កូរ៉េខាងជើង​ហៅ​កិច្ច​ជំនួប​រវាង​គីម​និង​ត្រាំ​ ថា “​ប្រវត្តិសាស្ត្រ​”

621
ចែករម្លែក

​កូរ៉េខាងជើង​កាលពី​ថ្ងៃ​ចន្ទ​ទី​១​កក្កដា​ បានចាត់ទុក​កិច្ច​ជំនួប​ចុង​សប្តាហ៍​រវាង​មេដឹកនាំ​គីម ជុង​អ៊ុន​និង​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​ នៅ​តំបន់​គ្មាន​យោធា​ថា​ជា “​ប្រវត្តិសាស្ត្រ​” និង “​គួរឱ្យភ្ញាក់ផ្អើល​”​។​

​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) បាន​និយាយថា មេដឹកនាំ​ទាំងពីរ​បាន​ព្រមព្រៀងគ្នា “​បន្ត​និង​ជំរុញ​កិច្ចពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ដើម្បី​ធ្វើឱ្យមាន​របកគំហើញ​ថ្មី​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​”​។​

​បន្ទាប់ពី​ការអញ្ជើញ​របស់លោក​ប្រធានាធិបតី​អាម៉េរិក​កាលពី​ថ្ងៃ​សៅរ៍ បុរស​ទាំងពីរ​នាក់​បាន​ជួបគ្នា​នៅ​មួយថ្ងៃ​ក្រោយ​នៅលើ​ព្រំប្រទល់ ដែល​បែងចែក​ឧបទ្វីប​កូរ៉េ​អស់​រយៈពេល​៦៦​ឆ្នាំ ចាប់តាំងពី​ការបញ្ចប់​សង្គ្រាម​កូរ៉េ នៅពេលដែល​ប្រទេស​ពួកគេ​និង​សម្ព័ន្ធមិត្ត​ផ្អាក​ប្រយុទ្ធ​គ្នា​។​

​លោក​គីម​និង​លោក​ត្រាំ​បាន​ចាប់ដៃគ្នា​រំលង​លើ​ថ្ម​បេតុង​ដែល​បែងចែក​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង នៅមុន​ពេល​លោក​ត្រាំ​ង​ដើរចូល​ទៅក្នុង​ទឹកដី​កូរ៉េខាងជើង ដោយ​ក្លាយជា​ប្រធានាធិបតី​អាម៉េរិក​ទីមួយ​ជាន់​លើ​ទឹកដី​កូរ៉េខាងជើង​មិន​ធ្លាប់មាន​ពីមុនមក​។​

KCNA បាន​និយាយថា “​មេដឹកនាំ​កំពូល​នៃ​កូរ៉េខាងជើង​និង​សហរដ្ឋ​អាម៉េរិក​ចាប់ដៃគ្នា​ជា​ប្រវត្តិសាស្ត្រ​នៅ​ភូមិ​ប៉ាន់​មុន​ជុម​” គឺជា “​ព្រឹត្តិការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​” ដោយ​ពណ៌នា​ភូមិ​នៃ​បទ​ឈប់​បាញ់​គ្នា​នេះ​ថា​ជា “​កន្លែង​ដែល​ធ្លាប់តែ​គេ​ស្គាល់​ថា​ជា​និមិត្តរូប​នៃ​ការបែងចែក​”​។​

KCNA បាន​បន្ថែមថា កិច្ចប្រជុំ​នេះ​បានកើត​ឡើង “​តាម​ការស្នើ​របស់លោក​ត្រាំ​”​។​

​លោក​ត្រាំ​បាន​ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​នោះ​ថា ពួកគេ​បាន​ព្រមព្រៀងគ្នា​ថា កិច្ចចរចា​កម្រិត​ការងារ​អំពី​ឃ្លាំង​អាវុធ​របស់​កូរ៉េខាងជើង​នឹង​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។​

KCNA បាន​និយាយថា លោក​គីម​និង​លោក​ត្រាំ​បាន​ពិភាក្សា​អំពី “​បញ្ហា​នៃ​ក្តីបារម្ភ​និង​ផលប្រយោជន៍​ទៅវិញទៅមក ដែល​បាន​ក្លាយជា​ឧបសគ្គ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​”​។​

KCNA បាន​បន្ថែមថា ​មេដឹកនាំ​ទាំងពីរ “​យល់ព្រម​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​នាពេល​អនាគត​”​។​

KCNA បាន​លើកឡើងថា លោក​គីម​បាន​សរសើរ “​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ដ៏​ល្អ​” របស់​ពួកគេ ដោយ​និយាយថា ពួកគេ​នឹង “​បង្កើត​នូវ​លទ្ធផល​ល្អ​ដែល​មិនអាច​ទាយ​ទុកជាមុន​បាន​ដោយ​អ្នកដទៃ​និង​ធ្វើការ​ជា​កម្លាំង​អាថ៌កំបាំង​ដើម្បី​ជម្នះ​ការលំបាក​និង​ឧបសគ្គ​ជាច្រើន​នៅ​ថ្ងៃ​អនាគត​ផងដែរ​”៕ ដោយ៖ កញ្ញាដាលីស/Ha

គីម ជុង​អ៊ុន និង​ដូ​ណា​ល់ ត្រាំ​ជួបប្រជុំគ្នា​នៅ​តំបន់​គ្មាន​យោធា​កាលពី​ថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម