ការផ្សាយ​បន្ត​ផ្ទាល់​ត្រូវតែមាន​ក្រុម​សិ​ល​ធម៌​និង​គោរព​វិជ្ជាជីវៈ​ឱ្យបាន​ត្រឹមត្រូវ​

799
ចែករម្លែក

ដោយ​: ដេប៉ូ​
​ភ្នំពេញ​:
ការធ្វើ​សេចក្តីរាយការណ៍​តាម Online និង​ផ្សាយ​បន្ត​ផ្ទាល់​(Live) បច្ចុប្បន្ន​មានការ​រីកដុះដាល​យ៉ាង​ផុលផុស ហើយ​ទន្ទឹម​ជាមួយគ្នា​អ្នកសារព័ត៌មាន ក៏ត្រូវ​ស្វែងយល់​ពី​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​ឱ្យបាន​ត្រឹមត្រូវ​ដែរ​។​

​ការលើកឡើង​បែបនេះ ធ្វើឡើង​ដោយ លោក ឆាយ សុផល អ្នកសារព័ត៌មាន​ជើងចាស់ និង​ជា​សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​សារព័ត៌មាន​ល្បីឈ្មោះ​មួយរូប ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី ”​គុណភាព​នៃ​សេចក្តីរាយការណ៍​តាម Online និង​ផ្សាយ​បន្ត​ផ្ទាល់​(Live)” កាលពី​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩​កន្លងមក​។​

​បើតាម​លោក ឆាយ សុផល បានឱ្យដឹងថា សិក្ខាកាម​ដែល​បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នេះ មាន​ចំនួន​២០​នាក់​មកពី​ស្ថាប័ន​នានា ដូចជា វិទ្យុ កាសែត ទូរទស្សន៍ និង​អន​ឡាញ​ជាដើម​។ វគ្គ​បណ្តុះបណ្តាល​នេះដែរ ធ្វើឡើង​រយៈពេល​១​ថ្ងៃ​កន្លះ នៅ​ប៊ុ​ក​កាហ្វេ ស្ថិតនៅ​បុរី​មហា​សែន​សុខ ស្ថិតនៅ​សង្កាត់​ក្រាំងធ្នុង ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។​

​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា លោក ឆាយ សុផល បានឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​ពី​របៀប​ក្នុង​ការយក​ព័ត៌មាន ការនិពន្ធ​ព័ត៌មាន ក្រុម​សិ​ល​ធម៌ និង​ពិសេស​បាន​ផ្តោត​សំខាន់​ទៅលើ​ការធ្វើ​សេចក្តីរាយការណ៍​តាម Online និង​ផ្សាយ​បន្ត​ផ្ទាល់ ដើម្បី​សំដៅ​ធ្វើយ៉ាងណា​តម្រង់ទិស​អ្នកសារព័ត៌មាន​ឱ្យមាន​គុណភាព​ប្រសើរឡើង​ជាង​មុន​។​

​លោក​បាន​បន្ថែម​ឱ្យដឹងថា ដោយ​សង្កេតឃើញថា បច្ចុប្បន្ននេះ​និន្នាការ​កើនឡើង​ការផ្សព្វផ្សាយ ព័ត៌មាន​តាម Online និង​ផ្សាយ​បន្ត​ផ្ទាល់​(Live)​មាន​សន្ទុះ​គួរឱ្យ​ចាប់អារម្មណ៍ ហើយ​កាន់តែ​ទទួលបាន​នូវ​ការគាំទ្រ​ពី​សាធារណៈជន​នោះ​ក្លឹប​អ្នកកាសែត​កម្ពុជា (​ក​- អ​-​ក​) បានសម្រេច​បើក​វគ្គ​បណ្តុះបណ្តាល​អំពី​គុណភាព នៃ​សេចក្តីរាយការណ៍​តាម​អន​ឡាញ​និង​ផ្សាយ​បន្ត​ផ្ទាល់​។ ដូច្នេះ​វគ្គ​បណ្តុះបណ្តាល​នេះ មាន​គោលបំណង​សំខាន់​មិន​ត្រឹមតែ​បង្កើន​សមត្ថភាព​បន្ថែម​ដល់​អ្នកសារព័ត៌មាន ឬ​សាធារណជន ដែល​បាន និង​កំពុង​ប្រើប្រាស់ Online ក្នុងការ​រាយការណ៍​ព័ត៌មាន​ឬ​ផ្សាយ​បន្ត​ផ្ទាល់​នោះទេ ប៉ុន្តែ​ក៏​នឹង​ជួយ​ដល់​ពួកគេ​អាច​ស្វែងយល់​អំពី​មូលដ្ឋានគ្រឹះ​នៃ​ការសរសេរ​ព័ត៌មាន អំពី​របៀប​សរសេរ​ព័ត៌មាន​តាម​អន​ឡាញ អំពី​ការត្រៀម​លក្ខណៈ​និង​របៀប​ផ្សា​យន្ត​ផ្ទាល់​រួមទាំង​ក្រមសីលធម៌​ផងដែរ​។​

​ជាមួយគ្នានេះ ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ប៉ែន បុ​ណ្ណា បានលើកឡើង​ឱ្យដឹង​ដែរ​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ផ្តោត​សំខាន់​ឱ្យ​អ្នកសារព័ត៌មាន​គោរព​ឱ្យបាន​នូវ​ក្រមសីលធម៌ ពិសេស​អ្នក​ផ្សាយ​បន្ត​ផ្ទាល់​នាពេល​បច្ចុប្បន្ន​។ ដោយសារតែ​នាពេល​នេះដែរ ការរីកដុះដាល​លើ​ការផ្សាយ​បន្ត​ផ្ទាល់​កើនឡើង ហើយ​បាន​កើតចេញ​នូវ​បាតុភាព​មួយចំនួន​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស ក៏ដូចជា​ផលប្រយោជន៍ ដល់​ជនរងគ្រោះ​។ ហេតុនេះ​វគ្គ​បណ្តុះបណ្តាល​នេះ ក៏​ជា​ផ្នែក​មួយ​ជួយ​ដល់​ការស្វែងយល់​ដឹង​និង​ពិសេស​ការផ្សព្វផ្សាយ​រប​ស់​អ្នកសារព័ត៌មាន​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​លោក​បាន​បញ្ជាក់ថា “​ចំពោះ​អ្នកសារព័ត៌មាន​ពិសេស​អ្នក​ផ្សាយ​បន្ត​ផ្ទាល់​ត្រូវតែ​គោរព​ឱ្យបាន​នូវ​គោលការណ៍​ជា​អ្នកសារព័ត៌មាន និយាយឱ្យចំ​ក្រុម​សីលធម៌​អ្នកសារព័ត៌មាន​ឱ្យបាន​ច្បាស់លាស់ មិនមែន​អាង​យើង​ជា​អ្នកសារព័ត៌មាន យើង​ចេះតែ​និយាយ​អី​ក៏បាន ចង់​ផ្សាយ​នរណា​ក៏បាន​នោះទេ​។​យើង​ត្រូវ​គិតពី​រឿង​អត្ថាធិបាយ គិត​រូបភាព​ដែល​យើង​ថត ហើយ​អ្នកសារព័ត៌មាន​ត្រូវតែ​ចាប់អារម្មណ៍​និង​យល់ដឹង​”​។​

​លោក​បានឱ្យដឹង​បន្ថែមថា អ្នក​សារ​ព័ត​មាន​គ្រប់រូប​ត្រូវតែ​ស្វែងយល់​នូវ​អ្វី​ដែលជា​ក្រុម​សីលធម៌ និង​ច្បាប់​អ្នកសារព័ត៌មាន​ឱ្យបាន​ច្បាស់លាស់​ចៀសវាង​ត្រូវបាន​គេ​ប្តឹងផ្តល់ និង​ប្រាសចាក​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​។​កន្លងមក​ដោយសារតែ​ការមិន​យល់ដឹង​នេះហើយ ទើប​អ្នក​សារ​ព៌​ត៌មាន​មួយចំនួន​ត្រូវបាន​គេ​ប្តឹងផ្តល់​និង​ប្រឈម​ផ្លូវច្បាប់​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម