​ក្រសួង​សេដ្ឋកិច្ច និង​ម្ចាស់​ភាគហ៊ុន​ឯកជន ចុះ​កិច្ចព្រមព្រៀង​ទិញ​-​លក់​ភាគហ៊ុន និង​លក្ខន្តិកៈ របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​កម្ពុជា កម្ពុជា​រី​

818
ចែករម្លែក

​ដោយ​៖ គ​ន្ធា​
​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វរ​ត្ថុ មាន​រៀបចំ​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ទិញ​-​លក់​ភាគហ៊ុន និង​លក្ខន្តិកៈ របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​កម្ពុជា “​កម្ពុជា​រី​” ក្រោម​អធិបតីភាព លោកស្រី ងួន សុខា រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​តំណាង​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ពិធី​ចុះហត្ថលេខា​នេះ បានធ្វើ​ឡើង រវាង​ម្ចាស់​ភាគហ៊ុន​សាធារណៈ តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ម្ចាស់​ភាគហ៊ុន​ឯកជន ៣ ផ្សេងទៀត តំណាង​ដោយ​ក្រុមហ៊ុន Asian Insurance International (Holding), ក្រុមហ៊ុន Forte InvestmentHolding Co., Ltd និង​ក្រុមហ៊ុន សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ អឹ​សួ​រិ​នស៍​។​

​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ​របស់​កម្ពុជា បានធ្វើឱ្យ​ឧស្សាហកម្ម ធានារ៉ាប់រង មានការ​រីកលូតលាស់ គួរឱ្យកត់សម្គាល់​។ នៅ​ឆ្នាំ​២០១៨ កន្លងទៅ បុព្វលាភ​ធានារ៉ាប់រង​ដុល នៅក្នុង​ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា បាន​ឡើងដល់​ប្រមាណ ១៩៦ លាន​ដុល្លារ​អាមេរិក កើនឡើង ៣០% ធៀប​នឹង​ឆ្នាំ​កន្លងទៅ​។ កំណើន​នេះ រុញច្រាន​ដោយ​ការកើនឡើង នៃ​បុព្វលាភ​ធានារ៉ាប់រង​ទូទៅ ចំនួន ១៥% និង​ធានារ៉ាប់រង​អាយុជីវិត ៥០,៦%​។​

​ដើម្បី​ឆ្លើយតប ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន និង​ការរីកចម្រើន នៃ​ទីផ្សារ​ធានារ៉ាប់រង និង​ធានារ៉ាប់រង​បន្ត ក៏ដូចជា​ការពង្រឹង និង​ពង្រីក​តួនាទី របស់​ក្រុមហ៊ុន “​កម្ពុជា​រី​” ក៏ដូចជា​ការគាំទ្រ ដល់​ការអភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានសម្រេច​ចិត្ត ជា​គោលនយោបាយ ដោយ​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​ឯកជន ដែលជា​ដៃគូ​យុទ្ធសាស្ត្រ កំពុង​ប្រតិបត្តិការ នៅ​កម្ពុជា ចូលរួម​វិនិយោគ​បន្ថែម នៅក្នុង​ក្រុមហ៊ុន “​កម្ពុជា​រី​” នៅពេលនេះ​។​

​មានមតិ​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ លោក រស់ សីល​វ៉ា អនុរដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​អាណ​ត្ត​គាហកៈ របស់​ម្ចាស់​ភាគហ៊ុនសាធារណៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន “​កម្ពុជា​រី​” បាន​មានប្រសាសន៍ថាៈ “​គោល នយោបាយ​នេះ សំដៅ​ពង្រីក​ការអភិវឌ្ឍ​ធុរកិច្ច របស់​ក្រុមហ៊ុន “​កម្ពុជា រី​” ដែលជា​ក្រុមហ៊ុន ធានារ៉ាប់រង​បន្ត​របស់​ជាតិ ប្រកបដោយ​ចីរភាព និង​ពង្រឹង​តួនាទី​ជា​យុទ្ធសាស្ត្រ រយៈ​-​ពេល​វែង សម្រាប់​គាំទ្រ​ដល់ ការអភិវឌ្ឍ​ឧស្សាហកម្ម ធានារ៉ាប់រង និង​សេដ្ឋកិច្ច នៅ​កម្ពុជា​។​

​ជាមួយគ្នានេះដែរ ម្ចាស់​ភាគហ៊ុន​ឯកជន ទាំង ៣ ក៏បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត យ៉ាង​មុតមាំ ក្នុងការ​គាំទ្រ​លើកស្ទួយ​ក្រុមហ៊ុន “​កម្ពុជា​រី​” ឱ្យ​កាន់តែ​រីកចម្រើន ដើម្បីឱ្យ​ក្រុមហ៊ុន​នេះ ដើរតួនាទី កាន់តែ​សំខាន់ ក្នុងការ​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ វិស័យ​ធានារ៉ាបរង នៅ​កម្ពុជា ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​ថ្លែង​អបអរ​សារ​ទរ ក្នុង​ពិធី​ចុះហត្ថលេខា​នេះ លោកស្រី ងួន សុខា បាន​សម្តែង​នូវ​មោទនភាព និង​សេចក្តី​រីករាយ ដែល​ម្ចាស់​ភាគហ៊ុន​ឯកជន បានផ្តល់​ជំនឿ​ទុកចិត្ត មកលើ​ក្រុមហ៊ុន “​កម្ពុជា​រី​” ក៏ដូចជា ជំនឿ​ទុកចិត្ត​លើ​សក្តានុពល នៃ​ទីផ្សារ​ធានារ៉ាប់រង និង​ធានារ៉ាប់រង​បន្ត នៅ​កម្ពុជា​។​

​លោកស្រី បាន​មានប្រសាសន៍ថាៈ “​ចាប់តាំងពី​ការចាប់ផ្តើម ប្រតិបត្តិការ​ដំបូង រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ក្រុមហ៊ុន “​កម្ពុជា​រី​” បាន​ដើរតួនាទី​ដ៏​សំខាន់ ក្នុងការ​រួមចំណែក​ដ​ល់ ការកាត់បន្ថយ​លំហូរ​មូលធន ទៅ​ក្រៅប្រទេស តាមរយៈ​ការផ្តល់​សមត្ថភាព រក្សាទុក​ហានិភ័យ ធានារ៉ាប់រង ដល់​ក្រុមហ៊ុន​ធានារ៉ាប់រង ក្នុងស្រុក​ទាំងអស់ ជាពិសេស​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​។ តាមរយៈ​វត្តមាន រយៈពេល​វែង​របស់ខ្លួន នៅក្នុង​ទីផ្សារ​នេះ ក្រុមហ៊ុន “​កម្ពុជា​រី​” បាន​បង្គរ​នូវ ចំណេះដឹង យ៉ាងច្រើន អំពី​ប្រវត្តិ​នៃ​ហានិភ័យ នៅក្នុង​ទីផ្សារ​ធានារ៉ាប់រង នៅ​កម្ពុជា ដែល​នេះ ជា​ព័ត៌មាន​ស្ថិតិ ដ៏​មាន​សារៈសំខាន់ សម្រាប់​ក្រុមហ៊ុន​ធានារ៉ាប់រង ប្រើប្រាស់ ក្នុង​ប្រតិបត្តិការ​របស់ខ្លួន ដូចជា ការកំណត់ថ្លៃ បាន​ត្រឹមត្រូវ​ជាង​មុន ការវិភាគ និង​ទទួល​ហានិភ័យ បាន​ត្រឹមត្រូវ​ជាង​មុន និង​មាន​ប្រយោជន៍ សម្រាប់​អភិវឌ្ឍន៍ ផលិតផល​ថ្មី​ផងដែរ​៕v

ទីតាំងផ្សាយពាណិជ្ជកម្ម