ត្រាំ ពិភាក្សា​អំពី​ពាណិជ្ជកម្ម និង​យោធា​ជាមួយ​អា​បេ នៅ​G-20

709
ចែករម្លែក

​សេចក្តីថ្លែងការណ៍​របស់សេត​វិមាន​មួយ​បាន​និយាយថា ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក​ស៊ីន​ហ្សូ អាបេ បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​ខិតខំ់​រួម​​គ្នា​របស់​ប្រទេស​លោក​ដើម្បី​ធានា​ការគោរព​អធិបតេយ្យភាព នីតិរដ្ឋ និង​គោលការណ៍​នៃ​ពាណិជ្ជកម្ម​សេរី យុត្តិធម៌​និង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​»​។​

​ជំនួប​លើក​ទី​១២ ​របស់​មេដឹកនាំ​ទាំង​ពីរ បាន​កើតឡើង​នៅក្រៅ​ជំនួប​កំពូល​G-20​នៅ​ក្រុង​អូ​សា​កា ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​មិថុនា​។​

​សេត​វិមាន​បាន​បន្ថែមថា មេដឹកនាំ​ទាំងពីរ​បាន​បញ្ជាក់​អះអាង​ឡើងវិញ​អំពី​ការប្តេជ្ញា​ចិត្ត​របស់​គេ​អំពី​កិច្ចសម្របសម្រួល​អាម៉េរិក​-​ជប៉ុន ​ស្តីពី​បញ្ហា​សន្តិសុខ​រួមគ្នា រួម​មាន​កូរ៉េ​​ខាងជើង​និង​អ៊ីរ៉ង់ ។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា​«​ពួក​លោក​បាន​អះអាង​អំពី​បំណង​ពង្រឹង​និង​ពង្រីក​កិច្ចសហការ​នៃ​សម្ពន្ធភាព​អាម៉េរិក​-​ជប៉ុន​នៅ​ទូទាំង​ពិភពលោក រួម​មាន​វិធានការ​រក្សា​​ការ​មាន​ប្រៀប​ខាង​បច្ចេកវិទ្យា​របស់​សម្ពន្ធ​ភាព និង​ជំរុញ​ប្រព័ន្ធ​ការពារ​ព័ត៌មាន​រសើបៗ​និង​ការចែករំលែក​បច្ចេកវិទ្យា​»​។​

​អំពី​បញ្ហា​អ៊ីរ៉ង់ ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង បាន​រាយការណ៍​ថា មេដឹកនាំ​អាម៉េរិក​បាន​និយាយថា​«​យើង​មាន​ពេល​ច្រើន​។​មិន​ប្រញាប់​ពេក​ទេ គេ​អាច​ធ្វើ​វា​តាម​សម្រួល​…»​។​

​សូមបញ្ជាក់​ថា លោក​អា​បេ កាល​ពី​កន្លះ​ខែ​មុន​បាន​ទៅ​សម្របសម្រួល​សន្តិភាពរ​វាង​អាម៉េរិក​និង​អ៊ីរ៉ង់ ​តែ​កិច្ចខិតខំ​របស់លោក​ត្រូវ​ធ្វើឲ្យ​ខូចខាត​ដោយសារ​តែ​ការវាយប្រហារ​​លើ​នាវា​ដឹក​ប្រេង​២ មួយ​ជា​របស់​ជប៉ុន នៅ​ជិត​ច្រក​សមុទ្រហ័​រមូស​។​

​ទើបតែ​ប៉ុន្មាន​ថ្ងៃមុន លោក​ត្រាំ​បាន​រិះគន់​អំពី​អតុល្យភាព​នៃ​សន្ធិសញ្ញា​សន្តិសុខ​ជប៉ុន​-​អាម៉េរិក​ឆ្នាំ​១៩៦០ ដែល​អាម៉េរិក​មាន​កាតព្វកិច្ច​ការពារ​ជប៉ុន​ តែ​ជប៉ុន​មិន​តម្រូវឲ្យ​​ការពារ​អាម៉េរិក​ក្នុងករណី​ខ្លួន​រង​ការវាយប្រហារ​។​

​ទោះជា​យ៉ាងណា​រដ្ឋធម្មនុញ្ញ​ជប៉ុន​ក្រោយ​សង្គ្រាមលោកលើកទី​២​សរសេរ​ដោយ​អាម៉េរិក​នៅ​ឆ្នាំ​១៩៤៧​នោះ តម្រូវឲ្យជប៉ុន​លះបង់​សិទ្ធិ​ធ្វើសង្គ្រាម និង​ជា​ថ្នូរ​មក​វិញ​អនុញ្ញាតឲ្យ​​អាម៉េរិក​ដាក់​ទាហាន​៥៤.០០០​នាក់​ក្នុង​៨៥​បន្ទាយ​នៅ​ពាសពេញ​ជប៉ុន ដែល​អនុញ្ញាត​ឲ្យអាម៉េរិក​អាចដាក់​អំណាច​យោធា​របស់​ខ្លួនៅ​ក្នុង​តំបន់​។​

​ឱនភាព​ពាណិជ្ជកម្មរ​បស់​អាម៉េរិក​ជាមួយ​ជប៉ុន ក៏​ជា​បញ្ហា​ឈឺក្បាល​មួយទៀត​របស់​លោក​ត្រាំ​។​ដើម្បី​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​នេះ អាម៉េរិក​ចង់​កំណត់​ពិ​ដាន​នាំចូល​យានយន្ត​ជប៉ុន ​ជំនួស​ឲ្យការយកពន្ធ​២៥​ភាគរយ​លើ​រថយន្ត​ជប៉ុន​។​អាម៉េរិក​ក៏​ចង់​ឲ្យជប៉ុន​ដកចេញ​ពន្ធ​លើ​កសិផល​អាម៉េរិក តែ​លោក​អាបេ​ស្ទាក់ស្ទើរ​មិន​ចង់​ធ្វើ​ហួស​ពី​អ្វី​ដែល​បាន​​ព្រមព្រៀង​នៅក្រោម​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​(TPP)​និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជប៉ុន​-​សហភាព​អឺរ៉ុប​៕​ដោយ​៖​វាសនា​/Ha

ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចាប់ដៃ​នាយករដ្ឋមន្ត្រី​ជប៉ុន ក្នុងអំឡុង​ជំនួប​មេដឹកនាំ​G-20​នៅ​ក្រុង​អូ​សា​កា កាលពី​ថ្ងៃ​២៨​មិថុនា

ទីតាំងផ្សាយពាណិជ្ជកម្ម