ល្បី​ថា​អំពើ​ផិតក្បត់ គឺ​នៅ​ពីក្រោយ​ការលែង​លះ​រវាង​លោក​សុង ជុង​គី និង នាង​សុង ហេ​ក្យូ

747
ចែករម្លែក

​ដំណឹង​ដែលថា​តារា​សម្តែង​កូរ៉េខាងត្បូង​លោក សុង ជុង​គី និង​នាង សុង ហេ​ក្យូ បានដាក់​ពាក្យសុំ​លែងលះគ្នា បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​ដោយ​ផលិតកម្ម​របស់​តារា​សម្តែង​ស្រី​អាយុ ៣៧ ឆ្នាំ គឺ UAA បានលើកឡើង​ពី “​ការរស់នៅ​មិន​ចុះសម្រុង​គ្នា​” ជា​ហេតុផល​នាំឱ្យ​បែកបាក់​អាពាហ៍ពិពាហ៍​របស់​ពួកគេ​។​

​ទោះយ៉ាងណា ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​បង្អើល​ពាក្យ​ចចាមអារ៉ាម​ថា ការចែក​ផ្លូវ​គ្នា​នេះ​បាន​កើតឡើង​ដោយសារតែ​គម្លាត​អាយុ​របស់​ពួកគេ​និង​ពាក្យ​ចចាមអារ៉ាម​ថា គូ​ស្វាមីភរិយា​ទាំងពីរ​ផិតក្បត់​គ្នា​ទៅវិញទៅមក​។​

​យោងតាម​សារព័ត៌មាន Apple Daily របស់​តៃវ៉ាន់​បានឱ្យដឹងថា ក្នុង​ខែកុម្ភៈ របាយការណ៍​នានា​ដែលថា ជុង​គី អាយុ ៣៣ ឆ្នាំ​បាន​លួច​ផិតក្បត់​ក្នុង​អាពាហ៍ពិពាហ៍​ជាមួយ​អ្នក​តុបតែង​មុខ​ឱ្យ​ប្រពន្ធ​របស់គាត់​បានចាប់ផ្តើម​លេចឡើង​ពេញ​អ៊ី​ន​ធឺ​ណេ​ត​។​

​ក្រោយមក អ្នក​តុបតែង​មុខ​នោះបាន​បង្ហោះ​រូបថត​នៅ​ជាមួយ​នាង​ហេ​ក្យូ ក្នុង​បំណង​ប្រាប់ថា​ពាក្យ​ចចាមអារ៉ាម​នោះ​គឺ​មិន​ពិត​នោះទេ​។​

​ទន្ទឹមនឹង​នេះដែរ តារា​សម្តែង​ប្រុស ផាក បូ​ហ្គាំ (Park Bo-gum) ក៏បាន​ជាប់ទាក់ទង​ក្នុង​រឿង​ជីវិត​ពិត​នេះ​ផងដែរ ដោយ​ពាក្យ​ចចាមអារ៉ាម​និយាយថា គាត់​បាន​មាន​ទំនាក់ទំនង​ជាមួយ​នាង​សុង ហេ​ក្យូ​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បានចង្អុលបង្ហាញ​ថា នាង​សុង​ហេ​ក្យូ​មាន​ប្រវត្តិ​ស្នេហា​ច្រើនណាស់​ជាមួយ​តារា​សម្តែង​ដទៃទៀត ដូចជា លោក លី ប្យុង​ហ៊ុន នៅក្នុង​រឿង All In ក្នុង​ឆ្នាំ ២០០៣ និង លោក យុន ប៊ី​ន ក្នុង​រឿង The World That They Live In ។ នាង​បាន​ជួប​ជុង​គី ពេល​ថត​រឿង​ល្បីល្បាញ Descendants of the Sun ក្នុង​ឆ្នាំ ២០១៦ ហើយ​ពួកគេ​ក៏បាន​រៀបការ​នៅ​ឆ្នាំ​បន្ទាប់​។​

​នាង​ហេ​ក្យូ និង​បូ​ហ្គាំ គឺជា​តួឯក​ក្នុង​រឿង​ភាគ Encounter ក្នុង​ឆ្នាំ ២០១៨ ។​

​ផលិតកម្ម Blossom Entertainment ដែល​តំណាងឱ្យ​ទាំង​លោកបូ​ហ្គាំ និង​លោក​ជុង​គី បានចេញ​សេចក្តី​ព្រមាន​អ្នក​ទាំងឡាយណា​ដែល​ភ្ជាប់​លោកបូ​ហ្គាំ​ទៅនឹង​ការបែកបាក់​របស់​ប្ដី​ប្រពន្ធ​នេះ​។​

​អ្នកតំណាង​ម្នាក់​បាន​ប្រាប់​បណ្តាញសារព័ត៌មាន​កាលពី​ថ្ងៃទី ២៧ មិថុនា​ថា “​យើង​គ្រោង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​ប្រឆាំងនឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ផ្សព្វផ្សាយ​ទាក់ទិន​នឹង​លោក​ផាក បូ​ហ្គាំ ភ្លាមៗ​បន្ទាប់ពី​ការ​លែងលះ​របស់​សុង ហេ​ក្យូ និង សុង ជុង​គី ក្លាយជា​ប្រធានបទ​ដ៏​ធំ​”​។​

​យោងតាម​សារព័ត៌មាន United Daily News បានឱ្យដឹងថា នាង​ហេ​ក្យូ ឈប់​ចុច Follow គណនី Instagram ឯកជន​របស់​ជុង​គី បើទោះបីជា​គណនី​សាធារណៈ​របស់គាត់​នៅតែ Follow រូបនាង​វិញ​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

លោក​ផាក បូ​ហ្គាំ និង​អ្នក​តុបតែង​មុខ​ឱ្យ​នាង​សុង ហេ​ក្យូ ត្រូវគេ​ភ្ជាប់​ក្នុងការ​បែកបាក់​រវាង​លោក​សុង ជុង​គី និង នាង​សុង ហេ​ក្យូ
លោក​ផាក បូ​ហ្គាំ និង​អ្នក​តុបតែង​មុខ​ឱ្យ​នាង​សុង ហេ​ក្យូ ត្រូវគេ​ភ្ជាប់​ក្នុងការ​បែកបាក់​រវាង​លោក​សុង ជុង​គី និង នាង​សុង ហេ​ក្យូ

ទីតាំងផ្សាយពាណិជ្ជកម្ម