​ផ្ទះ​គ្រូបង្រៀន​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​អស់​អភិបាលស្រុក​ឆែប​សន្យា​ជួយ​សាងសង់​ជូន​វិញ​

904
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩​ផ្ទះ​គ្រូបង្រៀន​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​អស់​ដែល​ស្ថិតនៅ​ភូមិ​កំពង់​ស្រឡៅ​១​ឃុំ​កំពង់​ស្រឡៅ​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​គ្រោះមហន្តរាយ​នេះ​លោក​អភិបាលស្រុក​ឆែប​សន្យាថា​នឹង​ជួយ​សាង​សង់ផ្ទះ​ជូន​គ្រូ​រូបនោះ​ឡើងវិញ​ខណៈពេល​ក្រុមការងារ​នាំយក​អំណោយ​មនុស្សធម៌​នៃ​កាកបាទក្រហមកម្ពុជា​ស្រុក​ចែក​ជួន​គ្រួសារ​រងគ្រោះ​។​

​លោក​សុខសាន្ត​តារា​អភិបាលស្រុក​ឆែប​និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​បាន​សំដែង​ការសោកស្តាយ​ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ដែល​បណ្តាលឱ្យ​ឆេះ​ផ្ទះ​នេះ​។ ជាមួយគ្នានេះដែរ លោក​ក៏បាន​ណែ​នាំឱ្យ​ជនរងគ្រោះ​កុំ​មានការ​អស់សង្ឃឹម​អី​ក្នុងនាម​អាជ្ញាធរ​ដែនដី​ស្រុក​និង​ក្រុមការងារ​សន្យា​នឹង​ជួយ​ធ្វើ​ផ្ទះ​ជូន​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​លោក សុខ សាន្ត​តារា បាន​បន្តថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន តែង​យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ផ្សេងៗ ដោយ​មិនមាន​ការរើសអើង​ឡើយ​ពី​និន្នាការ​នយោបាយ ឬ​ជាតិ​សាសន៍​ពណ៌​សម្បុរ​។ អំណោយ​ដែល​យក​ប្រគល់ជូន​នៅពេលនេះ រួមមាន​៖ ថវិកា ២​លាន​រៀល និង​សម្ភារៈ​ជាច្រើន​ទៀត​។​

​សូមបញ្ជាក់ថា​អគ្គិ​ភ​យ័​មួយ​បាន​កើតឡើង​បណ្តាលឱ្យ​ផ្ទះមួយ​ខ្នង​មាន​ទំ​ហ៊ំ​៧​ម៉ែត្រ គុណ ៩​ម៉ែត្រ រង​ការខូចខាត​ទាំងស្រុង ដែលមាន​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ ទូច ផល្លា មុខរបរ​គ្រូបង្រៀន រស់នៅ​ភូមិ​កំពង់​ស្រឡៅ​មួយ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម