កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​គម្រោងការ​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​ដល់​អ្នក​សារពត៌មាន​របស់​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​

560
ចែករម្លែក

​ដោយ​: គូលែន
​សៀមរាប​:
អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​មួយ ស្ដីពី​គម្រោងការ​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​ដល់​អ្នក​សារពត៌មាន និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​នៅក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​រដ្ឋបាល​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​លោក ទេស ច័ន្ទ​គី​រី សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប , លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប និង លោក​សឹង ម៉ុង​វិចិត្រ តំណាង​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​។​

​លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​គម្រោងការ​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​ដល់​អ្នក​សារពត៌មាន ដែល​រៀបចំឡើង​ដោយ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា ហើយ​លោក​សង្ឃឹមថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ នឹងធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​ទទួលបាន​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​ធ្វើ​ឲ្យ​ការសរសេរ​ព័ត៌មាន ប្រកបដោយ​ដោយ​សុក្រឹតភាព ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ និង ពិតប្រាកដ​។​

​លោក​បាន​បន្តថា ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ សូម​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់ គួរ​គប្បី​សរសេរ​ព័ត៌មាន​ដោយមាន​ប្រភព​ច្បាស់លាស់ និង មាន​សាក្សី​ក្នុង​ហេតុការណ៍​ពិតប្រាកដ ជាពិសេស សូម​ឲ្យ​អាជ្ញាធរ សមត្ថកិច្ច និង អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ផ្ដល់​កិច្ចសហការ​ជាមួយ​អ្នកសារព័ត៌មាន ក្នុង​ផ្ដល់ព័ត៌មាន​ស្រាយ​បំភ្លឺ ក្នុងករណី​មានការ​ស្នើសុំ​ពី​អ្នកសារព័ត៌មាន​។​

​លោក សឹង ម៉ុង​វិចិត្រ បាន​និយាយថា ដោយមាន​ទទួលបាន​ជំនួយ​ពី​អង្គការ អ៊ី​ន​ធឺ​ញូ​រស៍​(Internews) ដែលមាន​ស្នាក់ការ​កណ្តាល​នៅ​ប្រទេស​អង់គ្លេស អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា បាន​អនុវត្ត​គម្រោង​ស្តីពី ការពង្រឹង​សមត្ថភាព​ដល់​អ្នក​សារពត៌មាន ឲ្យ​មាន​ការគោរព​ច្បាប់ និង​សី​លធ​ម អ្នកសារព័ត៌មាន ដែល​គម្រោង​នេះ ផ្តោតទៅលើ​សកម្ម​ភាពជា​មូលដ្ឋាន​ធំៗ​ចំនួន​៣ គឺ​ទី​១. ការរៀបចំ​សិក្ខាសាលា និង ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព នៃ​ច្បាប់​ពាក់ព័ន្ធ​នឹង​ច្បាប់សារព័ត៌មាន​ដល់​អ្នកសារព័ត៌មាន , ទី​២. ប្រជុំ​ប្រចាំត្រីមាស​ជាមួយ​ស្ថាប័ន និង អង្គភាព​ពាក់​ព​ន្ធ័​នៅក្នុង​ខេត្ត​ចំនួន​២ សៀមរាប និង បាត់ដំបង និង​ទី​៣. ការពារ​ក្តី​ពាក់​ព​ន្ធ័​ទៅនឹង​អ្នកសារព័ត៌មាន និង បើក​វគ្គ​បណ្តុះបណ្តាល ដល់​អ្នកព័ត៌មាន ដើម្បី​ឲ្យ​ពួកគាត់​ដឹងថា តើ​ការផ្សាយ​ព័ត៌មាន​បែបណា​ឲ្យ​រួច​ផុតពី​ការ​ប្តឹងផ្តល់​។​

​លោក​បាន​បន្តទៀតថា អង្គការ​នឹង​ជួយផ្តល់​ការប្រឹក្សា ក៏ដូចជា​ជួយផ្តល់​មេធាវី សម្រាប់​ការពារ​ផ្លូវច្បាប់​ដល់​អ្នកសារព័ត៌មាន ក្នុងករណី​ដែលមាន​ការប្តឹង​ផ្តល់នៅ​តុលាការ ឬ​មានការ​គម្រាមកំហែង​អ្នកសារព័ត៌មាន ហើយ​អ្នកសារព័ត៌មាន អាចទាក់ទង​មក​ការិយាល័យ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់ ដើម្បី​ទទួលបាន​ការប្រឹក្សា ឬ​ការការពារ​ផ្នែក​ច្បាប់​ដោយ​មិន​គិត​កម្រៃ ។​

​លោក ទេស ច័ន្ទ​គី​រី សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​បញ្ជាក់ថា អ្នកសារព័ត៌មាន​មាន​តួនាទី​សំខាន់​នៅក្នុង​សង្គម ដូច្នេះ​ដើម្បី​ចៀសវៀង​នូវ​ការ​ប្តឹងផ្តល់ អ្នកព័ត៌មាន​ត្រូវតែ​ប្រកាន់ខ្លួន​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​សង្គម សរសេរ​ព័ត៌មាន​ដែល​ពិត ត្រឹមត្រូវ រិះគន់​បែប​ស្ថាបនា កុំ​ធ្វើខ្លួន​ជា​អាជ្ញាធរ ជា​សមត្ថកិច្ច ឬ​ជា​តុលាការ ជាដើម ជាពិសេស ដើម្បី​លើក​តម្លៃ​វិស័យ​សារព័ត៌មាន អ្នកសារព័ត៌មាន ក៏ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ និង​ការធ្វើ​ទំនើប​កម្មវិស័យ​សារព័ត៌មាន ឲ្យ​សមស្រប​ទៅតាម​សម័យកាល​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម