កាណាដា​យក​សំរាម​ត្រឡប់​ពី​ហ្វីលីពីន​វិញ ដោយ​បញ្ចប់​ជម្លោះ​ជា​យូរ​មក​នេះ​

622
ចែករម្លែក

​សំរាម​កាណាដា​រាប់​តោន ដែល​បាន​ទុក​ចោល​នៅ​ហ្វីលីពីន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​បាន​ទៅ​ដល់​ប្រទេស​កាណាដា​វិញ​នៅ​ថ្ងៃ​សៅរ៍​ទី​២៩​ខែមិថុនា ដោយ​បញ្ចប់​​ជម្លោះ​ការទូត​ដោយសារតែ​សម្រាម​កន្លងមកនេះ ដែល​បាន​បង្ហាញ​ឱ្យឃើញ​ក្រុម​ប្រទេស​អាស៊ី​ជាច្រើន​មាន​ការធុញទ្រាន់​ចំពោះ​ការ​ក្លាយទៅជា​កន្លែង​បោះចោល​សំរាម​នៃ​​ពិភពលោក​។​

​នាវា​ផ្ទុក​កុងតេន័រ​ដាក់​សំ​រាមចំនួន​៦៩​បាន​ចត​នៅ​កំពង់ផែ​មួយ​នៅ​ជាយក្រុង​Vancouver ប្រទេស​កាណាដា​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​AFP ។​

​ក្រុម​មន្ត្រី​ក្នុង​តំបន់​បាន​និយាយ​ថា​សំរាម​នេះ​នឹង​ត្រូវ​បាន​ដុត​នៅ​រោងចក្រ​ប្រែក្លាយ​កាកសំណល់​ទៅ​ថាមពល​។​

​សំរាម​ទាំងនេះ ត្រូវបាន​ដឹក​មក​ចោល​នៅ​ហ្វីលីពីន រវាង​ឆ្នាំ​២០១៣​និង​២០១៤ ដោយ​ក្រុមហ៊ុន​កាណាដា​មួយ​ដែល​ដឹក​សំរាម​ទាំងនេះ ដោយ​បិទ​ស្លាក​សញ្ញា​ក្លែងបន្លំ​ថា​ជា​ជ័រ​ដែល​​អាច​កែច្នៃ​ឡើងវិញ​។​

​សំរាម​ដែល​ដឹក​មក​ចោល​នៅ​ហ្វីលីពីន​នេះ មាន​ចម្រុះ ដូចជា ក្រដាស ជ័រ​ប្លា​ស្ទិក សំណល់​អេឡិចត្រូនិក កាកសំណល់​ពី​ផ្ទះ​និង ខោ​អនាម័យ​កូន​ក្មេង​ជា​ដើម​ទោះបីជា​ច្បាប់​ហ្វីលីពីន​​ហាមឃាត់​ការ​នាំចូល​ជ័រ​ប្លា​ស្ទិក​ចម្រុះ​និង​សំរាម​ចេញពី​ផ្ទះ​ក៏​ដោយ​។​

​សំរាម​មួយចំនួន​ត្រូវបាន​គេ​ដោះស្រាយ​បាន​ដោយ​កែច្នៃ​ឡើងវិញ​នៅ​ប្រទេស​ហ្វីលីពីន ប៉ុន្តែ​ភាគច្រើន​នៃ​សំរាម​នេះ​ត្រូវបាន​ស្តុក​ទុកចោល​នៅក្នុង​កំពង់ផែ​ក្នុងស្រុក​អស់​រយៈពេល​​ជាច្រើន​ឆ្នាំ​។​

​បញ្ហា​នេះ​បាន​ធ្វើឱ្យ​ខូចខាត​ដល់​ទំនាក់ទំនង​ទ្វេភាគី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ប៉ុន្តែ ភាព​តានតឹង​បាន​កើនឡើង​ខ្លាំង​កាលពី​ខែ​មេសា​នៅ​ពេល ប្រធានាធិបតី​ហ្វីលីពីន​ លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​គំរាម​ថា​នឹង​ប្រកាសសង្គ្រាម​ប្រឆាំង​កាណាដា បើសិន​កាណាដា​មិន​ប្រមូលយក​សំរាម​នេះ​ត្រឡប់​ទៅ​វិញ​នោះទេ​៕​ដោយ​៖​សុខា​/sn​

នាវា​ផ្ទុក​កុងតេន័រ​ដាក់​សំ​រាមចំនួន​៦៩​បាន​ចត​នៅ​កំពង់ផែ​មួយ​នៅ​ជាយក្រុង​Vancouver ប្រទេស​កាណាដា​

ទីតាំងផ្សាយពាណិជ្ជកម្ម