មន្ទីរពេទ្យ​ខេត្តកំពង់ចាម​មាន​សេរ៉ូម​សម្រាប់​ព្យាបាល​ជំងឺ​ទូទៅ​គ្រប់គ្រាន់​

863
ចែករម្លែក

ដោយ​: គង់​ហេង​/​កំពង់ចាម​: នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម មាន​សេរ៉ូម​ស្តុក​ទុក​សម្រាប់​ព្យាបាល​អ្នកជំងឺ ទាំងអស់​ចំនួន​៤.០០០​កំប្លោក​និង​មាន​ត្រៀម​បម្រុង​ទុក​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​នេះ​ចំនួន​ប្រមាណ​១.០០០ កំប្លោក​បន្ថែមទៀត​។ នេះ​បើតាម​ការ​ឱ្យដឹងពី​ប្រធាន​មន្ទីរ​សុខាភិបាល​នៅ​រសៀល​ថ្ងៃទី​២៧​ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​លោក គឹម​សួរ ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​មិញ​លោក និង​លោក​ធា​គ្រុយ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ដឹកនាំ​មន្ត្រី​ជា​គ្រូពេទ្យ​ទៅកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ក្រោយពី​ទទួល​ព័ត៌មាន​ផ្សព្វផ្សាយ​ថា​មន្ទីរពេទ្យ​មួយ​នេះ​បាន​ខ្វះខាត​សេរ៉ូម​សម្រាប់​ព្យាបាល​អ្នកជំងឺ​ឡ​គ្រុនឈាម​ជា​កុមារ​នោះ​។​

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​ប៉ុន្តែ​ក្រោយពី​ការត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ឱសថ​ពិសេស​យើង​បាន​រាប់​រកឃើញ​សេរ៉ូម​មាន​ចំនួន​ប្រមាណ​៤.០០០​កំប្លោក​ទៀត​នៅ​ទីនោះ​។​ដោយឡែក​នៅ​មន្ទីរ​សុខាភិបាល​នេះ​ផ្ទាល់​យើង​បាន​ត្រៀម​ទុក​ក្នុង​ចំនួន​ប្រហែល​១.០០០​កំប្លោក​បន្ថែមទៀត​។​គឺ​មិន​ដូច​អ្វីដែល​ខាង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បាន​អះអាង​ប្រាប់​ថ្ងៃមុន​ថា​ខ្វះ​សេរ៉ូម​សម្រាប់​ព្យាបាល​កុមារ​កើត​ជំងឺគ្រុនឈាម​នោះ ជា​ភាន់ច្រឡំ និង​បារម្ភ​ខ្លាំងពេក​។

​លោក​ភិ​រុណ​បាន​បន្តថា​ដូចគ្នានេះដែរ​គឺ​នៅ​គ្រប់​បណ្តា​មន្ទីរពេទ្យបង្អែក​និង​មណ្ឌល​សុខភាព​នៅតាម​ស្រុក​ក្រុង​ទាំង ១០ របស់​ខេត្តកំពង់ចាម ក៏​គ្មាន​ខ្វះ​សេរ៉ូម​ទេ​។ ដោយឡែក​នៅ​ថ្ងៃទី ២៨ មិថុនា​ស្អែក​នេះ ខាង​ក្រសួងសុខាភិបាល​បាន​ជូនដំណឹង​ឲ្យ​តាម​បណ្តា​មន្ទីរពេទ្យ​របស់​ខេត្តកំពង់ចាម​ឡើងទៅ​ទទួល​សេរ៉ូម​សម្រាប់​យកមក​ព្យាបាល​ជូន​អ្នកជំងឺ​ជា​ប្រជាពលរដ្ឋ​បន្ថែមទៀត​។​

គួរ​បញ្ជាក់ថា​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺគ្រុនឈាម​នេះ​ខាង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​បាន​ត្រៀម​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ព្យាបាល​និង​បានធ្វើការ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​រួច​អស់ហើយ ដូចជា​បាន​ណែនាំ​ឲ្យ​ដាក់​ថ្នាំ​អាល់​បែ​ត​បាញ់ថ្នាំ​សម្លាប់សត្វ​មូស​ជាដើម​។ ក្នុងនោះ​ក៏បាន​ចាត់​សេរ៉ូម​ឱសថ​សម្ភារៈ​បរិក្ខា​ពេទ្យ​ទៅកាន់​មណ្ឌល​សុខភាព​តាម​មូលដ្ឋាន​គ្រប់​តំបន់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម