ពលរដ្ឋ​ប្រទះឃើញ​ផ្សោត​សមុទ្រ​ទ​ម្ង​ង់​ជិត​២០​គីឡូ​ក្រោម​ងាប់​នៅ​ឆ្នេរ​កោះ​យ៉​

675
ចែករម្លែក

ដោយ: សុ​ផានី​តា​
​កោះកុង​:
ក្រុម​ប្រជាពលរដ្ឋ ជា​អាជីវករ​លក់ដូរ​ចំណីអាហារ​នៅ​ឆ្នេរ​កោះ​យ៉ ឬ​ឆ្នេរ​ប៉ាក់​ខ្លង បាន​ប្រទះឃើញ​សពសត្វ​ផ្សោត​សមុទ្រ​ទ​ម្ង​ង់​ជិត​២០​គីឡូ​ក្រោម​មួយ​ក្បាល ងាប់​រសាត់​អណ្តែង​មកលើ​ច្រាំង​ក្នុងស្ថានភាព​គួរ​អាណិតអាសូរ​។​

​ការប្រទះឃើញ​សពសត្វ​ផ្សោត​របស់​ពលរដ្ឋ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ឆ្នេរ​ប៉ាក់​ខ្លង ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល សីមា ខេត្តកោះកុង​។

​ក្រុម​ពលរដ្ឋ លើកឡើង​ជាបឋម​ថា ផ្សោត​ដែល​ពួកគាត់​ឃើញ​ងាប់​នេះ អាច​បណ្តាលមកពី​ការជាប់​មូង​របស់​អ្នកនេសាទ ឬ​ខាំ​គ្នា ពីព្រោះ​មាន​ស្នាមរបួស​លើ​ដងខ្លួន​ជាច្រើន​កន្លែង​។​

​ពលរដ្ឋ​អាជីវករ ឱ្យដឹង​ទៀ​ថា ពួកគាត់​ស្រុះស្រួល​គ្នា​យក​សព​ផ្សោត​សមុទ្រ​ទ​ម្ង​ង់​ជិត​២០​គីឡូ​ក្រោម ទៅ​កប់​ដោយ​មិន​ចង់អោយមាន​ធំ​ក្លិនស្អុយ​ប៉ះពាល់​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​តំបន់ឆ្នេរ​។​

ត្បិត​យ៉ាងនេះ​ក៏ពិតមែន ពលរដ្ឋ ស្នើ​ដល់​មន្ត្រី​មន្ទីរ​បរិស្ថាន និង​មន្ទីរ​ទេសចរណ៍ ចាំបាច់​រិះរក​យន្តការ អភិរក្ស និង​បង្កើន​ការទាក់ទាញ​ចំនួន​អ្នកទេសចរ​មកលេង​ក​ម្សា​ន្ត​តំបន់ឆ្នេរ តាមរយៈ​ការពារ​រយ​បាន​គង់វង្ស ជៀសវាង​សត្វ​ផ្សោត​សមុទ្រ​ទាំងនោះ​ផុត​ពូជ​។​

​បើតាម​ពលរដ្ឋ​តំបន់ឆ្នេរ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា រៀបរាប់ថា សត្វ​ផ្សោត​ប្រភេទ​នេះ​វា​ស្លូត និង​គួរ​ស្រឡាញ់​ណាស់​ហើយ​រឹតតែ​កម្រ​នឹង​បានឃើញ​ទៀតផង​។ គេ​អាច​ឃើញ​ម្តង​ម្តា​ល នៅពេលដែល​ទឹកសមុទ្រ​មាន​ភាព​ស្ងប់ស្ងៀម ឬ​គ្មាន​ទូក​នេសាទ​ក្បែរ​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង​។ តែ​ទោះ​បែបនេះ​ក្តី​ពលរដ្ឋ​អា​ជីករ​មិន​បានដឹង​ច្បាស់​ពី​ចំនួន​សត្វ​ផ្សោត​ថា មាន​ប៉ុន្មាន និង​មាន​ប៉ុន្មាន​ប្រភេទ​នោះទេ​។​

​ដោយឡែក ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង លោក ម៉ន ផល្លា បាន​អះអាងថា លោក និង​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ តែង​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ប្រជា​នេសាទ​ទាំងអស់ ករណី​ប្រទះឃើញ​វា​ជាប់​មូង ត្រូវ​ដោះលែង អោយមាន​សិទ្ធិសេរីភាព​ឡើងវិញ ព្រោះ​វា​ជា​ប្រភេទ​សត្វ​កម្រ​ណាស់ ក្នុងការ​រួមចំណែក​ទា​ក់​ទាញ​ភ្ញៀវទេសចរ នាពេល​សព្វថ្ងៃ ។​

​លោក ម៉ន ផល្លា ក៏បាន​ពន្យល់​ដែរ​ថា លោក​ពុំ​ធ្លាប់​ទទួល​ព័ត៌មាន​ថា មាន​សត្វ​ផ្សោត​សមុទ្រ​ងាប់​នោះទេ ទើបតែ​ដឹង​ព័ត៌មាន​មួយ​ករណីនេះ​ប៉ុណ្ណោះ​។ ជាក់ស្តែង សត្វ​ផ្សេង​ងាប់​ដែល​ពលរដ្ឋ​ប្រទះឃើញ​ជា​ផ្សោត​ប្រភេទ​(​ក្បាល​ត្រងោល​) ដែល​សាធារណជន​ពុំ​ងាយ​បានឃើញ​វា​ទេ​។

​វិធានការ​ការពារ​អភិរក្ស​សត្វ​ផ្សោត​សមុទ្រ លោក ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រូបនេះ នឹង​បង្កើន​ការអប់រំ​យល់ដឹង​បន្ថែម​ដល់​ប្រជា​អ្នកនេសាទ និង​សាធារណជន​ដ៏​ទៃ ដោយ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ដែន​ជម្រក​រស់នៅ សត្វ​ផ្សោត ឬ​បំពុលបរិស្ថាន​ក្នុង​ទឹកសមុទ្រ​ជាដើម​។​

​យោងតាម​កិច្ច​ស្រាវជ្រាវ​កន្លងទៅ របស់​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង សត្វ​ផ្សោត​សមុទ្រ​ចំនួន​៣​ប្រភេទ​៖ ទី​១-​ផ្សោត​ក្បាល​ត្រងោល ទី​២-​ផ្សោត​អត់​ព្រុយ​ខ្នង និង​ទី​៣-​ផ្សោត​ឃ្លៀច​។

​សត្វ​ផ្សោត​សមុទ្រ​ទាំងនេះ​តែង​ធ្វើ​ចរាចរណ៍​តាម​ខ្សែទឹក​សមុទ្រ​ទៅមក​ពី​តំបន់ឆ្នេរ​សមុទ្រ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ឆ្លងតាម​សហគមន៍​ព្រៃកោងកាង​ពាម​ក្រសោប ឆ្ពោះទៅ​កោះ​កាពិ ស្រុក​កោះកុង ទើប​ធ្វើដំណើរ​ត្រឡប់​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង​វិញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម