អ្នកតំណាង​ស្ថាប័ន​អប់រំ​អូស្ត្រាលី​នឹងធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ជាមួយ​សិស្ស​និស្សិត​និង​អាណាព្យាបាល​

844
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​អ្នកតំណាង​របស់​ស្ថាប័ន​អប់រំ និង​សាកលវិទ្យាល័យ​មកពី​ប្រទេស​អូស្ត្រាលី នឹងធ្វើ​ដំណើរ​មកកាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​ចូលរួម​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍​និង​ការសិក្សា​នៅ​អូស្ត្រាលី​ដែល​នឹងធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ចាប់ពី​ម៉ោង​១​រសៀល​ដល់​ម៉ោង​៦​ល្ងាច​នៅ​ថ្ងៃទី​១១​ខែកក្កដា​។​កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ដោយ​ស្ថាប័ន​IDP​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​បើក​អោយ​សាធារណជន​ចួ​ល​រួម​ដោយ​សេរី​។​

​ស្ថាប័ន​IDP​គឺជា​ស្ថាប័ន​នាំមុខគេ​ខាង​ផ្នែក​អប់រំ​ជា​អន្តរជាតិ​និង​ការបញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅ​បរទេស​ដែលមាន​ដូចជា​ប្រទេស​អូស្ត្រាលី​ណូ​វែ​ល​ហ្សេ​ឡង់​កាណាដា​សហរដ្ឋអាមេរិក​ចក្រភព​អង់គ្លេស​និង​អៀរ​ឡង់​ជាមួយនឹង​បទពិសោធន៍​ជាង​៥០​ឆ្នាំ​ជាមួយនឹង​វិស័យ​អប់រំ​ជា​អន្តរជាតិ​ជុំវិញ​ពិភពលោក និង​មាន​វត្តមាន នៅ ប្រទេស​កម្ពុ​ជាជាង ២៧​ឆ្នាំ​មកហើយ​។​

​កម្មវិធី​នេះ​ជា​វេទិកា​អប់រំ​ដ៏​ធំ​មួយ​សម្រាប់​សិស្ស​និស្សិត​និង​អាណាព្យាបាល​ក្នុង​ការជួប​ជាមួយ​អ្នកតំណាង​មក​គ្រប់​ស្ថាប័ន​ល្បីៗ​សាកលវិទ្យាល័យ​និង​អ្នកផ្តល់​ការអប់រំ​ពី​ប្រទេស​អូស្ត្រាលី​ដើម្បី​ជួប​ប្រឹក្សា​អំពី​ជម្រើស​សិក្សា តម្លៃ​សិក្សា តម្លៃ​ស្នាក់នៅ និង​ដំណើរការ​ទិដ្ឋាការ​ទៅកាន់ ប្រទេស​អូស្ត្រាលី​ដោយផ្ទាល់​។ ស្ថាប័ន​ដែល​នឹងមាន​វត្តមាន​នៅក្នុង​ក​ម្ម​វិធី​នេះ​រួមមាន​ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ​និង​ថ្នាក់​បណ្តុះបណ្តាល​វគ្គ​ខ្លី រហូតដល់​ថ្នាក់បណ្ឌិត​ផងដែរ​។​

​លោក​ម៉ៅ​ស្រេង​នាយក​ស្ថាប័ន​អប់រំ​IDP​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​«​ប្រទេស​អូស្ត្រាលី​ត្រូវបាន​ចាត់ទុកជា​ទិសដៅ​សិក្សា​ដែល​ពេញនិយម​មួយ​សម្រាប់​សិស្ស​និស្សិត​ដើម្បី​ទៅ​បន្ត​ការសិក្សា​របស់​ពួកគេ​នៅ​បរទេស​»​។​លោក​បាន​បន្តថា​«​ចំនួន​និយោជក​ដែល​ស្វែងរក​បុគ្គលិក​ដែល​បានបញ្ចប់​ការសិក្សា​នៅក្រៅ​ប្រទេស​ដែលមាន​ដូចជា​ប្រទេស​អូស្ត្រាលី​ជាដើម​និង​តម្រូវការ​ទៅលើ​គុណភាព​និង​ជំនាញ​ដែល​ទទួលបាន​ពី​ការ​ទៅ​សិក្សា​នៅ​ស្ថាប័ន​អប់រំ​លំដាប់​ពិភពលោក​មានការ​កើនឡើង​ជា​លំដាប់​។ ស្របពេល​ជាមួយគ្នានេះ​ចំនួន​សិស្ស​និស្សិត​ដែល​ទទួលស្គាល់​ទៅលើ​ចំនុច​នេះ​និង​ជ្រើសរើស​ទៅ​សិក្សា​ដើម្បី​ទទួលបាន​ស​ញ្ញ​ប័ត្រ​ពី​ស្ថាប័ន​អប់រំ​ក្រៅប្រទេស​ក៏មាន​ការកើនឡើង​ផងដែរ​»​។​

​ដោយឡែក មជ្ឈមណ្ឌល​អូ​ស្រា្ត​លី សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏​នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​នេះ ដើម្បី​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការ សិក្សា​សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏​នឹង​ត្រៀមខ្លួន ផ្តល់ ប្រឹក្សា​ពី​ការចុះឈ្មោះ​ប្រលង​ការត្រៀម​ប្រលង​IELTS​និង​ស្រប​ជាមួយ​ការដាក់អោយ​សាកល្បង​តេស្ត​IELTS តាម​កុំព្យូទ័រ ដោយ​ឥតគិតថ្លៃ​។​

លោក​ឈាង​វ៉ាន់​តាក់​ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស​និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ប្រចាំ​ស្ថាប័ន​អប់រំ IDP​កម្ពុជា​បាន​មានប្រសាសន៍ថា​«​កម្មវិធី​ពិព័រណ៍​ការសិក្សា​និង​អាហារូបករណ៍​នៅ​អូស្ត្រាលី​នឹង​ជួយ​ឱ្យ​សិស្ស​និស្សិត​មាន​អារម្មណ៍​ដូច​បានធ្វើ​ដំណើរ​ទៅកាន់​ស្ថាប័ន​អប់រំ​នៅ​ទឹកដី​អូស្ត្រាលី​ដោយផ្ទាល់ ពីព្រោះ​កម្មវិធី​នេះ​នឹង​ជួយ​ឱ្យ​ពួកគេ​មាន​ជួបពិភាក្សា​ជាមួយ​អ្នកតំណាង​ជាច្រើន​ដែលជា​ជំនួយ​ក្នុងការ​សម្រេចចិត្ត ទៅលើ​មុខវិជ្ជា និង​ការសិក្សា​ដែល​ពួកគេ​កំពុង​ស្វែងរក​»​។​

IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ដែលមាន​ការិយាល័យ​ចំនួន​ជាង​១០០​កន្លែង​ក្នុង​៣០​ប្រទេស​ជុំវិញ​ពិភពលោក​។​ការប្រឹក្សា​នឹង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា​ត្រូវបាន​ផ្តល់ជូន​ដោយ​ស្ថាប័ន​IDP​ដោយ​ឥតគិតថ្លៃ​។​IDPEducation​ជា​សា្ថ​ប័ន​ដែល​ចូលរួម​បង្កើតឡើង​ដោយ សាកលវិទ្យាល័យ​ទាំង ៣៨ របស់​ប្រទេស​អូ​ស្រា្ត​លី​។​

​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី ២០១៩ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ចាប់ពី​ម៉ោង ១ រសៀល ដល់​ម៉ោង ៦​ល្ងាច​។ ចុះឈ្មោះ​ចូលរួម​កម្មវិធី​ដោយ​ឥតគិតថ្លៃ​តាមរយៈ Cambodia.idp.com/siaexpo ឬ​077 667 122៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម