អង្គភាព​ប្រឆាំង​អំពើពុករលួយបញ្ជាក់ពីករណីចាប់ ឧកញ៉ាសុខប៊ុន

1519
ចែករម្លែក
អង្គភាព​ប្រឆាំង​អំពើពុករលួយបញ្ជាក់ពីករណីចាប់ឧកញ៉ាសុខប៊ុន

ដោយៈមុនីរ័ត្ន/ភ្នំពេញៈអង្គភាព​ប្រឆាំង​អំពើពុករលួយធ្វើ​សន្និសីទកាសែត ​នៅរសៀល​ថ្ងៃទី​២៨ ខែមិថុនា នេះ ពាក់ព័ន្ធ​ករណី​ចាប់ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ សុខ ប៊ុន គ្រុប , ប្រធាន​ក្រុមប្រឹក្សា​ក្រុង​កោះរ៉ុង , ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និង​សមាជិក​ក្រុមប្រឹក្សា ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ក្លែងបន្លំ​ឯកសារ រំលោភ​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ រហូតដល់​ឆ្នាំ​២០១៩​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ថា រំលោភ​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​កោះរ៉ុង គឺមាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ហើយ​ករណីនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​រកឃើញ​ដោយ​ការស៊ើបអង្កេត​។ ដី​ដែល​លោក​សុខ ប៊ុន រំលោភ​យក​គឺមាន​ទំហំ ៥២៥​ហិកតា​។ អ្នក​ទាំង​៦​នាក់​បាន​សារភាពថា ពិតជា​បាន​ក្លែង​ឯកសារ​ប្រាកដ​មែន​។

​លោក​បញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើ​រឿងនេះ​ដោយ​ម៉ត់ចត់ និង​មាន​ភស្តុតាង​គ្រប់គ្រាន់​។ ខាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្នើ​តុលាការ​ចោទប្រកាន់​អ្នក​ទាំង​៦​នាក់​។ ហើយ​ចំពោះ​ដី​របស់​រដ្ឋ​ដែល​យកទៅ​ប្រចាំ​នៅ​ធនាគារ​គឺ​នឹង​រឹបអូស​យកមក​វិញ តែបើ​រកឃើញថា ខាង​ធនាគារ​មានការ​ឃុបឃិត គឺ​មានទោស​ដូចគ្នា​។​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា ដើមចម​រឿងហេតុ​ដែល​ឈានដល់​ការឃាត់ខ្លួន​មនុស្ស​ទាំង​ឡា​យាំង​៦​នាក់​នេះ គឺ​ផ្តើមចេញពី​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ចំនួន​៤២​គ្រួសារ​ជាមួយ​លោក​សុខ ប៊ុន រឿង​ដី​៥២៥​ហិកតា​។​

​សូមជម្រាបថា លោក​ឧកញ៉ា សុខ ប៊ុន និង​មន្ត្រី​នៅ​កោះរ៉ុង ចំនួន​០៥​នាក់ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​។​
​លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៤ ខែមិថុនា បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លោក​ឧកញ៉ា សុខ ប៊ុន និង​មន្ដ្រីរាជការ ដែលជា​អាជ្ញាធរ​សង្កាត់​កោះរ៉ុង ចំនួន ៥​នាក់ ជា​បណ្តោះអាសន្ន ក្រោយ​រកឃើញថា ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ក្លែងបន្លំ​ឯកសារ រំលោភ​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ រហូតដល់​ឆ្នាំ​២០១៩​នេះ​។


​ចំណែក​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លើ​លោក​ឧកញ៉ា សុខ ប៊ុន ពីបទ ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ផ្តើមគំនិត​ក្នុង​អំពើ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ យោងតាម​មាត្រា ២៨, មាត្រា មាត្រា ៦០១, មាត្រា ៦២៩ និង​មាត្រា ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ​។


​រីឯ​លោក អ៊ុង និ​ត ជា​ប្រធាន​ក្រុមប្រឹក្សា ក្រុង​កោះរ៉ុង​, លោក សេង ហូ​លាង ជា​ចៅសង្កាត់​កោះរ៉ុង​, លោក ហែម សា​ឡេះ ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង​, លោក កែ សោម ជា​ចៅសង្កាត់រង​ទី​២ និង​លោក កែវ ពៅ មេភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវបាន​ចោទប្រកាន់​ពីបទ បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​, វីតិក្រម​, ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ យោងតាម​មាត្រា ៥៩២, មាត្រា ៥៩៣, មាត្រា ៦០១, មាត្រា ៦២៩ និង​មាត្រា ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម