ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន​ធ្វើ​ទស្សនកិច្ច​នៅ​ប៉ា​គី​ស្ថាន​ដើម្បី​ចរចា​សន្តិភាព​និង​បង្កើន​ចំណងទាក់ទង​

580
ចែករម្លែក

​ក្រុមមន្ត្រី​ប៉ា​គី​ស្ថាន​បាន​និយាយថា ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន លោក Ashraf Ghani កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​មិថុនា​បាន​សរសើរ​កិច្ច​ប្រឹងប្រែង​របស់​ប៉ា​គី​ស្ថាន​ក្នុងការ​​ជំរុញ​ដំណើរការ​សន្តិភាព នៅក្នុង​តំបន់ ខណៈ​ដែល​លោក​បាន​ស្នើ​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​នេះ​ឱ្យ​ជួយ​ជំរុញ​នាំ​ក្រុម​តា​លី​បង់​ចូល​តុ​ចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​។​

​ការ​ថ្លែង​របស់លោក Ashraf Ghani បាន​កើតឡើង នៅ​ពេល​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន​ជា​លើកដំបូង ចាប់តាំងពី​ការបោះឆ្នោត​​ដែល​បាន​នាំ​នាយករដ្ឋមន្ត្រី លោក Imran Khan មក​កាន់​អំណាច​កាលពី​ឆ្នាំមុន​។

​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ត្រូវបាន​គេ​មើល​ឃើញ​ផង​ដែរ​ថា​ជាការ​ខំ​ប្រឹងប្រែង​របស់​លោក Ashraf Ghani ដើម្បី​ស្តារ​ទំនាក់ទំនង​ឱ្យ​ល្អ​ឡើង​វិញ​រវាង​ប្រទេស​ជិតខាង​ទាំង​២​នេះ ​ចំ​ពេល​មាន​ការជំរុញ​ការចរចា​ដែល​ជាប់គាំង​ជាមួយ​ក្រុម​តា​លី​បង់​។​

​លោក​Ashraf Ghani​បាន​ទៅ​ដល់​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ​មួយថ្ងៃ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​លោក Mike Pompeo បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​កា​ប៊ុល ជា​ទី​ដែល​​លោក​បាន​និយាយថា​រដ្ឋាភិបាល ក្រុង​វ៉ាស៊ីនតោន​សង្ឃឹមថានឹង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​មុន​ថ្ងៃទី​១​ខែ​កញ្ញា​ជា​មួយ​ក្រុម​តា​លី​បង់​។​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ក៏បាន​​កើត​ឡើង​បន្ទាប់ពី​ក្រុម​មេដឹកនាំ​នយោបាយ​អា​ហ្វ​ហ្គានី​ស្ថាន​ច្រើន​នាក់​ប៉ុន្តែ​គ្មាន​អ្នកតំណាង​ក្រុម​តា​លី​បង់​នោះ បាន​ចូលរួម​កិច្ច​ជំនួប​ពិភាក្សា​អំពី​សន្តិភាព​នៅ​ប៉ា​គី​ស្ថាន​​កាលពី​សប្តាហ៍​មុន​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ចចរចា​បន្ថែមទៀតរ​វាង​អា​ហ្វ​ហ្គានី​ស្ថាននិង​អា​ហ្វ​ហ្គានី​ស្ថាន​។ ប៉ា​គី​ស្ថាន​បាន​សម្របសម្រួល​កិច្ចចរចា​សន្តិភាព​ដែល​កំពុង​ធ្វើ​​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុម​តា​លី​បង់ ខណៈ​ដែល​បេសកជន​អាម៉េរិក​លោក Zalmay Khalilzad ព្យាយាម​ស្វែងរក​ច្រក​ចេញ​តាម​រយៈ​ការចរចារ​ដើម្បី​បញ្ចប់សង្គ្រាម​​អស់​រយៈពេល​១៧​ឆ្នាំ​នៅ​ប្រទេស​អា​ហ្វ​ហ្កានី​ស្ថាន​នេះ​៕

លោក Ashraf Ghani (​រូប​ឆ្វេង​) ដើរ​ត្រួតពល​ជាមួយ លោក Imran Khan នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃ​ព្រហស្បតិ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម