សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ផ្ទេរ​ ការគ្រប់គ្រង​សាលា​កុមារ​ពិ​ការ​ភ្នែក​និង​កុមារ​គ​ថ្លង់ ​នៃ​អង្គការ​គ្រួសារ​ថ្មី​ ទៅ​ឲ្យ​ក្រសួង​អប់រំ យុវជន​និង​កីឡា

727
ចែករម្លែក

ដោយ​:​តារា​រិ​ទ្ធ​/​ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១ ខែកក្កដា ឆ្នាំ​២០១៩ ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បានអញ្ជើញ​ផ្ទេរ​ការគ្រប់គ្រង​សាលា​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​នៃ អង្គការ​គ្រួសារ​ថ្មី​ឲ្យ​មក​ស្ថិតក្រោម​ការ​គ្រប់​គ្រងរបស់​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ការដាក់​ឲ្យ​ដំណើរការ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​។​

​សាលា​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​​ ត្រូវបាន​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ ១៩៩១ ដោយមាន​ឈ្មោះថា​«​មជ្ឈមណ្ឌល​ជាតិ​អប់រំ​ជនពិការភ្នែក និង​គ ថ្លង់​»​។​នៅ​ឆ្នាំ ១៩៩៣ អង្គការ​គ្រួសារ​ថ្មី​បាន​ផ្តួចផ្តើមឱ្យមាន​ដំណើរ​ការអប់រំ​សម្រាប់​កុមារ​ពិការភ្នែក​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​ ដែលមាន​លោកស្រី នាង ផល្លា ជា​គណៈ​គ្រប់គ្រង​នៅ​សាលារៀន​កុមារ​គ​ថ្លង់​ច្បារ​អំពៅ​។​លុះ​ក្រោយមក​ដោយសារ​ចំនួន​សិស្ស​ពិការ​មាន​ចំនួន​ច្រើន​នៅតាម​ខេត្ត​និង​មាន​តម្រូវការ​ចាំបាច់​សម្រាប់​អប់រំ​កុមារ​ពិការភ្នែក​និង​កុមារ​គ​​ ថ្លង់​នោះ អង្គការ​គ្រួសារ​ថ្មី​បាន​បើក​សាលារៀន​ជា​បន្តបន្ទាប់​ដូចជា​សាលា​សម្រាប់​កុមារពិការភ្នែក​និង​គ​ថ្លង់​ខេត្តបាត់ដំបង​ នៅ​ឆ្នាំ​១៩៩៦, សាលារៀន​កុមារ គ​ថ្លង់ ច្បារអំពៅ​នៅ​ឆ្នាំ​១៩៩៧, សាលា​កុមា​រគ​ថ្លង់​និង​ពិការភ្នែក​ខេត្តសៀមរាប​នៅ ឆ្នាំ​២០០១​ និង​សាលា​កុមារ​ពិការភ្នែក​និង គ​ថ្លង់ ខេត្តកំពង់ចាម​នៅ​ឆ្នាំ​២០០២​។​

​បច្ចុប្បន្ន​សាលា​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​មាន​គណៈ​គ្រប់គ្រង​លោកគ្រូ​ អ្នកគ្រូ​និង​សិស្សានុសិស្ស​សរុប​ប្រមាណ​៨៩០​នាក់​។​ក្នុងនោះ​សិស្ស​មាន​ចំនួន​៧០២​នាក់​ ស្រី​២៨៦​នាក់​,​សិស្ស​ពិការ​ភ្នែក​១៦២​នាក់ ស្រី ៦១ នាក់​និង​សិស្ស​គ​ថ្លង់​សរុប ៥៤០​នាក់ ស្រី ២២៥​នាក់​។​

​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ​ កម្មវិធី​អប់រំ​កុមារ​ពិការភ្នែក​និង​កុមារ​គ​ថ្លង់​បាន​ដំណើរការ​និង​មានការ​អភិវឌ្ឍ​ជានិច្ច ​ដោយសារ​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ។ ជាពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ តែងតែបាន​ផ្ដល់ជំនួយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លាជាច្រើន​ដល់​អង្គការ​គ្រួសារ​ថ្មី​សម្រាប់​ដំណើរការ​កម្មវិធី​ជា​រៀង​រហូតមក​។​ជា​រៀងរាល់ឆ្នាំ​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ តែងតែបាន​អញ្ជើញ​ដោយផ្ទាល់​ឬ​ចាត់​អ្នកតំណាង​ចុះ​ជួប​សំណេះសំណាល​និង​រៀបចំ​អាហារ​ជូន​ដល់​កុមារ​ពិការភ្នែក​និង​កុមារ​គ​ថ្លង់​នៅក្នុង​សាលា​ទាំង​៦​ផងដែរ​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម