សិក្ខាសាលា​ផ្សព្វផ្សាយ​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ឆ្នាំ​២០១៨

883
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
សិក្ខាសាលា​ផ្សព្វផ្សាយ​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ឆ្នាំ​២០១៨ បានរៀបចំ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ
​នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ប៉ាត ប៊ុនធឿន រដ្ឋលេខាធិការ​ក្រសួងផែនការ និង​លោក ង៉ាន់ ភិ​រុណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បាន​និយាយថា អង្គសិក្ខាសាលា​ផ្សព្វផ្សាយ​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ឆ្នាំ​២០១៨ និង​ពិគ្រោះ​យោបល់ គឺ​ដើម្បី​ស្វែងរក​យន្តការ​អនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ ដែលជា​ជុំ​ទី​១២ ហើយក៏​ជា​លើក​ទី​៦ សម្រាប់​ខេត្តសៀមរាប​។ អង្គសិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ក្នុងការ​កំណត់​នូវ​បណ្តា​វិធានការ គោលនយោបាយ​នានា ជូន​ដល់ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ សម្រាប់​ការអនុវត្ត​គោលនយោបាយ​អាទិភាព​នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា តាម​វិស័យ​នៅ​ដំណាក់ កាល​របស់​ផែនការ ដើម្បី​ស្ថេរភាព​កំណើនសេដ្ឋកិច្ច ,​ការកាត់បន្ថយ​ភាពក្រីក្រ និង លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។​

​លោក​បាន​បន្តថា ការកាត់បន្ថយ​ភាពក្រីក្រ​នេះ មិនមែនជា​ភារកិច្ច ឬ តួនាទី​របស់​អង្គភាព ស្ថាប័ន​ណាមួយ​ដាច់​មុខ​នោះឡើយ គឺ ជា​ភារកិច្ច​រួមគ្នា រួមទាំង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ លទ្ធផល​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​បានជា​បន្តបន្ទាប់ សម្រាប់​ខេត្តសៀមរាប តាមរយៈ​ការអនុវត្ត​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ ក្រីក្រ ដែល​បាន​អនុវត្ត​លើ ៩១០​ភូមិ បានបង្ហាញ​ឲ្យ​ឃើញថា​នៅ​ឆ្នាំ​២០១០ មានគ្រួសារ​ក្រីក្រ ចំនួន ៣០,៧% (​ក្នុងនោះ ក្រ​១ មាន​១៤,៤% ,​ក្រ​២ មាន ១៦,៣% ) នៅ​ឆ្នាំ​២០១៨ មានគ្រួសារ​ក្រីក្រ ១៤,២% (​ក្នុងនោះ ក្រ​១ មាន ៥,០% ,​ក្រ​២ មាន​៩,២%)​។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្តទៀតថា ក្នុង​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់ខ្លួន ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋ​សភាព ក្នុងការ​ជម្រុញ​ប្រមូលផ្តុំ​នូវ​ធនធាន​វិនិយោគ ដើម្បី​តម្រង់ទិស​សម្រាប់​ការគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ លើ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង លើកកម្ពស់​គុណភាព​សេវាសាធារណៈ និង សុខ​មា​ភាព​សង្គម ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។ លោក​ក៏បាន​បញ្ជាក់ថា ទិន្នន័យ​នេះ​មាន​សារៈសំខាន់ សម្រាប់​ជួយ​ដល់​ការ កាត់បន្ថយ​ភាពក្រីក្រ​ចំ​គោលដៅ​។​

​លោក ប៉ាត ប៊ុនធឿន រដ្ឋលេខាធិការ​ក្រសួងផែនការ បាន​គូសបញ្ជាក់ថា ក្នុង​រយៈពេល​មកនេះ កម្ពុជា​សម្រេចបាន​ចំណុច​គោលដៅ​ជាច្រើន របស់​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា តាមរយៈ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល និង​កិច្ចសហការ​ជាមួយ​ដៃគូរ​អភិវឌ្ឍន៍​និង សង្គម​ស៊ីវិល​។ ម្យ៉ាងទៀត កម្ពុជា​ក៏​ទទួលបាន​ជោគជ័យ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង ការលុបបំបាត់​ភាពអត់ឃ្លាន​ធ្ងន់ធ្ងរ និង ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង តាមរយៈ​នៃ​ការថែទាំ​សុខភាព អប់រំ ការទទួលបាន​សេវាសាធារណៈ និង ការបង្កើន​ប្រាក់ចំណូល​តាម​តំបន់​ជនបទ​។

​លោក​បាន​បន្តទៀតថា យើង​ក៏ត្រូវ​បន្ត​ការពារ​បរិស្ថាន តាមរយៈ​ការពង្រឹង​ការធ្វើសមាហរណកម្ម ទៅក្នុង​ដំណើរការ​រៀបចំ​ផែនការ​ទាំងមូល ដើម្បី​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ក្នុងនោះដែរ លោក​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អង្គសិក្ខាសាលា ទាំងមូល​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុង​កិច្ចពិភាក្សា ដើម្បី​ស្វែងរក​នូវ​ធាតុ​ចូល សម្រាប់​ជា​យន្តការ​ក្នុងការ​អនុវត្ត លើ​ការងារ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ឲ្យ​ទទួលបាន​ជោគជ័យ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម