ក្រុមហ៊ុន​វៀតណាម Vingroup សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្សៗ​របស់​បរទេស​ដើម្បី​ផលិត​ស្មា​ត​ហ្វូ​ន 5G

1109
ចែករម្លែក

ក្រុមហ៊ុន Vingroup បាន​ចុះហត្ថលេខា​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Fujitsu របស់​ជប៉ុន​និង​ក្រុមហ៊ុន Qualcomm របស់​អាម៉េរិក​ដើម្បី​ផលិត​ស្មា​ត​ហ្វូ​ន 5G នៅក្នុង​ប្រទេស​វៀតណាម​។​

​ដៃគូ​ទាំងបី​នឹង​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន 5G ម៉ាក Vsmart “​ដ៏​ពិសេស​” ដែល​នឹង​ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 5G របស់​ក្រុមហ៊ុន Qualcomm ខណៈ​រួមបញ្ចូល​លក្ខណៈពិសេស​ទំនើបៗ​របស់​ក្រុមហ៊ុន Fujitsu ផងដែរ​ដូច​ជាការ​សន្សំសំចៃ​ថាមពល​ថ្ម ស្តង់ដារ​ការពារ​ជម្រាប​ទឹក IP68 និង​ប្រព័ន្ធ​អង់​តែ​ន 4G+5G ល្អ​បំផុត​របស់ Fujitsu​។ នេះ​បើ​យោងតាម​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​។​

​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នេះ​នឹងត្រូវ​ផលិត​នៅ​សួន​បច្ចេក​វិ​ជ្ជ​ខ្ពស់​ហាវ​ឡាក់​នៅ​ទីក្រុង​ហាណូយ និង​រំពឹង​ដាក់លក់​នៅ​សហរដ្ឋ​អាម៉េរិក​និង​អឺរ៉ុប​ចាប់ពី​ខែមេសា​ឆ្នាំ ២០២០​។​

​លោក ង្វៀន វៀត​ក្វាង អនុប្រធាន​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា ម៉ូ​ដែល​នេះ​នឹង​ក្លាយជា​ទូរស័ព្ទ Vsmart ដំបូង​គេ​ដែលមាន​បច្ចេកវិជ្ជា 5G ហើយក៏​នឹងធ្វើ​ឱ្យ​ក្រុមហ៊ុន VinSmart បុត្រ​សម្ព័ន្ធ​ខាង​ផលិត​គ្រឿង​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន Vingroup ក្លាយជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ 5G ដំបូង​គេ​មួយ​នៅលើ​ពិភពលោក​ផងដែរ​។​

​វា​ក៏​នឹង​ធ្វើឱ្យ​វៀតណាម​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុងការ​ផលិត​និង​អនុវត្ត​បច្ចេកវិជ្ជា 5G មុនគេ​ផងដែរ​។ លោក​ក្វាង​និយាយថា តាមរយៈ​កិច្ចព្រមព្រៀង​សហការ​នេះ វិស្វករ​វៀតណាម​អាច​រៀនសូត្រ ចាប់យក​ចំណេះ និង​អភិវឌ្ឍ​បច្ចេកវិជ្ជា​នេះ​យ៉ាង​រហ័ស​ដើម្បី​ផលិត​ទូរស័ព្ទ 5G ជំនាន់​ក្រោយ​ដោយ​ឯករាជ្យ​។​

​កាលពី​ឆ្នាំមុន ក្រុមហ៊ុន VinSmart បាន​ទិញ​ប៉ាតង់​សម្រាប់​ទូរស័ព្ទ​ដំបូង​ចំនួន​បួន​របស់ខ្លួន​ពី​ក្រុមហ៊ុន​បច្ចេកវិជ្ជា​អេ​ស្ប៉ា​ញ BQ ដែល​ក្នុងនោះ​ខ្លួន​មាន​ភាគហ៊ុន ៥១ ភាគរយ​។​

​រោងចក្រ Hai Phong របស់​ក្រុមហ៊ុន Vingroup ដែល​បាន​បើក​ដំណើរការ​កាលពី​ខែវិច្ឆិកា​កន្លងទៅនេះ មាន​សមត្ថភាព​ផលិត​ទូរស័ព្ទ ៥ លាន​គ្រឿងក្នុង​មួយឆ្នាំ​នៅក្នុង​ដំណាក់កាល​ដំបូង​។ ក្រុមហ៊ុន​នេះ​បានចេញ​ទូរស័ព្ទ​ដំបូង​របស់ខ្លួន​កាលពី​ខែធ្នូ​។​

​ក្រុមហ៊ុន​បានចាប់ផ្តើម​លក់​ស្មា​ត​ហ្វូ​ន Vsmart នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​បង្ហាញ​វា​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ខែមីនា​។ ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​ការលក់​ទៅ​ប្រទេស​ឥណ្ឌា ថៃ ឡាវ និង កម្ពុជា​នៅ​ឆ្នាំនេះ​៕ ដោយ៖ កញ្ញាដាលីស

កម្មករ​នៅ​រោងចក្រ VinSmart

ទីតាំងផ្សាយពាណិជ្ជកម្ម