ក្រសួងបរិស្ថាន​ទទួលស្គាល់​សហគមន៍ តំបន់ការពារធម្មជាតិ​ចំនួន​៥ ក្នុង​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់

866
ចែករម្លែក

ដោយ​: សុខុម​
​ស្ទឹងត្រែង​:
សហគមន៍​តំបន់ការពារធម្មជាតិ ចំនួន ៥ នៅក្នុង​តំបន់ ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ស្ថិតនៅ​ក្នុងស្រុក ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួងបរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩​នេះ​។ ពិធី​ប្រកាស​ទទួលស្គាល់​សហគម​ន៍ តំបន់ការពារធម្មជាតិ​នៅ​តំបន់​ដែន​ជំរក​សត្វព្រៃ ព្រៃ​ឡង់​នេះ​បាន ធ្វើឡើង​នៅ​សាលាបឋមសិក្សា​វាល​ពោធិ៍ ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

​ជាមួយ​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម ក្រោម​វត្តមាន លោក រ័ត្ន វិ​រៈ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង​លោក ដួង ពៅ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​បរិស្ថាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់​។​

​សហគមន៍ តំបន់ការពារធម្មជាតិ នេះ បានកើត​ឡើង តាមរយៈ ការស្នើ សុំ ការគាំទ្រ ពី សហគមន៍ មូលដ្ឋាន ដើម្បី ឱ្យ សហគមន៍ មានលទ្ធភាព ពេញលេញ ចូលរួម គ្រប់គ្រង ប្រើប្រាស់ អាស្រ័យ ផល ប្រកបដោយ និរន្តរភាព និង ប្រសិទ្ធភាព ដោយ​ខ្លួនឯង​។

​លោក កង រ៉ែ​ន តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​ថ្លៃ​ង​អំណរគុណ​ចំពោះ​ក្រសួងបរិស្ថាន ដែល​បានទទួល​ស្គាល់​សហគម​ន៍​ទាំង​៥ ថែមទាំង​បាន​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត រួមសហការ​គ្នា​រវាង​សហគមន៍ ជាមួយនិង​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដើម្បី​ការពារ​ឲ្យ​បាន​នូវ​ធនធានធម្មជាតិ​នៅក្នុង​សហគមន៍ តំបន់ការពារធម្មជាតិ​នៅ​តំបន់​ដែន​ជំរក​សត្វព្រៃ ព្រៃ​ឡង់​។ បន្ត​រួមសហកា​ជាមួយ​អាជ្ញាធរ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​នានា​ដែល​កើតឡើង​ក្នង​តំបន់​ការពារ​ធនធានធម្មជាតិ​ដែន​ជំរក​សត្វព្រៃ​ព្រៃ​ឡង់​ថែម​ទៀតផង​។​ហើយក៏ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​តំបន់​តំបន់ការពារធម្មជាតិ​នៅ​គង់វង្ស​ស្ថិតស្ថេរ​បានយូរ​អង្វែង​។​

​លោក រ័ត្ន វិ​រៈ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានលើកឡើង​ថា​សហគម​ន៍​មាន​តួ​នី​សំខាន់​ក្នុងការ​ចូលរួម ដោយផ្ទាល់​ក្នុងការ​ការពារ និង អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។ លោក បានបញ្ជាក់ ថា​កា​ប្រកាស​ទទួល​សហគមន៍ តំបន់ការពារធម្មជាតិ​នៅ​តំបន់​ដែន​ជំរក​សត្វព្រៃ ព្រៃ​ឡង់​នេះ ជាការ​ផ្តល់​ភាពស្របច្បាប់​ជូន​ដល់​សហគមន៍​ទាំង​៥ មាន​សិទ្ធិ​ចូលរួម​ការពារ​ដោយ​ស្របច្បាប់ និង​ពេញលេញ​ជាមួយ​មន្ទីរ​បរិ​ស្ថាន​ខេត្ត និង​ជាមួយ​អាជ្ញាធរ​ដែនដី​នៅក្នុង​ភូមិសាស្ត្រ​ព្រៃ​ឡង់​។

​លោក​ថា ក្រសួងបរិស្ថាន​នៅតែ​បន្ត​ផ្តល់​អទិភាព​ជូន​ដល់​ប្រជាពលរដ្ឋ និង​សហគមន៍​ណាមួយ​ដែលមាន​ឆ​ន្ទះ និង​គំនិត​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ការពារ​ដែន​ជំរក​សត្វព្រៃ​។ ក្រៅពីនេះ​ក្រសួងបរិស្ថាន​និង​បន្ត​ផ្តល់​ភាពស្របច្បាប់​ដល់​សហគម​ន៍​ទាំងនោះ​។​

​សូមបញ្ជាក់ថា សហគមន៍ ទាំង ៥ មកពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ស្ថិតក្នុង​តំបន់​ការពារ ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ខេត្ត ស្ទឹងត្រែង បាន ក្លាយជា សហគមន៍ តំបន់ការពារធម្មជាតិ រួមមាន ទី ១- សហគមន៍ តំបន់ការពារធម្មជាតិ គី​រី​សុខសាន្ត ២- សហគមន៍ តំបន់ការពារធម្មជាតិ ទាល់ ៣- សហគមន៍ តំបន់ការពារធម្មជាតិ ផ្អាវ ៤- សហគមន៍ តំបន់ការពារធម្មជាតិ អន្លង់​ភេ ៥- សហគមន៍ តំបន់ការពារធម្មជាតិ អូរ អន្លង់​ជ្រៃ​។ សហគមន៍​ទាំង​៥ ខាងលើនេះ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ អន្លង់​ភេ និង​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម