ទាហាន​អាម៉េរិក​២​នាក់​ត្រូវបាន​សម្លាប់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

832
ចែករម្លែក

​អង្គការ​NATO​បាន​និយាយថា ទាហាន​អាម៉េរិក​នាក់​ត្រូវបាន​សម្លាប់​នៅ ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ថ្ងៃ​ពុធ​ទី​២៦​ខែមិថុនា ដែល​ជា​ការវាយប្រហារ​ចុងក្រោយ​បំផុត​ដែល​ធ្វើ​​ឱ្យ​ស្លាប់​និង​របួស​ទាហាន​អន្តរជាតិ ខណៈ​ដែល​សហរដ្ឋ​អាម៉េរិក​និង​ក្រុម​តា​លី​បង់​បាន​ត្រៀម​ខ្លួន​សម្រាប់​ជំនួប​ចរចា​ជុំ​ថ្មី​។​

​ក្រុម​បេសកកម្ម​គាំង​ទ្រ​អង្គការ​NATO នៅ​អា​ហ្វ​ហ្គានី​ស្ថានមិន​បាន​ផ្តល់​សេចក្តីលម្អិត​បន្ថែម​ទេ ប៉ុន្តែ​ការស្លាប់​នេះ​បាន​កើតឡើង​មិន​ដល់​២៤​ម៉ោង បន្ទាប់​ពី លោក មៃ ផ​ម​ផេវ ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក បាន​ធ្វើ​ទស្សនកិច្ច​ដែល​មិន​ប្រកាស​ជា​មុន​ទៅ​កាន់​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន និង​បាន​និយាយថា លោក​សង្ឃឹមថា​នឹង​មាន​កិច្ច​ព្រម​​ព្រៀង​សន្តិភាព​ជាមួយ​ក្រុម​តា​លី​បង់ នៅមុន​ថ្ងៃទី​១​ខែ​កញ្ញា​។​

​ក្រុម​តា​លី​បង់​បាន​អះអាង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួកគេ​បាន​សម្លាប់​ទាហាន​អាម៉េរិក​២​នាក់​នៅ​ក្នុងការ​ពួន​ស្ទាក់​វាយប្រហារ​នៅ​ស្រុក​Sayed Abad នៅ​ខេត្ត​Wardak ​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ​កាលពី​ថ្ងៃ​ពុធ​។​

​ការវាយប្រហារ​នេះ បាន​នាំ​ឱ្យ​ចំនួន​ទា​ហា​អាម៉េរិក​ស្លាប់​កើនឡើង​៩​នាក់ រហូតដល់​ពេល​នេះ​នៅ​ប្រទេស​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ឆ្នាំនេះ​។​នៅ​ឆ្នាំ​២០១៨​ទាហាន​អាម៉េរិក​ចំនួន​១២​នាក់ ត្រូវបាន​សម្លាប់​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក មៃ ផ​ម​ផេវ បាន​ជួប​ជាមួយ​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន អាស​រ៉ា​ហ្វ ហ្គានី ( Ashraf Ghani ) ហើយ​នៅក្នុង​ជំនួប​នោះ​លោក មៃ ផ​ម​ផេវ ​បាន​និយាយថា សន្តិភាព​គឺជា “​អាទិភាព​ខ្ពស់​បំផុត​” របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។

​កាលពី​ខែ​កញ្ញា​ឆ្នាំមុន សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ជំរុញ​ជា​ថ្មី​ដើម្បី​នាំ​ក្រុម​តា​លី​បង់ ទៅកាន់​តុ​ចរចា​ដើម្បី​បញ្ចប់សង្គ្រាម​រយៈពេល​វែង​បំផុត​របស់​អាមេរិក​នេះ​។​

​ការចរចា​ជុំ​បន្ទាប់​រវាង​ក្រុម​តា​លី​បង់​និង​សហរដ្ឋ​អាម៉េរិក​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៩​ខែ​មិថុនា​នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា​៕ប្រែ​សម្រួល​៖​សុខា​

នៅពេលនេះ មាន​ទាហាន​អាមេរិក​ចំនួន​១៤.០០០​នាក់​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​

ទីតាំងផ្សាយពាណិជ្ជកម្ម