កម្ពុជា​មានឱកាស​ធ្វើជា​ប្រទេស​កិត្តិយស​ក្នុងការ​ចូលរួម​ពិព័រណ៍​សម្លៀកបំពាក់​នៅ​ប្រទេស​បារាំង​

1994
ចែករម្លែក

(​ភ្នំពេញ​)៖ ក្រសួងពាណិជ្ជកម្ម និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) នឹង​នាំយក​សម្លៀក បំពាក់​បែប​ប្រពៃណី​ខ្មែរ និង​សម្លៀកបំពាក់​ច្នៃ​ម៉ូត​កម្រិត​អន្តរជាតិ​ដែល​ផលិត​ក្នុងស្រុក ទៅ​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​នៅក្នុង​ពិព័រណ៍​សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២១ ខែកញ្ញា​ខាងមុខ​។​

​តាម​ប្រភព​ព័ត៌មាន​ទទួលបាន​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជាឲ្យ​ដឹង​ទៀតថា ដើម្បីឱ្យ​ការចូលរួម​របស់កម្ពុ​ជា​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​នោះ នៅ​រសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ឌី​ហ្សា​ញ ម៉ូត និង​កាត់ដេរ​សម្លៀកបំពាក់ NATACHA VAN និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​។ ក្នុងជំនួប​ពិភាក្សា​នោះ ខាង​ក្រុមហ៊ុន​ឌី​ហ្សា​ញ​ម៉ូត និង​កាត់ដេរ​សម្លៀកបំពាក់ បានបង្ហាញ​ពី​សម្លៀក បំពាក់​ដែលមាន​គុណភាព​ល្អៗ​មួយចំនួន ដែលជាស្នាដៃ​ខ្មែរ ហើយ​អាច​ប្រកួតប្រជែង​បាន​ក្នុង​ទីផ្សារ​អឺរ៉ុបផងដែរ​។​

​ប្រភព​ដដែល​នេះ បញ្ជាក់ទៀតថា បន្ទាប់ពី​បាន​ពិនិត្យមើល​សម្លៀកបំពាក់​ទាំងនោះ លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​ឌី​ហ្សា​ញ​ម៉ូត និង​កាត់ដេរ​សម្លៀកបំពាក់​ខ្មែរ និង​សង្ឃឹមថា សម្លៀកបំពាក់​ខ្មែរនឹងត្រូវ​បានទទួល​ការគាំទ្រ​ពី​សំណាក់​ជនជាតិ​បារាំង ក៏ដូចជា​បណ្តា​ប្រទេស​អឺរ៉ុបទាំងមូល​។​

​សូម​ជម្រាប​ផងដែរ​ថា កម្ពុ​ជាមាន​ពាណិជ្ជករ​កម្ពុជា​ចំនួន​០៩​ក្រុមហ៊ុន នឹង​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ពិព័រណ៍​ខាងមុខនេះដើម្បី​ផ្សព្វផ្សាយ​ពី​ឧស្សាហកម្ម​កាត់ដេរ និង​សម្លៀកបំពាក់​នៅ​កម្ពុជា ក៏ដូចជាដើម្បី​ជំរុញ​ផលិតផល​កាត់ដេរ និង​សម្លៀកបំពាក់​កម្ពុជា​ចូលក្នុង​ទីផ្សារ​អឺរ៉ុប​បន្ថែមទៀត​។ ក្នុងឱកាស​នោះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កម្មវិធី​សន្និសីទ​ព័ត៌មានកិច្ចប្រជុំតុមូល និង​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម​មួយចំនួន​ទៀតផង ដើម្បី​ជំរុញឱ្យមាន​ការវិនិយោគ​នៅ​កម្ពុជា​ទាក់ទង​នឹង ឧស្សាហកម្ម​កាត់ដេរ និង​សម្លៀកបំពាក់​កាន់តែ​មានការ​កើនឡើង​ដែរ​៕​ដោយ​: ពៅ និមល​/sn