ដូ​ណា​ល់ ត្រាំ​ថា “​បើកទូលាយ​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រវត្តិសាស្ត្រ​” ជាមួយ​ចិន​នៅ​កិច្ចប្រជុំ G20

771
ចែករម្លែក

ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​២៩​ខែមិថុនា​នេះ​ថា លោក​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​កិច្ចព្រមព្រៀង “​ជា​ប្រវត្តិសាស្ត្រ​” ជាមួយ​ចិន នៅពេល​លោក​បានចាប់ផ្តើម​ធ្វើ​កិច្ច​ជំនួប​ជាមួយ​លោក​ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​ដោយមាន​ការមើល​អង្កេត​ពី​ពិភពលោក​ដើម្បី​មើលថា​តើ​ពួកគេ (​អាម៉េរិក​និង​ចិន​) អាច​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែលមាន​ជម្លោះ​ជា​យូរ​មកហើយ​របស់​ពួកគេ​ដែរឬទេ​។​

​បន្ទាប់​ពីថ្ងៃ​ដំបូង​ដែល​ពោរពេញ​ដោយ​មិត្តភាព​និង​ក្តី​រីករាយ​នោះ ក្រុម​មេដឹកនាំ​ពិភពលោក​នៅ​កិច្ចប្រជុំ G20 បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​គូប្រជែង​ទាំង​២​នេះ ដែលមាន​ផលប៉ះពាល់​ធំធេង​ចំពោះ​សេដ្ឋកិច្ចពិភពលោក​។​

​កិច្ច​ជំនួប​នេះ​បានចាប់ផ្តើម​ដោយមាន​សញ្ញា​វិជ្ជមាន​ដោយ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា “​វា​នឹង​ជា​ប្រវត្តិសាស្ត្រ ប្រសិនបើ​យើង​អាចធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌​…​យើង​បើកចំហ​ទាំងស្រុង​ចំពោះ​វា​”​។​

​សម្រាប់​ភាគី​ចិន លោក ស៊ី​ជីន​ពីង បាន​និយាយថា “​កិច្ចសន្ទនា គឺមាន​ភាពល្អប្រសើរ​ជាង​ការប្រឈមមុខ​ដាក់គ្នា បន្ទាប់ពី​ភាគី​ទាំង​២ បាន​បង្កើន​ការដាក់​ពន្ធ​លើ​ទំនិញ​របស់ខ្លួន​ទៅវិញទៅមក​”​។​

​លោក ដូ​ណា​ល់​ត្រាំ បាន​និយាយថា លោក​រំពឹងថា​នឹងមាន​ជំនួប​ផ្តល់​ផល​ល្អ ប៉ុន្តែ​ក៏បាន​ព្រមាន​ផងដែរ​ថា លោក​ត្រៀមខ្លួន​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទាំងអស់​របស់​ចិន បើសិន​មិនមាន​ការសម្រេចបាន​កិច្ចព្រមព្រៀង​នៅក្រៅ​កិច្ចប្រជុំ G20 នេះ​។​

​កាលពីពេល​មុននេះ លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា ក្រុម​មេដឹកនាំ​នឹង​ពិភាក្សាគ្នា​អំពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ហាមឃាត់​ដោយសារ​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​បានការ​ទម្លាក់ចោល​ការដាក់កំហិត​តឹងរ៉ឹង​នេះ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការសម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​៕ ដោយ៖ សុខា

លោក ដូ​ណា​ល់ ត្រាំ និង លោក ស៊ី ជីន​ពីង ស្ថិតនៅ​ក្នុងជំនួប​ទ្វេភាគី នៅ​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩ នៅក្រៅ​កិច្ចប្រជុំ​G20​នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន

ទីតាំងផ្សាយពាណិជ្ជកម្ម