ក្រសួង​លើកទឹកចិត្ត​ម្ចាស់​ភោជនីយដ្ឋាន បៀរហ្គាឌិន ដែល​ឲ្យ​ជនពិការ​ចូល​ច្រៀង និង​សម្តែង​សិល្បៈ​ខ្លីៗ ដើម្បី​បាន​កម្រៃ​ដោះស្រាយ​ជីវភាព​រស់នៅ​

638
ចែករម្លែក

ដោយ​: មូល​សម្បត្តិ​
​ភ្នំពេញ​:
ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​ពិធី​បើក​សិក្ខាសាលា ស្តីពី «​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ជន​មាន​ពិការភាព តាមរយៈ​ការលើកកម្ពស់​កំណើន​ការងារ ក្នុង​វិស័យ​ទេសចរណ៍​» លោក ហោ សារុន អនុរដ្ឋលេខាធិការ និង​ប្រធាន​ក្រុមការងារ​សកម្មភាព​ជនពិការ​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ក្រសួងទេសចរណ៍​បាន​លើកទឹកចិត្ត​ដល់​ម្ចាស់​ភោជនីយដ្ឋាន បៀរហ្គាឌិន​ទាំងឡាយណា ដែល​បាន​អនុញ្ញាតឱ្យ​ជនពិការ​ចូល​ច្រៀង និង​សម្តែង​ទស្សនីយភាព​សិល្បៈ​ខ្លីៗ ដើម្បី​គ្រាន់​បានជា​កម្រៃ​ដោះស្រាយ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ជំរុញ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជន មាន​ពិការភាព និង​កម្មវិធី​នយោបាយ​រាជរដ្ឋាភិបាល​ចំពោះ​ជន​មាន​ពិការភាព​ផ្តល់ឱកាស​ការងារ លើកទឹកចិត្ត​ដល់​ជន​មាន​ពិការភាព ដែលមាន​លក្ខណៈសម្បត្តិ និង​សមត្ថភាព​បំពេញ​នូវ​មុខងារ តួនាទី និង​ការទទួលខុសត្រូវ​ក្នុង​មុខតំណែង ចូល​បម្រើ​ការងារ​។​

​រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​ជ្រើសរើស​ជន​មាន​ពិការភាព ដើម្បី​ធ្វើការ​នៅក្នុង​ស្ថាប័ន របស់​ក្រសួង​ចំនួន ២%​។ ដើម្បី​ធានា នូវ​ការដាក់បញ្ចូល និង​ការផ្តល់​សិទ្ធិអំណាច​ដល់​ជន​មាន​ពិការភាព ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​អាយ​ស៊ី​ធី​កម្ពុជា បានដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តីពី ការផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​យុវជន ដែលមាន​ពិការភាព​ដែល​ទទួល​ជ័យលាភី​ពី​ការប្រកួតប្រជែង​ថ្នាក់ជាតិ និង​អន្តរជាតិ លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា​។​

​ក្នុង​ឆ្នាំ​២០១៤ កន្លងទៅ មេដាយមាស លំដាប់​មេដឹកនាំ​ព័ត៌មានវិទ្យា​មកពី Global IT Challenge (GITC) នៅ​អាស៊ី​ប៉ាស៊ីហ្វិក ត្រូវបាន​ប្រគល់ជូន​យុវជន​ពិការ​កម្ពុជា​។ ជាក់ស្តែង ជ័យលាភី​មួយចំនួន​ត្រូវបាន​លើកទឹកចិត្ត​ឱ្យធ្វើជា​មន្ត្រីរាជការ នៅក្នុង​ស្ថាប័ន​រដ្ឋាភិបាល​។​

​ដើម្បី​ផ្តល់​ស្តង់ដារ​សុខភាព​ខ្ពស់បំផុត​សម្រាប់​ជន​មាន​ពិការភាព កម្ពុជា​បាន​បង្កើត​ក្របខណ្ឌ​គោលនយោបាយ ការ​គាំពារ​សង្គម ដែល​គោលនយោបាយ​នេះ​នឹង​បន្ត​អនុវត្ត​គម្រោង​ប្រាក់ឧបត្ថម្ភ សម្រាប់​ជន​មាន​ពិការភាព​នៅ​ថ្នាក់​សហគមន៍ ដោយ​ផ្តោតទៅលើ​ជន​មាន​ពិការភាព​ដែលជា​សមាជិកគ្រួសារ​ដែ​ល​មាន​ប័ណ្ណ​ក្រីក្រ​។ ជន​មាន​ពិការភាព​មាន​សេវា​ថែទាំ​សុខភាព និង​ការព្យាបាល​ពី​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥតគិតថ្លៃ ហើយ​ទទួលបាន​ការឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ថ្លៃ​ម្ហូបអាហារ និង​ថ្លៃ​ធ្វើដំណើរ​ក្នុងកំឡុងពេល​ព្យាបាល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម