ឥណ្ឌា​បង្ហាញ​ចំណង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​កម្ពុជា​លើ​វិស័យ​ទេសចរណ៍​សុខាភិបាល​និង បច្ចេកវិទ្យា​

1015
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រុមហ៊ុន​របស់​ឥណ្ឌា​មួយ​បានបង្ហាញ​គោលបំណង​ចង់​បង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​ដែល​កំពុង​សិក្សា​នៅ​កម្រិត​អនុវិទ្យាល័យ​និង​យុវជន​ដែល​បោះបង់​ការសិក្សា​ដើម្បីឱ្យ​ពួកគេ​ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់ និង​មាន​ការងារ​សមរម្យ​។​

​ការបង្ហាញ​សុ​ឆ​ន្ទះ​ក្នុងការ​បណ្តុះបណ្តាល​យុវជន​កម្ពុជា​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក រ៉ា​ជនី​ស្ហ​កូ​ណា​ត្រា (Rajneesh Kanotra) ប្រធាន​ផ្នែក​ទំនាក់ទំនង​ទីផ្សារ​របស់​ក្រុមហ៊ុន Centum Learning Ltd កាលពី រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បានបញ្ជាក់​ក្នុង​ពិធី​នេះ​ថា​កម្ពុជា​-​ឥណ្ឌា​ធ្លាប់មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​តាំងពី​បុរាណកាល​មក ហើយ​បច្ចុប្បន្ន​ស្ថានភាព​ប្រជាសាស្ត្រ​ការគោរព​ប្រតិបត្តិ​សាសនា​ទំនៀមទម្លាប់ ការរស់នៅ​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​និង​ឥណ្ឌា​ក៏មាន​ភាព​ប្រហាក់ប្រហែលគ្នា​ដែរ​។​

​លោក​បាន​បន្ត​ឱ្យដឹងថា​បានបង្ហាញ​ការកោតសរសើរ​ដល់​ក្រុមហ៊ុន​CentumLearningLtd​ថា​បានទទួល​ភាពជោគជ័យ​របស់ខ្លួន​នា​កន្លងមក​។​ព្រមជាមួយ​គ្នា​ក៏បាន​បង្ហាញ​ការស្វាគមន៍​ដល់​ក្រុមហ៊ុន​មួយ​នេះ​ដែលមាន​បំណង​ចង់​បង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​។

​ដោយឡែក​លោក រ៉ា​ជនី​ស្ហ ប្រធាន​ផ្នែក​ទំនាក់ទំនង​ទីផ្សារ​របស់​ក្រុមហ៊ុន Centum Learning Ltd បានឱ្យដឹង​ដែរ​ថា​ក្រុមហ៊ុន​លោក​មាន​គោលបំណង​ចង់​បង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​ក្នុងការ​បង្កើត​គម្រោង​អភិវឌ្ឍន៍​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ​(​អនុវិទ្យាល័យ​)​។យុវជន​ដែល​បាន​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៩​។​ដើម្បីឱ្យ​ពួកគេ​ទទួលបាន​នូវ​ជំនាញ​វិជ្ជាជីវៈ​ណាមួយ​និង​ទទួលបាន​ការងារ​ធ្វើ​សមរម្យ ក្នុងនោះ​មានដូចជា​ជំនាញ​បច្ចេកវិទ្យា ទេសចរណ៍ សុខាភិបាល ហិរញ្ញវត្ថុ​ជាដើម​។​

​ព្រម​ជាមួយគ្នានេះ​លោក រ៉ា​ជនី​ស្ហ កា​ណូ​ត្រា បានបញ្ជាក់​ប្រាប់​លោក​អ៊ិត សំហេង ផង​ថា ក្រុមហ៊ុន CentumLearningLtd​របស់លោក​ក៏​អាច​ចែករំលែក​បទពិសោធន៍​នៃ​ការអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ជាមួយ​កម្ពុជា​បាន​ផងដែរ ប្រសិនបើ​កម្ពុជា​មានបំណង​ចង់​ពង្រឹងសមត្ថភាព​មន្ត្រី​ជា​គ្រូ​បង្គោល​បន្ថែមទៀត​៕S/

​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្នុង​កិច្ចពិភាក្សា​ការងារ​ជាមួយ​លោក រ៉ា​ជនី​ស្ហ កូ​ណា​ត្រា ប្រធាន​ផ្នែក​ទំនាក់ទំនង​ទីផ្សារ​របស់​ក្រុមហ៊ុន Centum Learning Ltd កាលពី រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​

ទីតាំងផ្សាយពាណិជ្ជកម្ម