គណបក្ស​ប្រជាជន​កម្ពុជា ​ប្រារព្ធ​ខួប ៦៨ ឆ្នាំ​

1419
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​:ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រារព្ធ​ខួប​ទី ៦៨ នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩ ) ដោយមាន​សមាជិក​ចូលរួម​ប្រមាណ​បី​ម៉ឺន​នាក់​។​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​​ប្រព្រឹត្តទៅ​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​


​​តាម​កម្មវិធី​គ្រោងទុក​ សមាជិក​ សមាជិកា​បក្ស និងអ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​​ជួបជុំគ្នា​ពី​ព្រលឹម​ដើម្បី​រង់ចាំ​ទទួល​ស្វាគមន៍​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​គណបក្ស ,​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស ,​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ,​សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​និង​មន្ត្រីជាន់ខ្ពស់​គណបក្ស ។ ក៏មាន​វត្តមាន​បណ្តា​អង្គទូត​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា​ចូលរួម​ផងដែរ​។​
​ ​

តាម​កម្មវិធី​គ្រោងទុក ​អង្គពិធី​បានចាប់ផ្តើម​នៅ​ម៉ោង ៧ គត់​ ។អង្គ​មិ​ទ្ទីង​ចាប់ផ្តើម​ជាមួយសំឡេង​ជយ​ឃោស និងស្នូរ​ទះដៃ ។ បន្ទាប់ពី​ព្រះសង្ឃ​ស្វាធ្យាយន៍​ជយន្តោ ពិធី​គោរព​ភ្លេងជាតិ និងភ្លេង​បក្ស និងការ​ច្រៀង​បទ​នគររាជរួចមក​ក៏មាន​ពី​ធីសម្ដែង​សិល្បៈ​របាំ​អមដោយ​បទ​ចម្រៀង​សម្រាប់​ខួប ៦៨ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ។​


​សម្តេច​តេ​ជោ​ហ៊ុន សែន​​ ថ្លែង​នូវ​សុន្ទរកថា​ដ៏​មាន​សារសំខាន់​ទៅកាន់​អ្នកចូលរួម​និង​ប្រជាជន​ក្នុង​និង​ក្រៅប្រទេស​។​

​លោក ឈឹម ផល​វរុណ បាន​បញ្ជាក់ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត​គឺថា​គណបក្ស​ត្រូវបាន​បង្កើតឡើង​រួមជាមួយ​នឹង​បក្ស​កុម្មុយនីស្ត​វៀតណាម​និង​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​ដើម្បី​ប្រឆាំងនឹង​អាណានិគម​ន៍​បារាំង​កាលពី​ឆ្នាំ​១៩៥១​។ ប៉ុន្តែ​ក្រោយពេល​ប្រទេស​ទាំងបី​បានទទួល​ឯករាជ្យ​រៀងៗ​ខ្លួន​គណបក្ស​ទាំងបី ត្រូវបាន​ផ្ដាច់ចេញ​ពីគ្នា​និង​មាន​ស្វ័យភាព​រៀងៗ​ខ្លួន ។ គណបក្ស​ប្រជាជន​កម្ពុជា​ឆ្លងកាត់​ព្យុះភ្លៀង​ជាច្រើន ប៉ុន្តែ​ទទួលបាន​ជោគជ័យ​រួមមាន​ការចូលរួម​រំដោះ​កម្ពុជាពី​អាណានិគម​បារាំង ចក្រពត្តិ​អាម៉េរិក និង ការផ្ដួលរំលំ​របប​ខ្មែរក្រហម ។​

​រយៈពេល​ជាង ៤០ ឆ្នាំ នៃ​សករាជ​ថ្មី​នេះ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ក្នុងការ​ការពារជាតិ និង​ការស្តារ កសាង​ប្រទេស​ឡើងវិញ​ពី​លេខ​សូន្យ​នៅក្នុង​ស្ថានភាព​មាន​សន្តិភាព​ផង​និង​សង្គ្រាម​ផង​ហើយ ថែមទាំង​ត្រូវគេ​ហ៊ុមព័ទ្ធ​ខាង​នយោបាយ និង​សេដ្ឋកិច្ច​ពី​ខាងក្រៅ​យ៉ាង​អមនុស្សធម៌ និង​អយុត្តិធម៌​ថែមទៀត​។ ទោះបី​ត្រូវ​ឆ្លងកាត់​នូវ​ឧបសគ្គ​ធំៗ​និង​ការលំបាក​រាប់ម៉ឺន​ជំពូក​យ៉ាងណាក៏ដោយ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រក្សា​ការពារ​នូវ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់ខ្លួន​ជានិច្ច​ដោយបាន​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យពូជសាសន៍​ដ៏​យង់ឃ្នង​អាច​វិល​ត្រឡប់មកវិញ​ ការពារ​នូវ​ការ​រស់​ឡើងវិញ​របស់​ប្រជាជាតិ , បាន​នាំមក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិ សេរីភាព លទ្ធិប្រជាធិបតេយ្យ កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​ដែល​ត្រូវ​បាត់បង់​ទាំងស្រុង​ក្នុង​របប​ប៉ុលពត​,​ បាន​ស្តារ​និង​កសាង​វិស័យសេដ្ឋកិច្ច​សង្គមកិច្ច​ឲ្យ​មានការ​ប្រែប្រួល​និង​រីកចម្រើន​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជនមាន​ស្ថិរ​ភាពជា​ជំហានៗ​៕/Ha


​​

ទីតាំងផ្សាយពាណិជ្ជកម្ម