​ហេង សំរាំង ចង់ស៊ី​ឡាក ឯ ទេស សំខាន់ តស៊ូ​ដល់​ទឹក​៥ ទាំង​ទក់​សាច់​

748
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ Boodtrong Gold Medal Fighter on Fire លើស​ង្វៀន​អាស៊ីអាគ្នេយ៍ ព្រឹក​ថ្ងៃទី​៣០ មិថុនា អ្នក​ប្រដាល់​កម្ពុជា ២ រូប បាន​ខ្ទាត​ចេញ ពី​ការប្រកួត​ហើយ ។​

​ទេស សំខាន់ ក្លិប​កងពលតូច​លេខ ៧០ ប្រកួត​ចាញ់ អ្នក​ប្រដាល់​អ៊ីរ៉ង់ ហ្គា ហ្វា​រី (Gafari) ដោយ​ពិន្ទុ​ដាច់​តែម្ដង ។ សំខាន់ គេ​បង្ហាញ​ពី​អំណួត​បន្តិច ព្រោះ​គេ​ព្យាយាម សម្រុកចូល​ទៅរក​គូប្រកួត​រហូត តែ​ចូលទៅ​ឲ្យ​គេ​វ៉ៃ តែប៉ុណ្ណោះ ។ ទោះបី​សំខាន់ សម្រុកចូល និង​ផ្លាស់ប្ដូរ​របៀប​វ៉ៃ ក៏ពិតមែន តែ​ការ​វ៉ៃ​ចេញ​របស់ សំខាន់ មិន​ចំ​គោលដៅ​ឡើយ ។​

​នៅ​ចុង​ទឹក​ទី​២ សំខាន់ ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨ បន្ទាប់ពី​ទទួលរង​កណ្ដាប់ដៃ របស់ ហ្គា​ហ្វា​រី ធ្ងន់ៗ មក​នោះ តែ​ស្នូរ​ជួង​បញ្ចប់​ទឹក បាន​សង្គ្រោះ​សំខាន់ ឲ្យ​មានឱកាស បន្ត​ការប្រកួត ទៅ​ទឹក​ទី​៣​ទៀត ។ ៣ ទឹក​ចុងក្រោយ ក៏​មិនមែនជា​ឱកាស របស់ សំខាន់​ដែរ តែ​គឺជា​ឱកាស​របស់ ហ្គា​ហ្វា​រី ព្រោះ​សំខាន់ ទន់​កម្លាំង ឯ ហ្គា​ហ្វា​រី នៅតែ​ខ្លាំង​ដដែល ។ បន្ទាប់ពី​ប្រកួត​ចប់​ទឹក​ទី​៥ សំខាន់ ចាញ់​ហ្គា​ហ្វា​រី ដោយ​ពិន្ទុ ។ ចៅក្រម​ទាំង ៥ សុទ្ធតែ​ផ្ដល់ពិន្ទុ ឲ្យ​ហ្គា​ហ្វា​រី ឈ្នះ​ទាំងអស់គ្នា ។​

​ហេង សំរាំង ក្លិប​ព្រៃទទឹង​កីឡា បានធ្វើ​ពុត​ជា​សន្លប់ បន្ទាប់ពី​អ្នក​ប្រដាល់​ថៃ ឈុ​ក ណាំ​ឆៃ (Chhuok Namchhai) ទាត់​បន្ថែម​មួយ​ជើង ចំ ពោះ នៅ​ទឹក​ទី​២​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ រាជ សូ​ផែន ដែលជា​ស្នងការ​ប្រកួត បាន​ពន្យល់ថា ឈុ​ក ណាំ​ឆៃ ពិត​ជាមាន​កំហុស​មែន តែមួយ​ជើង​នេះ មិន​ដល់​ថ្នាក់ សំរាំង សន្លប់​នោះទេ ហេតុនេះ ទើប​លោក​សម្រេច​ឲ្យ​សំរាំង ចាញ់ ព្រោះ​គេ​បន្លំ​ចង់ស៊ី​ឡាក​។​

​សម្រាប់​ព្រឹត្តិការណ៍​នេះ អ្នកចាញ់ គឺ​ខ្ទាត​ចេញពី​ការប្រកួត ឯ​អ្នកឈ្នះ នឹង​ឡើងទៅ​ប្រកួត​ជុំ​ទី ២ ទៀត ។ ពេលនេះ មាន​អ្នក​ប្រដាល់​កម្ពុជា ៣ រូប ដែល​កក់​កៅអី សម្រាប់​ជុំ​ទី​២ និង ៣ រូប​ទៀត ខ្ទាត​ចេក​ពី​ការប្រកួត ។ ចំពោះ​អ្នក​ប្រដាល់​បរទេស​វិញ គឺ​អ្នក​ប្រដាល់​ថៃ ២ រូប និង អ៊ីរ៉ង់​មួយរូប បាន​កក់​កៅអី សម្រាប់​ជុំ​ទី​២ និង​អ្នក​ប្រដាល់​ថៃ មួយរូប អ៊ីរ៉ង់​មួយរូប និង​ចិន​មួយរូប ខ្ទាត​ចេញពី​ការប្រកួត​ដែរ ។​

​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ខា​រ៉ា​បាវ​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា វៀត ប៊ុន​ឌឿ​ន សមាគម​ប្រដាល់​ក្រសួងការពារជាតិ បាន​ចាញ់ នៅក្នុង​ការប្រកួត ចុងក្រោយ​របស់គេ ទៀតហើយ គឺ​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ ដែន សា​យ៉ា​ម (Den Sayam)​។ មាន​ចៅក្រម តែ​មួយរូប​ប៉ុណ្ណោះ ដែល​ផ្ដល់​ពិន្ទុ ឲ្យ ប៊ុន​ឌឿ​ន ឈ្នះ ឯ ៤ រូប​ទៀត ផ្ដល់​ពិន្ទុ​ឲ្យ ដែន សា​យ៉ា​ម ឈ្នះ គឺ​៤ ទល់​១​។ ៤ ប្រកួត​របស់ ឌឿ​ន ឈ្នះ​បាន ១ ប្រកួត និង​ចាញ់ ៣ ប្រកួត ឯណោះ ។​ចំពោះ ដែន សា​យ៉ា​ម វិញ ៣ ប្រកួត​របស់គេ ឈ្នះ​២​ប្រកួត និង​ចាញ់​២​ប្រកួត ។​

ការប្រកួត​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​

​សុខ សា​វិ​ន ក្លិប​ឆ្មា ស សែន​សុខ នៅក្នុង​ការប្រកួត​ចុងក្រោយ របស់គេ ចាញ់​អ្នក​ប្រដាល់ ផេ​ត ង៉ា​ម (Phat Ngam) ដោយ​ពិន្ទុ ។ ចៅក្រម ៤ រូប ផ្ដល់​ពិន្ទុ​ឲ្យ ផេ​ត ង៉ា​ម ឈ្នះ និង​មានតែ ១ រូប​ប៉ុណ្ណោះ ដែល​ផ្ដល់​ពិន្ទុ ឲ្យ សា​វិ​ន ឈ្នះ ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ៤ ប្រកួត ឈ្នះ ៣ ប្រកួត និង​ចាញ់ ១ ប្រកួត​ដូចគ្នា ពួកគេ​ដឹក​ដៃ​គ្នា ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជាមួយគ្នា​ហើយ​។​

​ចំពោះ​ការប្រកួត​លើស​ង្វៀន Wirkz នា​រសៀល​ថ្ងៃទី​៣០ មិថុនា​នេះដែរ អ្នក​ប្រដាល់​កម្ពុជា ហ៊ឹម គឹម​រៀង មកពី​ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ ស៊ុម ឈី​ត​ឡេ​ក (Sum Chitlek) ដោយ​ពិន្ទុ​ដាច់ ។ ស៊ុម ឈី​ត​ឡេ​ក វ៉ៃ​ល្អ តែ​គេ​ការពារ​ច្រើនជាង​វ៉ៃ នៅពេល​គេ​វ៉ៃ​ចេញ​ម្ដងៗ ចំ​គោលដៅ បានល្អ​ណាស់ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ពេញ​ទាំង ៥ ទឹកតែ​ម្ដង ។​

​អេ​លី​ត ចំរើន ក្លិប​ឆ្មា ស សែន​សុខ បាន​ប្រើ​ជើង​ទាត់ អ្នក​ប្រដាល់​ថៃ អុ​ប សៃ (Op Sai) បណ្ដាល​ឲ្យ​ខូចដៃ​ស្ដាំ មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​២ ។ ចំរើន ដែលមាន​ជើងឆ្វេង ធ្ងន់​នោះ បាន​ព្យាយាម ទាត់​សម្រុក​មកលើ អុ​ប សៃ តែ​អ្នក​ប្រដាល់​ថៃ​រូបនេះ ព្យាយាម លើក​ដើ​ស្ដាំ​រង និង​ប្រើ​កណ្ដាប់ដៃ វាយ​សង​វិញ ដោយ​គ្មាន​ញញើត​ដែរ ។ នៅ​ទឹក​ទី​១ កណ្ដាប់ដៃ អុ​ប សៃ វ៉ៃ​ចំ​គោលដៅ បានល្អ​ច្រើន តែ​នៅ​ទឹក​ទី​២ ដៃ​គេ​មាន​បញ្ហា មិនអាច​ប្រកួត​បន្ត​បានឡើយ​។​

​ការប្រកួត​លើស​ង្វៀន អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion នាពេល​យប់​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា រិ​ន សារ​ដ្ឋ ក្លិប​ទីបញ្ជាការដ្ឋាន កងទ័ពជើងគោក ប្រកួត​ឈ្នះ អ្នក​ប្រដាល់​ថៃ ស៊ី​ង ថង (Sing Thong) ដោយ​ពិន្ទុ ។ ការប្រកួត រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ មាន​លក្ខណៈ​តឹងតែង ខ្លាំង​គ្រាន់បើ ។ សារ​ដ្ឋ វ៉ៃ​ចេញ​ច្រើន ហើយក៏​ចំ​គោលដៅ បាន​ច្រើន​ដែរ ។ ស៊ី​ង ថង វ៉ៃ​ចេញ​មួយៗ​មែន តែ​ចំ​គោលដៅ​បានល្អ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ស្ថិតិ​នៃ​ការ​វ៉ៃ​ចំ​គោលដៅ សារ​ដ្ឋ មាន​តួលេខ ខ្ពស់ជាង ។​

​លន បញ្ញា មកពី​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ ផាន ផា​យ៉ាក់ (Phan Phayak) ដោយ​ពិន្ទុ​ដាច់ ។ ផាន ផា​យ៉ាក់ ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ ចំនួន ២ លើក គឺ​នៅ​ទឹក​ទី​៣ និង​ទឹក​ទី​៤ បន្ទាប់ពី​ត្រូវ​កែង​ដ៏​ធ្ងន់ៗ របស់ បញ្ញា មក​នោះ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​ត្រូវ ឃុន ឌី​ម៉ា ក្លិប​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ផ្ដួល​នៅ​ទឹក​ទី​៤ ម្ដង​រួច មកហើយៗ លើក​ទី​២​នេះ គេ​ជួប​បរាជ័យ​ម្ដងទៀត ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម