លេខ​១៦២០៤៦១ , បង់​១ មាន​គ្រាប់​១២​គ្រាប់ សម្បក​គ្រាប់​១១ , ក្បាល​គ្រាប់​២ , រថយន្ត​មួយគ្រឿង ម៉ាក​ស្តា​រិច ពណ៌​ស ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AX-9509 ។​

​លោក​អធិការ​ខណ្ឌ​សែន​សុខ បញ្ជាក់ថា មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​ដេក​ក្នុង​បន្ទប់​ជួល របស់ខ្លួន ស្រាប់តែ​ឮ​សឡេង​ផ្ទុះ​គ្រាប់កាំភ្លើង ចូលក្នុង​ផ្ទះជួល​របស់​ខ្លួន​ជាច្រើន​គ្រាប់ រួច​ជនសង្ស័យ​បាន​បើកឡាន​គេចខ្លួន​ទៅ​បាត់ ។​

​បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ស្រាវជ្រាវ តាម​កាមេរ៉ា​សុវត្ថិភាព កំណត់​បាន​ភិនភាគ​ជនសង្ស័យ និង​បាន​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាងនៅ​ក្នុងផ្ទះ​របស់ខ្លួន​លេខ​៤៨​ស្ទួន ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ យកមក​ធ្វើការ​សាកសួរ​នៅ​អ​ធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តន៍​តាមច្បាប់ ។​

​មាត្រា​២៧​និង​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ បទល្មើស​”​ប៉ុនប៉ង​ឃាតកម្ម​” ចែងថា អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ​ឬ​មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់ទោស​ណាមួយ ត្រូវ​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ ៕ /Ha