ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់ ដោយសារ​រលក​កម្តៅ​ក្តៅ​ខ្លាំង​នៅ​ហាណូយ​

618
ចែករម្លែក

មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​រលក​កម្តៅ​ក្តៅ​ខ្លាំង​នៅ​រដ្ឋធានី​ហាណូយ​នៅ​ខែ​នេះ ហើយ​អ្នក​ទី​បី​ម្នាក់ទៀត​កំពុង​សន្លប់​បាត់ស្មារតី​។​

​យោងតាម​វេជ្ជបណ្ឌិត ង្វៀន ធី​ង៉ា នៃ​មន្ទីរពេទ្យ​កណ្តាល​យោធា​លេខ​១០៨​បានឱ្យដឹងថា មនុស្ស​ទាំងបី​នាក់​នេះ​ត្រូវបាន​នាំទៅ​មន្ទីរពេទ្យ ហើយ​អ្នកសន្លប់​បាត់ស្មារតី​ម្នាក់​នោះ​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​

​ពួកគេ​ទាំងបី​គឺជា​កម្មករ ដែល​ធ្វើការ​នៅ​ខាងក្រៅ​អស់​ជាច្រើន​ម៉ោង​ក្រោម​រលក​កម្តៅ ដែល​បណ្តាលឱ្យ​ក្តៅខ្លួន ខូច​សរីរាង្គ និង​ខូច​សរសៃឈាម​បេះដូង​។​

​អ្នក​រស់រានមានជីវិត​ម្នាក់នេះ​ត្រូវបាន​ដឹក​ចូល​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ជាមួយនឹង​សីតុណ្ហភាព​រាងកាយ​គឺ ៤២ អង្សា និង​ខូច​សរីរាង្គ​ជាច្រើន​។ សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​ស្ត្រី​អាយុ ៥០ ឆ្នាំ​រូបនេះ​បាន​វិល​ត្រឡប់មក​ធម្មតា​វិញ ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​រប​ស់​វេជ្ជបណ្ឌិត ប៉ុន្តែ​នៅតែ​ស្ថិតក្នុង​ស្ថានភាព​សន្លប់​ធំ​ដដែល​។​

​វេជ្ជបណ្ឌិត​បាន​ព្រមាន​មនុស្ស​កុំឱ្យ​ចេញទៅ​ក្រៅ​អំឡុង​ថ្ងៃ​ក្តៅ​ខ្លាំង និង​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​និង​បាំង​ខ្លួនប្រាណ​ឱ្យ​ជិតៗ ប្រសិនបើ​ពួកគេ​ត្រូវ​ទៅធ្វើ​ការ​នៅ​ខាងក្រៅ​ដើម្បី​ចៀសវាង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​បណ្តាលមកពី​រលក​កម្តៅ​។​

​វៀតណាម​ខាងជើង​និង​ភាគ​កណ្តាល​បាននិងកំពុង​ជួបប្រទះ​រដូវក្តៅ​ស្ទើរ​ប្រេះ​លលាដ៍​។ សីតុណ្ហភាព​នៅ​ទីក្រុង​ហាណូយ​បាន​ឡើងដល់ ៤០ អង្សា​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​សីតុណ្ហភាព​នៅ​ទីក្រុង​វ៉េ ភាគ​កណ្តាល​ប្រទេស​វៀតណាម គឺ​ប្រហែល ៣៩ អង្សា​៕ ដោយ៖ កញ្ញាដាលីស

ស្ត្រី​អាយុ ៥០ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កណ្តាល​យោធា​លេខ​១០៨ បន្ទាប់ពី​សន្លប់​ធំ​ពី​អាកាសធាតុ​ក្តៅ​ខ្លាំងពេក

ទីតាំងផ្សាយពាណិជ្ជកម្ម