អាជ្ញាធរ​ជាតិ​អប្សរា​និង​សាលា​វេ​ស្ទើ​ន​អន្តរជាតិ​សាខា​ខេត្តសៀមរាប​ដាំ​ដើមឈើ​នៅ​បរិវេណ​ប្រាសាទ​ព្រះ​គោ​

627
ចែករម្លែក

​ដោយ​: បាយ័ន​
​សៀមរាប​:
ក្នុង​បំណង​បំផុសគំនិត​សិស្សានុសិស្ស និង​ដាស់​ស្មារតី​មហាជន​ឱ្យចូល​រួម​ដាំ និង​ថែរក្សា​ដើមឈើ​ឡើងវិញ ជៀសវាង​ការបំផ្លិចបំផ្លាញ​ព្រៃ​ក្នុង​តំបន់​អង្គរ ដែលជា​ជម្រក​ដ៏​សំខាន់​សម្រាប់​របាំង​ការពារ​បុរាណ​ដ្ឋា​ន​ពី​ហានិភ័យ នៃ​គ្រោះធម្មជាតិ​ផ្សេងៗ ដើមឈើ​ចំនួន​២០០០​ដើម ត្រូវបាន​ដាំ​ឡើងវិញ​នៅក្នុង​បរិវេណ​ព្រៃ​ប្រាសាទ​ព្រះ​គោ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ជាតិ​អប្សរា ព្រះសង្ឃ អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស​នៃ​សាលា​វេ​ស្ទើ​ន​អន្តរជាតិ​សាខា​ខេត្តសៀមរាប​ប្រមាណ​១៦០​អង្គ​/​នាក់​។​

​អញ្ជើញ​ចូលរួម​ក្នុងនាម​អាជ្ញាធរ​ជាតិ​អប្សរា លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា នេះ​ជា​លើក​ទី​បី​ហើយ​សម្រាប់​ឆ្នាំ​២០១៩ ដែល​កម្លាំង​មហាជន​បាន​ចូលរួម​ដាំ​កូនឈើ​នៅ​តំបន់​អង្គរ​។ អាជ្ញាធរ​ជាតិ​អប្សរា មាន​គម្រោង​ដាំ​ដើមឈើ​ចំនួន​៤០០០០​ដើម​នៅ​រដូវវស្សា​ឆ្នាំនេះ ព្រោះ​វា​ជួយ​ទាក់ទាញ​ទឹកភ្លៀង ការពារ​ទឹកជំនន់ ការពារ​ខ្យល់​ព្រុះ ទាក់ទាញ​ទេសចរ ពិសេស​បំផុត វា​ជា​ផ្នែក​មួយ​នៃ​ទេសភាព​វប្បធម៌​លម្អ​ប្រាសាទ ហើយ​ជួយ​ស្រូប​កម្តៅ កុំឱ្យ​ថ្ម​ប្រាសាទ​ឆាប់​ពុកផុយ​។

​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​សាលា​វេ​ស្ទើ​ន​អន្តរជាតិ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​នៅថ្ងៃនេះ ពិសេស​ក៏​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ចូលរួម​ឱ្យបាន​ច្រើន​កុះករ ក្នុង​ការដាំ​ដើមឈើ​ក្នុង​តំបន់​អង្គរ ដើម្បី​បង្កើត​ភាព​បៃតង ជម្រក​សត្វ ការពារ​ប្រាសាទ ក៏ដូចជា​បង្ហាញ​ពី​សាមគ្គី យកចិត្តទុកដាក់ ស្រលាញ់​ថែរក្សា​ព្រៃឈើ​ដែលជា​តម្រូវការ​មនុស្ស​សត្វ​នៅលើ​ផែនដី​។​

​នាយក​សាលា​វេ​ស្ទើ​ន​សាខា​ខេត្តសៀមរាប លោក រ័ត្ន រស្មី បាន​សម្តែង​អំពី​មោទនភាព​ដែល​សាលា​វេ​ស្ទើ​ន បាន​នាំ​សិស្ស​មក​ចូលរួម​ដាំ​ដើមឈើ​ទ្រង់ទ្រាយ​ធំ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​។

​តាមរយៈ​សកម្មភាព​នេះ វា​នឹង​ក្លាយ​ការចងចាំ​មួយ​ដ៏​ល្អ​សម្រាប់​សិស្សានុសិស្ស និង​បណ្តុះ​គំនិត​ឱ្យ​ពួកគេ​ដក់​ជាប់​នូវ​អារម្មណ៍​ស្រឡាញ់​ធម្មជាតិ និង​ចូលរួម​ការពារ​បរិស្ថាន​។ សាលា​វេ​ស្ទើ​ន​សាខា​ខេត្តសៀមរាប ក៏​ប្តេជ្ញា​នឹងចូលរួម​ជានិច្ច​នូវ​សកម្មភាព​ដ៏​ល្អ​នេះ​ជា​បន្តបន្ទាប់​ទៀត ឱ្យ​កាន់តែច្រើន​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ពេល​មាន​វេលា​សមស្រប​។​

​យុវ​សិស្ស​ថ្នាក់​ទី​៧ ភុំ សេរី​ស័​ក្ខ​ណា ក្នុងស្ថានភាព​បែកញើស​ជោក​ខ្លួន ដៃ​ប្រឡាក់​ដី បាន​លើកឡើងថា «​ខ្ញុំ​អត់​ហត់​ទេ ដាំ​ដើមឈើ​សប្បាយ ព្រោះ​បានរួម​ចំណែក​បង្កើន​ភា​ព​បៃតង​ដល់​តំបន់​បេតិកភណ្ឌ​។ ដើមឈើ​ផលិត​អុកស៊ីសែន​ផង ជា​ជម្រក​សត្វ​ផង ធ្វើឱ្យ​បរិស្ថាន​ក៏​ស្អាត​។ ដូច្នេះ សូមឱ្យ​មហាជន​ទាំងអស់​ចូលរួម​ដាំ​ឱ្យបាន​គ្រប់ៗ គ្នា និង​រួមគ្នា​ថែរក្សា ដើម្បី​ដើមឈើ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ការរស់នៅ ចៀសវាង​ការកាប់បំផ្លាញ​»​។​

​បន្ថែម​ពី​នោះ យុវ​សិស្ស​ថ្នាក់​ទី​១២ ម៉ៅ ឡាន បាន​លើកឡើងថា «​ខ្ញុំ​សប្បាយចិត្ត​នៅពេល​បានធ្វើ​ការងារ​សង្គម វា​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ព្រៃឈើ​ក្នុងប្រទេស​យើង​មាន​ច្រើន ពេញ​ដោយ​ភាព​បៃតង ហើយ​បរិស្ថាន​ស្អាត​ជានិច្ច​។ បើ​មានឱកាស​លើក​ក្រោយ​ទៀត ខ្ញុំ​នឹងចូលរួម​ជា​បន្ត​មិន​ថា ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ឬ​កន្លែង​ណា​នោះទេ​»៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម