តំបន់​គ្មាន​យោធា (DMZ) គឺជា​ព្រំប្រទល់​សង្គ្រាមត្រជាក់​ចុងក្រោយ​បំផុត​លើ​ពិភពលោក​

724
ចែករម្លែក

​លោក​ដូ​ណា​ល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​បាន​ចាប់ដៃគ្នា​នៅ​តំបន់​គ្មាន​យោធា​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​មិថុនា ដោយ​មេដឹកនាំ​អាម៉េរិក​បាន​ក្លាយជា​ប្រធានាធិបតី​ដំបូង​គេ​ដែល​បាន​ចូល​កូរ៉េខាងជើង នៅពេល​គាត់​បាន​ដើរ​រំលង​លើ​បន្ទាត់​បេតុង ដែល​បែងចែក​ឧបទ្វីប​កូរ៉េ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ត្រាំ​ទៅកាន់​តំបន់​គ្មាន​យោធា (DMZ) បាន​កើតឡើង​មួយថ្ងៃ បន្ទាប់ពី​លោក​ត្រាំ​បាន​អញ្ជើញលោក​គីម​ឱ្យមក​ជួប​គាត់​នៅ​កន្លែង​មួយ ដែល​គេ​សំដៅ​យ៉ាង​ទូលំទូលាយ​ថា​ជា​ព្រំដែន​សង្គ្រាមត្រជាក់​ចុងក្រោយ​របស់​ពិភពលោក​។​

​នេះ​គឺជា​សំណួរ​និង​ចម្លើយ​មួយចំនួន​អំពី​តំបន់​គ្មាន​យោធា ដែល​ផ្អែកលើ​គោលជំហរ​ដែល​ប្រកាន់យក​នៅ​ចុងបញ្ចប់​នៃ​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០-៥៣ កន្លែង​ដែល​កងកម្លាំង​កូរ៉េខាងត្បូង​ដែល​គាំទ្រ​ដោយ​ក្រុមចម្រុះ​អ​.​ស​.​ប​ដឹកនាំ​ដោយ​អាម៉េរិក​បាន​ប្រយុទ្ធ​រហូតដល់​ចំណុច​ទាល់ច្រក​គ្មាន​អ្នកចាញ់​គ្មាន​អ្នកឈ្នះ​ជាមួយ​កងទ័ព​កូរ៉េខាងជើង​និង​ចិន​។​

​តំបន់​គ្មាន​យោធា (DMZ) ស្ថិត​នៅទីណា​?

​តំបន់ DMZ ដែល​លាតសន្ធឹង ៤ គីឡូម៉ែត្រ គឺមាន​ចម្ងាយ ២៥០ គីឡូម៉ែត្រ​ឆ្លងកាត់​ឧបទ្វីប​កូរ៉េ គឺ​ប្រហែល ៥០ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ទីក្រុង​សេ​អ៊ូ​ល និង ២០០ គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​ទីក្រុង​ព្យុងយ៉ាង​។​

​នៅ​ចំ​កណ្តាល​តំបន់ DMZ គឺ​បន្ទាត់​ខ័​ណ្ឌ​សីមា​យោធា (MDL) កន្លែង​ដែល​ខ្សែត្រៀម​ជួរមុខ​ត្រូវបាន​ដាក់ពង្រាយ នៅពេលដែល​បទ​ឈប់​បាញ់ ដែល​បញ្ឈប់​អរិភាព​សង្គ្រាម​កូរ៉េ ត្រូវបាន​ចុះហត្ថលេខា​នៅ​ឆ្នាំ ១៩៥៣​។​

​នៅក្រោម​កិច្ចព្រមព្រៀង ភាគី​ទាំង​ពីរបាន​យល់ព្រម​ដក​កងកម្លាំង​របស់ខ្លួន​ចេញ​ប្រហែល ២.០០០ ម៉ែត្រ​។ នៅ​កូរ៉េខាងត្បូង រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​បង្កើត​តំបន់ទ្រនាប់​មួយ​បន្ថែមទៀត ដែលមាន​ទំហំ​ខុសពី​គ្នា ដោយ​រឹតត្បិត​ការចេញចូល​របស់​ជន​ស៊ីវិល​។​

​តើ​តំបន់ DMZ គឺជា​អ្វី​?

​ក្នុងនាម​ជា​ព្រំសីមា​បែងចែក​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង អាវុធ​ធុន​ធ្ងន់​ត្រូវបាន​ហាមឃាត់​នៅក្នុង​តំបន់ DMZ​។ ការដើរ​ល្បាត​ត្រូវបាន​អនុញ្ញាត ប៉ុន្តែ​មិនអាច​ឆ្លងកាត់​ខ្សែបន្ទាត់ MDL បានទេ ហើយ​មនុស្ស​មិន​លើសពី ១.០០០ នាក់​ពី​ភាគី​សងខាង ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ក្នុង​តំបន់​នេះ​ក្នុង​មួយ​លើក​។ តំបន់​នេះ​ក៏​ពោរពេញ​ទៅដោយ​ចម្ការមីន​ផងដែរ​។​

​តំបន់​នៅក្រៅ​ពីនេះ​បន្តិច គឺ ជា​កន្លែង​ដែលមាន​ការការពារ​រឹងមាំ​បំផុត​នៅលើ​ផែនដី ដែលមាន​កាំភ្លើង​ធំ​និង​ជំរំ​យោធា​និង​ចម្ការមីន​ជាច្រើន​។​

​តើ​តំបន់ DMZ មើលទៅ​ដូច​អ្វី​ទៅ​?

​ជាមួយ​តំបន់ DMZ “​ជា​ដែនដី​គ្មាន​មនុស្ស​រស់នៅ​” ដែលមាន​វត្តមាន​មនុស្ស​តិចតួច​បំផុត​អស់​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មកនេះ ភាគច្រើន​នៃ​តំបន់​នេះ​គឺជា​ព្រៃ​ខៀវស្រងាត់ ដែល​ល្បីល្បាញ​ជា​ជម្រក​អេកូឡូស៊ី​សម្រាប់​ប្រភេទ​សត្វ​និង​រុក្ខជាតិ​ដ៏​កម្រ ដែល​ទីជម្រក​របស់​ពួកវា​នៅ​កន្លែង​ផ្សេងទៀត​ត្រូវបាន​បំផ្លាញ​ដោយ​ការអភិវឌ្ឍ​។​

​យោងតាម​ក្រសួងបរិស្ថាន​របស់​ទីក្រុង​សេ​អ៊ូ​ល​បានឱ្យដឹងថា ខ្លាឃ្មុំ​ខ្មៅ​អាស៊ី​មួយ​ក្បាល​ត្រូវបាន​ថត​ជាប់​នៅ​ទីនោះ​កាលពី​ខែតុលា​ឆ្នាំមុន​។​

​នៅក្នុង​តំបន់​នេះ ប៉ម​ត្រួតពិនិត្យ​ត្រូវបាន​សង់​នៅលើ​កំពូលភ្នំ ហើយ​របងលួស​បន្លា​គឺ​ព័ទ្ធ​នៅលើ​ព្រំប្រទល់​តែម្តង​។​

​តើ​អ្នកណាខ្លះ​ធ្លាប់​ទៅ​ទីនោះ​?

​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​បាន​ស្ថិតនៅក្នុង​សម្ព័ន្ធភាព​ការពារ​សន្តិសុខ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ហើយ​ការធ្វើដំណើរ​ទៅ​តំបន់ DMZ គឺជា​ព្រឹត្តិការណ៍​មិនធម្មតា​មួយ​សម្រាប់​មេដឹកនាំ​អាម៉េរិក​។​

​អតីត​ប្រធានាធិបតី ច​ច ដាប់​ប​ល​យូ ប៊ូ​ស បាន​ចូល​តំបន់ DMZ ក្នុង​ខែកុម្ភៈ​ឆ្នាំ ២០០២ គឺ​មួយខែ​គត់​បន្ទាប់ពី​លោក​បានចាត់ទុក​កូរ៉េខាងជើង​ជា​ផ្នែក​មួយ​នៃ “​ក្រុម​ប្រទេស​គូសត្រូវ​” របស់គាត់​។​

​ប្រធានាធិបតី​ចុងក្រោយ​ដែល​បាន​ទៅ​តំបន់ DMZ គឺ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​ក្នុង​ឆ្នាំ ២០១២ និង​អនុ​ប្រធានាធិបតី​អាម៉េរិក​លោក ម៉ៃ ផេ​ន បាន​ទៅ​ព្រំដែន​នេះ​នៅ​ខែមេសា​ឆ្នាំ ២០១៧ ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើងជា​មួយ​រដ្ឋ​ឯកោ​មួយ​នេះ​។​

​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​ព្យាយាម​ទៅធ្វើ​ទស្សនកិច្ច​តំបន់​នេះ​នៅ​៧​ខែក្រោយ ប៉ុន្តែ​ឧទ្ធម្ភាគចក្រ​របស់គាត់​ត្រូវ​បង្ខំចិត្ត​ត្រឡប់​ថយក្រោយ​វិញ ដោយសារតែ​អ័ព្ទ​ធ្ងន់ធ្ងរ​ពេក​។​

​គួរកត់សម្គាល់​បំផុត​នោះ​គឺ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ជេ​អ៊ី​ន និង​ប្រធានាធិបតី​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បានរៀបចំ​កិច្ចប្រជុំ​ពីរលើក​ក្នុងចំណោម​កិច្ចប្រជុំ​បី​លើក​របស់ខ្លួន​កាលពី​ឆ្នាំមុន​នៅ​ភូមិ​ប៉ាន់​មុន​ជុម ដែលជា “​ភូមិ​នៃ​បទ​ឈប់​បាញ់​” នៅក្នុង​តំបន់ DMZ ។​

​តើ​អ្វី​ទៅជា​ភូមិ​ប៉ាន់​មុន​ជុម​?

​ដោយ​គេ​ស្គាល់​ផងដែរ​ថា​តំបន់​សន្តិសុខ​រួមគ្នា (JSA) ភូមិ​ប៉ាន់​មុន​ជុម​គឺជា​អគារ​ជាច្រើន​ដែល​សង់​នៅ​ជុំវិញ​ផ្ទះ​ខៀវ​សម្រាប់​ប្រជុំ​របស់​អង្គការសហប្រជាជាតិ​នៅលើ​ខ្សែបន្ទាត់​ខ័​ណ្ឌ​សីមា​យោធា MDL ដែល​បាន​ក្លាយជា​និមិត្តរូប​នៃ​ការបែងចែក​ឧបទ្វីប​កូរ៉េ​។​

​បទ​ឈប់​បាញ់​ឆ្នាំ ១៩៥៣ ត្រូវបាន​ចុះហត្ថលេខា​នៅក្នុង​អគារ​មួយ​នៅ​ខាង​កូរ៉េខាងជើង ហើយ JSA គឺជា​កន្លែង​នៃ​ឧបទ្ទវហេតុ​នៃ​ការធ្វើឃាត​ក្នុង​ឆ្នាំ ១៩៧៦ នៅពេល​មន្ត្រី​យោធា​អាម៉េរិក​ពីរ​នាក់​ដែល​ព្យាយាម​កាប់​ដើមឈើ​បាំង​មើលមិនឃើញ ត្រូវបាន​កាប់សម្លាប់​ដោយ​ទាហាន​កូរ៉េខាងជើង​។​

​វា​ជា​កន្លែង​តែមួយគត់​នៅក្នុង​តំបន់ DMZ ដែល​ពួក​ទាហាន​មកពី​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​ឈរ​ទល់មុខ​គ្នា តែ​ទោះយ៉ាងណា នៅក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ ដែល​លោក​មូ​ន​និង​លោក​គីម​បាន​ចុះហត្ថលេខា​នៅ​កិច្ចប្រជុំ​កំពូល​លើក​ទី​បី​របស់​ពួកគេ​កាលពី​ឆ្នាំមុន​នៅ​ទីក្រុង​ព្យុងយ៉ាង ពួកគេ​លែង​កាន់​អាវុធ​ទៀតហើយ​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម