ជំនួប​G20​បើក​ជា​ផ្លូវការ នៅពេល​ប្រធានាធិបតី​ចិន ព្រមាន​អំពី​សណ្តាប់ធ្នាប់​ពិភពលោក​

931
ចែករម្លែក

​បណ្តា​មេដឹកនាំ​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​រីកចំរើន​ទាំង​ម្ភៃ​(G20)​បាន​បើក​ជំនួប​កំពូល​នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​មិថុនា ដែល​កិច្ចប្រជុំ​នេះ​ត្រូវ​​រំពឹងថា​នឹង​គ្រប់​ដណ្តប់​ដោយ​ការពិភាក្សា​អំពី​ពាណិជ្ជកម្ម ភាព​តានតឹង​ភូមិសាស្ត្រ និង​បំរែបំរួល​អាកាសធាតុ​។​

ក្រុម​មេដឹកនាំ​G20​ក្នុងពេល​ថតរូប​រួមគ្នា​នៅ​ពេល​ចាប់ផ្តើម​ជំនួប​កំពូល​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​អូ​សា​កា​

​កិច្ចប្រជុំ​ដំបូង​នៃ​ជំនួប​នេះ ផ្តោត​លើ​សេដ្ឋកិច្ច​ឌីជីថល ដោយ​ការព្រួយបារម្ភ​អំពី​ភាព​ឯកជន​និង​សន្តិសុខ​ស្ថិតក្នុង​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​។​

​ក្នុងពេល​ថ្លែង​បើក​កិច្ចប្រជុំ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ អាបេ បាន​និយាយថា​« ឌីជីថល​ភាវូបនីយកម្ម​បាន​ផ្លាស់ប្តូរ​វិស័យ​ផ្សេងៗ​នៃ​សង្គម​និង​សេដ្ឋកិច្ច​របស់​យើង​យ៉ាង​​ឆាប់រហ័ស​។​ខ្ញុំ​រីករាយ​ដោយ​ឃើញ​ច​លន​ការ​នេះ​ដើម្បី​ដោះស្រាយ​សេដ្ឋកិច្ច​ឌីជីថល​ទូទាំង​សកលលោក​»​។​

​តែ​ភាព​តឹនតឹង​ទំនងជា​នឹង​គ្រប​លើ​កិច្ច​ពិភាក្សា ដោយ​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ​និយាយ​ដល់​ការព្រួយបារម្ភ​របស់​អាម៉េរិក​អំពី​ការគំរាម​សន្តិសុ​ខ​បង្កឡើង​ដោយ​​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei​របស់​ចិន​។​លោក​ប្រធានាធិបតី​បាន​និយាយថា «​នៅពេល​យើង​ពង្រីក​ពាណិជ្ជកម្ម​ឌីជីថល យើង​ត្រូវតែ​ធានា​ភាព​ធន់​និង​សន្តិសុខ​នៃ​បណ្តាញ​5G​របស់​យើង​»​។​

​រដ្ឋការ​របស់​ត្រាំ​បាន​ចាត់វិធានការ​ហាមប្រាម​ការប្រើ​ផលិតផល​Huawei​និង​រកស៊ី​ជាមួយ​ក្រុមហ៊ុន​នេះ​ដោយ​លើក​ហេតុផល​អំពី​ការព្រួយបារម្ភ​ខ្លាច​មាន​ការ​ឈ្លបយកការណ៍​ពី​ចិន​ដោយសារ​តែ​គ្រឿង​ឧបករណ៍​របស់​ក្រុមហ៊ុន​នេះ​។​មាន​សេចក្តីរាយការណ៍​ថា ចិន​កំពុង​ស្វះស្វែង​បញ្ចប់​កា​រឹតត្បិត​លើ​Huawei​ជា​លក្ខខណ្ឌ​មួយ​សំរាប់​ខ្លួន​បន្ត​ការចរចារ​ដោះស្រាយ​​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក​។​

​មុន​ជំនួប​ចាប់ផ្តើម​បន្តិច​នៅ​ថ្ងៃ​សុក្រ ចិន​បាន​ព្រមាន​ថា គាំពារ​និយម​និង​«​ការ​សម្លុត​គំរាម​»​កំពុង​គំរាម​សណ្តាប់ធ្នាប់​ពិភពលោក ។​

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង កាលពី​ព្រឹក​ថ្ងៃ​សុក្រ​បាន​ជួបប្រជុំ​ជាមួយ​សម​ភាគី​អាហ្វ្រិក​៣​រូប ។​បើ​តាម​មន្ត្រី​ក្រសួងការបរទេស​ចិន «​មេដឹកនាំ​ទាំង​អស់​ក្នុងជំនួប​នេះ​បាន​​សង្កត់ធ្ងន់​ថា ឯ​តោ​ភាគី​និយម គាំពារ​និយម និង​ការ​សម្លុត​គំរាម​កំពុង​កើនឡើង ដោយ​បង្ក​ការ​គំរាម​ធ្ងន់ធ្ងរ​ដល់​សក​លូ​ប​នីយកម្ម​សេដ្ឋកិច្ច​និង​សណ្តាប់ធ្នាប់​អន្តរជាតិ ព្រមទាំង​​ប្រឆាំង​នឹង​បរិយាកាស​នៃ​ការអភិវឌ្ឍ​ប្រទេស​»​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អាម៉េរិក បាន​និយាយថា​លោក​រំពឹងថា​នឹង​មាន​ជំនួប​ពិភាក្សា​ដ៏​ស្ថាបនា​មួយ​ជាមួយ​សម​ភាគី​ចិន នៅ​ថ្ងៃ​សៅរ៍ នៅក្រៅ​ជំនួប​G20 ដើម្បី​ដោះ​​ស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។​តែ​នៅពេល​ត្រូវបាន​គេ​សួរថា​តើ​លោក​បាន​សន្យា​ជាមួយ​លោក​ស៊ី​ថា​នឹង​ផ្អាក​សង្គ្រាម​វាយ​ពន្ធ​៦​ខែ​ឬ ត្រាំ​បាន​ឆ្លើយថា​«​ទេ​»៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម